38 C
Phnom Penh

តៃវ៉ាន់ពង្រាយរ៉ុកកែតនៅសមុទ្រចិនខាងត្បូង ខណៈយន្ដហោះដ្រូនរបស់ចិនហោះក្បែរដែនកោះតៃវ៉ាន់ចំណែកវៀតណាមធ្វើសមយុទ្ធ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តៃវ៉ាន់បានដាក់ពង្រាយរួចហើយនូវគ្រាប់រ៉ុកកែតជិត ៣រយ ដើមនៅលើកោះប្រាតាស និងកោះតៃពីង នៅក្នុងដែនសមុទ្រចិនខាងត្បូង ដែលទីក្រុងតៃប៉ិអះអាងថា វាជាការឆ្លើយតបនៅមហិច្ឆតារបស់កងទ័ពចិន ដែលមានផែនការ លុកលុយដែនកោះរបស់កោះតៃវ៉ាន់ ទាំងពីរនេះ។

សេចក្ដីរាយការណ៍របស់សារព័ត៌មានតៃវ៉ាន់ the Taiwan news ដែលបានចុះផ្សាយកាលពីថ្ងៃទី៧ ខែមេសា ឲ្យដឹងថា កាសែតរបស់តៃវ៉ាន់នេះបានបញ្ជាក់ទៀតថា ចាប់តាំងពីឆ្នាំ ២០០២មក រដ្ឋបាលឆ្មាំសមុទ្រតៃវ៉ាន់តែងតែបញ្ជូនទ័ពរបស់ខ្លួនទៅដាក់ពង្រាយនៅលើកោះទាំងពីរនេះហើយពេលនេះនៅលើកោះទាំងពីរនេះមានកងទ័ពតៃវ៉ាន់រហូតដល់ទៅ២០០នាក់គឺសុទ្ធសឹងតែជាកងទ័ពម៉ារីនដែលបានហាត់ហ្វឹកហ្វឺនយ៉ាងជំនាញក្នុងការប្រយុទ្ធដើម្បីការពារដែនអធិបតេយ្យរបស់ខ្លួន។

ទោះជាយ៉ាងនេះក្ដី តៃវ៉ាន់មានកោះមួយទៀត មានឈ្មោះថា តុងហ្សា ក៏ត្រូវបានតៃវ៉ាន់ដាក់ពង្រាយកងទ័ព ម៉ារីនរបស់ខ្លួន រួចទៅហើយដែរ អមទៅដោយគ្រាប់រ៉ុកកែត ១៦៨ ដើមនៅទីនោះ។

ប្រភពដដែលនេះបានស្រង់សេចក្ដីថ្លែងការណ៍របស់ក្រសួងការពារជាតិតៃវ៉ាន់មកចុះផ្សាយថា ការដែលតៃវ៉ាន់បញ្ចេញសព្វាវុធរបស់ខ្លួនទៅកាន់កោះរបស់តៃវ៉ាន់ នៅសមុទ្រចិនខាងត្បូងនោះមិនមែនមានន័យថាចង់បង្កសង្គ្រាមជាមួយប្រទេសណាមួយនោះទេ។ ប៉ុន្ដែជាបុព្វហេតុតែមួយគត់ គឺការពារដែនកោះតៃវ៉ាន់តែប៉ុណ្ណោះ។

តៃវ៉ាន់ និងចិនគឺជាសាច់ឈាមនឹងគ្នា។ ដែនដីពីរនេះបែកបាក់គ្នាដោយសារសង្គ្រាមស៊ីវិលនៅឆ្នាំ១៩៤៩។ រដ្ឋាភិបាលតៃវ៉ាន់បច្ចុប្បន្ននេះ គឺជាកេរតំណែលនៃរដ្ឋាភិបាលចិន មុនឆ្នាំ១៩៤៩ ។

តៃវ៉ាន់ មិនត្រឹមតែកំពុងរងការគំរាមកំហែងលើកោះរបស់ខ្លួននៅសមុទ្រចិនខាងត្បូងនោះទេ គឺសូម្បីតែដែនកោះតៃវ៉ាន់ ទាំងមូលក៏កំពុងធ្លាក់ក្នុងការរុលទៅរកសង្គ្រាម ដែលគេហៅថាសង្គ្រាមកាន់កាប់លុកលុយពីសំណាក់កងទ័ពចិន។

ចិនជាមហាយក្សនៅអាស៊ី ហើយប្រទេសដ៏ធំនេះបានធ្វើសមយុទ្ធទ័ពជើងទឹក ទ័ពអាកាស និង ទ័ពជើងគោក ជាញឹកញាប់ដែលត្រូវបានមើលឃើញថា សមយុទ្ធរបស់ចិន គឺពិតណាស់គំរាមកំហែងដែនកោះតៃវ៉ាន់ព្រោះតែចិនប្រកាសប្រាប់ពិភពលោកថា កោះតៃវ់ាន់គឺជាដែនដីនៃខេត្តមួយ របស់ចិន ហើយតៃវ៉ាន់ពុំអាច ក្លាយជារដ្ឋឯករាជ្យមួយបានឡើយ។

ទីក្រុងប៉េកាំងព្រមានថា ថ្ងៃណាមួយខ្លួនគេនឹងយកកោះតៃវ៉ាន់មកនៅស្ថិតក្នុងការគ្រប់គ្រងរបស់ខ្លួនវិញ ទោះជាក្រោមហេតុផលនៃការធ្វើ សង្គ្រាមក៏ដោយ។ តៃវ៉ាន់ដែលមានប្រជាជនជាង២៣លាននាក់នោះបានប្រកាសថាសុទ្ធចិត្តកាន់អាវុធ ធ្វើសង្គ្រាមជាមួយនឹងប្រទេសធំសាច់ឈាមខ្លួនឯង បើសង្គ្រាមធ្លាក់មកដល់។

រដ្ឋមន្រ្ដីការបរទេសតៃវ៉ាន់ Joseph Wu បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី៧មេសាថា តៃវ៉ាន់សច្ចាហើយថា ប្រយុទ្ធជាមួយអ្នកឈ្លានពានរហូតដល់ថ្ងៃចុងក្រោយ។ ប្រមុខការទូតតៃវ៉ាន់រូបនេះបានថ្លែងទៀតថា តៃវ៉ាន់រងការឈឺចាប់ធ្វើទុក្ខបុកម្នេញគឺគ្រប់គ្រាន់ទៅហើយ។

តែបែបណា តៃវ៉ាន់ទំនងដឹងថា សហរដ្ឋអាមេរិកនៅតែជាខ្នងបង្អែករបស់ខ្លួនជានិច្ច។ ដូចនេះហើយតៃវ៉ាន់នៅតែតាំងចិត្តថា សហរដ្ឋអាមេរិកច្បាស់ ជាជួយតៃវ៉ាន់ បើតៃវ៉ាន់ ធ្លាក់ក្នុងសង្គ្រាមជាមួយនឹងប្រទេសចិន។ ការពិតគឺដូចនេះមែន អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក Ned Price បានធ្វើសេចក្ដីថ្លែងការណ៍របស់លោកភ្លាមពីទីក្រុងវ៉ាស៊ិនតោនដោយអះអាងថាទំនាក់ទំនងអាមេរិកនិងតៃវ៉ាន់ គឺនៅតែរឹងមាំ។

សហរដ្ឋអាមេរិកនៅតែទទួលស្គាល់ តៃវ៉ាន់ជាសម្ព័ន្ធមិត្តរបស់ខ្លួនគឺដូចមានក្នុងសន្ធិសញ្ញាឆ្នាំ១៩៧៤ ដែលផ្ដល់ឱ្យសិទ្ធិសហរដ្ឋអាមេរិកជួយតៃវ៉ាន់គ្រប់កាលៈទេសៈទាំងអស់។

នៅខណៈដែលអ្នកនាំពាក្យអាមេរិក ចេញសេចក្ដីថ្លែងការណ៍ដូចនេះ គឺ នាវាចម្បាំងរបស់អាមេរិកមួយគ្រឿង USS John Mccain បានបើកភ្លាមៗ ក្រឡឹងដែនកោះតៃវ៉ាន់ ដែលធ្វើឱ្យចិនច្រឡោតខឹងយ៉ាងខ្លាំងហើយវាយប្រហារអាមេរិកថា ជាប្រទេសនៅខាងក្រៅតំបន់តែព្យាយាម បង្កប្រទូស្ដរាយ ក្នុងតំបន់អ្នកដទៃ។

ឥលូវនេះសេចក្ដីរាយការណ៍មួយទៀតពីប្រភពព័ត៌មានមួយពីប្រទេសវៀតណាមបានឱ្យដឹងថា វៀតណាមកំពុងបើកធ្វើសមយុទ្ធនាវាជើងទឹករបស់ខ្លួននៅសមុទ្រចិនខាងត្បូងហើយការធ្វើសមយុទ្ធនេះមានឧទ្ធម្ភាគចក្របាញ់កម្ទេចនាវាមុជទឹកក៏ចូលរួមធ្វើផងដែរ។

សារព័ត៌មាន VN Express International បានចុះផ្សាយថា នាវាពិឃាតរបស់វៀតណាម Quang Trung ១៦ បំពាក់ដោយរ៉ុកកែតកំពុងបើកធ្វើសមយុទ្ធជាមួយនឹង នាវាចម្បាំងជាច្រើនទៀត ហើយមានឧទ្ធម្ភាគចក្រផងដែរ គឺនៅប្រជុំកោះស្ព្រាតលី និងប៉ារ៉ាហ្សែលដែលទីក្រុងហាណូយអះអាងថាជាដែនទឹករបស់ខ្លួន។

ការដែលវៀតណាមធ្វើសមយុទ្ធនៅពេលនេះ ត្រូវបានអ្នកសង្កេតការណ៍មើលឃើញថា ដូចជាការប្រកាសអាសន្នមួយព្រោះតែភ័យខ្លាចកោះរបស់ខ្លួនអាចនឹងបាត់បង់ថែមទៀត ទៅកាន់ប្រទេសចិនហើយម្យ៉ាងទៀតការធ្វើសមយុទ្ធរបស់វៀតណាម ក៏កើតឡើងបន្ទាប់ពីប្រទេសហ្វីលីពីនតវ៉ាឱ្យប្រទេសចិនដកនាវាល្បាតរបស់ចិនចេញពីដែនទឹករបស់ខ្លួនប៉ុន្ដែចិនអះអាងថា ទីនោះជាដែនទឹករបស់ចិនតាំង        ពីបុរាណកាលមក។

ក្នុងស្ថានភាពបែបនេះ វៀតណាមដែលធ្លាប់បាត់កោះមួយចំនួនទៅចិនហើយនោះ បានអះអាងថា ខ្លួនបញ្ចេញនាវាជើងទឹកធ្វើសមយុទ្ធនេះគឺដើម្បីការពារដែនកោះនិងដែនទឹករបស់ខ្លួនតែប៉ុណ្ណោះ គឺពុំមានមហិច្ឆតាគំរាមកំហែងប្រទេសណាមួយនោះទេ។
សេចក្ដីរាយការន៍របស់VN Expressបានចុះផ្សាយថា ការធ្វើសមយុទ្ធរបស់ទ័ពជើងទឹកវៀតណាមមានកងទ័ពជាង២០០នាក់ ។ ប៉ុន្ដែវៀតណាមខ្លួនគេផ្ទាល់ដែលបញ្ចេញសាច់ដុំផ្នែកកងទ័ពរបស់ខ្លួនក៏ត្រូវបានមើលឃើញថា អាងអាមេរិកនៅពីក្រោយផងដែរព្រោះអាមេរិកនិងវៀតណាមទោះបីជាអតីតសត្រូវនឹងគ្នាក៏ដោយតែពេលនេះបានក្លាយជាមិត្តនឹងគ្នាដ៏ស្និទ្ធស្នាល។

កាលពីចុងឆ្នាំ២០២០ ទីក្រុងហាណូយនិងទីក្រុងវ៉ាស៊ីនតុន បានឈានដល់កិច្ចព្រមព្រៀងមួយ គឺការទិញអាវុធពីសហរដ្ឋអាមេរិក ជាមួយនឹងការជួយការពាររបស់អាមេរិកអំពីដែនទឹករបស់វៀតណាមនៅសមុទ្រចិនខាងត្បូងនិងការពារទូកនេសាទរបស់វៀតណាមទៀតផង។ ឥឡូវនេះនាវាចម្បាំងរបស់អាមេរិកក៏មាននៅក្នុងដែនទឹកវៀតណាមនៅសមុទ្រចិនខាងត្បូងផងដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស