ពលរដ្ឋជិត ៣រយគ្រួសារ រស់នៅស្រុកពារាំង ខេត្តព្រៃវែង បានចោទអាជ្ញាធរថា បានឃុបឃិតជាមួយឈ្មួញដី លួចបន្លំធ្វើឯកសារក្លែងក្លាយ លក់បរិវេណដីព្រៃលិចទឹក ដែលជាជម្រកត្រីពងកូន ជាពិសេសជាប្រភពទឹក ដែលពលរដ្ឋប្រើប្រាស់ ទៅឲ្យឈ្មួញដោយស្ងាត់ៗ។
ពលរដ្ឋរស់នៅភូមិត្រកៀត ឃុំរកា ដែលបានផ្ដិតមេដៃសុំទាមទាររក្សាដី មេទឹកវាលស្រែភ្ជាប់ ចុះថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ ដាក់ជូនលោក ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង ឲ្យជួយអន្តរាគមន៍ទប់ស្កាត់សកម្មភាព ឈ្មួញដែលបានឈូសឆាយដីព្រៃលិចទឹក និងធ្វើរបងហ៊ុមព័ទ្ធ រំលោភយកដីសាធារណៈរបស់រដ្ឋ ដែលពលរដ្ឋកំពុងប្រើប្រាស់ឲ្យបានគង់វង្ស និងទាន់ពេលវេលា។
យោងតាមសំណើ របស់ឈ្មោះ អ៊ុក រដ្ឋា ដោយមានហត្ថលេខាឯកភាពពី លោកមេភូមិត្រកៀត និងមេភូមិរកា ចុះថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ និងលិខិតលក់ទិញ ចេញដោយលោកមេឃុំរកា និងភ្ជាប់ដោយគំនូសបង្ហាញទីតាំងដីមានផ្ទៃដីទំហំជាង ២រយហិកតារ បានស្នើសុំហ៊ុមព័ទ្ធព្រំដី ឈូសឆាយដីព្រៃលិចទឹក ជីកក្រវាត់ដីកម្មសិទ្ធិ និងស្ការប្រឡាយមេទឹក ក្នុងទីតាំងខាងលើ ដើម្បីកំណត់ទីតាំងដីកម្មសិទ្ធិ របស់ខ្លួន ឲ្យបានច្បាស់លាស់ ទុកសម្រាប់បង្កបង្កើនផលនៅថ្ងៃខាង មុខ។
យ៉ាងហោចណាស់ មានពលរដ្ឋជិត ៣រយគ្រួសារ រស់នៅឃុំរកា បានចោទបុគ្គលឈ្មោះ អ៊ុក រដ្ឋា ថា បានឃុបឃិតជាមួយបុគ្គលខ្លះ ជាថ្នាក់ដឹកនាំភូមិ-ឃុំ និងអភិបាលស្រុកពារាំង ជាដើម បានក្លែងឯកសារយកឈ្មោះ របស់ពលរដ្ឋ ដែលពលរដ្ឋមួយចំនួនបានស្លាប់ និងខ្លះទៀតមានវ័យជរាជាដើម ទៅបន្លំលើឯកសារ ទិញលក់ដីព្រៃលិចទឹកនៅមូលដ្ឋាននេះ ទាំងម្ចាស់ខ្លួន ឬពលរដ្ឋទាំងនោះមិនបានដឹងខ្លួនសោះ។
ពលរដ្ឋ អះអាងថា ពួកគាត់ក៏ធ្លាប់បានដាក់បណ្តឹងតវ៉ា ទៅកាន់អាជ្ញាធរមូលដ្ឋានភូមិ-ឃុំ-ស្រុក ជាបន្តបន្ទាប់រួចមកហើយ ប៉ុន្តែមន្ត្រីទាំងនោះមិនដែលជួយឈឺឆ្អាល នឹងកង្វល់របស់ពួកគាត់នោះឡើយ។
ផ្ទុយទៅវិញ ថែមទាំងបានប្រើកម្លាំងកងរាជអាវុធហត្ថស្រុកពារាំង មកគម្រាមពលរដ្ឋ ដែលចេញមុខតវ៉ាថែមទៀតផង។ ជាងនេះទៀត ទាំងអាជ្ញាធរភូមិ-ឃុំ ជាពិសេស លោក ហ៊ី ធួក អភិបាលស្រុកពារាំង ហាក់មានចេតនាគាំទ្រសកម្មភាព របស់ភាគីក្រុមហ៊ុន ឬឧកញ៉ាមានទ្រព្យទាំងនោះ ឲ្យមកបំផ្លាញធនធានធម្មជាតិ ដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ យ៉ាងអនាធិបតេយ្យទៅវិញ។
ក្រុមប្រជាពលរដ្ឋរាប់រយគ្រួសារ បានសំណូមពរដល់ លោក ហ៊ុន សែន ជួយមានវិធានការទប់ស្កាត់ និងបញ្ជូនមន្ត្រីចុះសើបអង្កេត ទៅលើសកម្មភាពជីកប្រឡាយហ៊ុមព័ទ្ធព្រៃលិចទឹក និងការឈូសឆាយបំផ្លាញមេទឹក ដែលជាជម្រកត្រីពងកូន និងជាប្រភពទឹកដ៏សំខាន់ សម្រាប់ពលរដ្ឋប្រើប្រាស់ស្រោចស្រប់ ផលដំណាំកសិកម្មគ្រប់ជំនាន់ នៅមូលដ្ឋានឃុំរកា ស្រុកពារាំង ឲ្យបានឆាប់ដោយអនុគ្រោះផង។
ពលរដ្ឋថា បច្ចុប្បន្ននេះ បុគ្គលជាឈ្មួញដី ដែលពួកគាត់មិនស្គាល់ឈ្មោះ បាននាំយកគ្រឿងចក្រជាច្រើនគ្រឿង មកឈូសបំផ្លាញដីព្រៃលិចទឹក និងបំផ្លាញប្រភពទឹក រំលោភធ្វើកម្មសិទ្ធិយ៉ាងអនាធិបតេយ្យ ដោយគ្មានអាជ្ញាធរភូមិ-ឃុំ រួមទាំងលោក ហ៊ី ធួក អភិបាលស្រុកពារាំង ផង ក៏មិនរវល់អើពើពីកង្វល់ពលរដ្ឋដែរ។
សារព័ត៌មាន The Cambodia Daily នៅមិនទាន់អាចមានប្រភពទាក់ទង លោក ហ៊ី ធួក អភិបាលស្រុកពារាំង ដើម្បីបំភ្លឺជុំវិញកង្វល់ របស់ប្រជាពលរដ្ឋរស់នៅឃុំរកា បានទេនៅថ្ងៃសុក្រ ទី០៩ ខែមេសា ឆ្នាំ២០២១នេះ។ ខណៈ លោក ជា សុមេធិ អភិបាលខេត្តព្រៃវែង ក៏មិនទាន់អាចទាក់ទង ដើម្បីបំភ្លឺបាននៅឡើយដែរ៕