41.3 C
Phnom Penh

មន្ត្រីរដ្ឋាភិបាលថា មន្ត្រីរាជការតម្រង់ជួរចាក់វ៉ាក់សាំងក្រោយការគម្រាមរបស់នាយករដ្ឋមន្ត្រី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីក្នុងជួររដ្ឋាភិបាល បានអះអាងនៅថ្ងៃនេះថា យុទ្ធនាការចាក់វ៉ាក់សាំងនៅខណ្ឌទូទាំងប្រទេស កំពុងផុសផុលយ៉ាងខ្លាំងក្រោយការព្រមានរបស់ប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន ដកដំណែង ឬតួនាទីមន្រ្តីរាជការរួចមក។

មន្ត្រីដដែលបានប្រាប់សារព័ត៌មាន The Cambodia Daily ក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា មន្ត្រីរាជការតាមស្ថាប័នក្រសួងនានា បានសម្រុកទៅចាក់វ៉ាក់សាំងយ៉ាងប្រញាប់ប្រញាល់ និងតាមដានយ៉ាងស្អិត ពីមន្ត្រីដែលជាថ្នាក់ដឹកនាំតាមស្ថាប័ន និងអង្គភាពតាំងពីក្រសួង រហូតដល់ថ្នាក់មូលដ្ឋាន។ ជាងនេះទៀត នៅតាមទីតាំងចាក់ថ្នាំបង្ការជំងឺ Covid-19 គឺមានមន្ត្រីតាមក្រសួងនីមួយៗរង់ចាំកត់ឈ្មោះ ស្រង់ទិន្នន័យតាមអង្គភាពក្នុងមូលដ្ឋានរៀងខ្លួនដើម្បីដាក់របាយការណ៍បញ្ជូនទៅថ្នាក់លើតាមបទបញ្ជា។

ប្រភពដដែលបញ្ជាក់ថា តាមវិធានការនេះ មន្ត្រីដែលមិនចង់ចាក់វ៉ាក់សាំងតាមគោលការណ៍ស្ម័គ្រចិត្តកន្លងមក គឺគ្មានជម្រើសនោះទេ ពួកគាត់ត្រូវតែចាក់វ៉ាក់សាំងជាដាច់ខាត ប្រសិនបើពួកគេមិនស្ថិតលក្ខខណ្ឌបុគ្គលដែលមិនត្រូវចាក់ថ្នាំបង្ការនេះដូចដែលក្រសួងសុខាភិបាលបានជូនដំណឹងទេនោះ។

ការអះអាងនេះធ្វើឡើងបន្ទាប់ពីប្រមុខរដ្ឋាភិបាលកម្ពុជាបានព្រមានធ្ងន់ៗទៅកាន់មន្ត្រីរាជការសាធារណៈ ដែលមានបំណងមិនចាក់វ៉ាក់សាំងតាមគោលការណ៍ស្ម័គ្រចិត្ត ដែលរដ្ឋាភិបាលបានប្រកាសកន្លង  មក។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានកាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ ថា នឹងដកចេញពីតំណែង ចំពោះមន្ត្រីដែលមានបំណងគេចវេស ពីការចាក់វ៉ាក់សាំងតាមការណែនាំ របស់រដ្ឋាភិបាលនាពេលកន្លងមក។

អ្នកវិភាគនយបាយសង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា នយោបាយបង្ខំរបស់លោក ហ៊ុន សែន ឲ្យមន្ត្រីរាជការ ចាក់វ៉ាក់សាំងចិន គឺជាវិធីប្រើប្រាស់សុខភាពមន្ត្រីរាជការ និងពលរដ្ឋខ្មែរ ដើម្បីដោះដូរទំនាក់ទំនងល្អជាមួយកុម្មុយនិស្តចិន ប៉ុណ្ណោះ។

លោកអះអាងថា អ្នកដែលដឹងច្បាស់ថា វ៉ាក់សាំងចិន មានគុណភាពទាបនោះ គឺលោក ហ៊ុន សែន ផ្ទាល់តែម្តង ដូច្នេះទើបគាត់ និងភរិយាជ្រើសរើសចាក់វ៉ាក់សាំង អាស្ត្រាសេណេកា របស់អង់គ្លេសជំនួសវិញ។

លោកថា លោក ហ៊ុន សែន មិនរួញរានឹងធ្វើរឿងខ្មៅងងឹតនេះទេ ព្រោះវាខែលការពារអំណាចរបស់គាត់ ស្ថិតនៅក្នុងដៃរបស់រដ្ឋាភិបាលចិន មួយភាគធំទៅហើយ។

លោក គឹម សុខ បញ្ជាក់ថា ការបង្ខិតបង្ខំឲ្យចាក់វ៉ាក់សាំងនេះ ធ្វើឲ្យមន្ត្រីរាជការ និងពលរដ្ឋខ្មែរ ដែលធ្លាប់ជឿលើគាត់ខ្លះៗកន្លងមក បានដកចិត្តទៅវិញ ព្រោះពួកគេដឹងថា លោក ហ៊ុន សែន ជាអ្នកដឹកនាំដែលអន់បំផុត អគុណធម៌បំផុត និងអមនុស្សធម៌បំផុត ដែលយកពលរដ្ឋធ្វើជាឧបករណ៍ ដោះដូរយកអំណាចផ្ទាល់ខ្លួន។

ប៉ុន្តែមានមតិខ្លះក៏បានលើកឡើងដែរថា ការប្រើប្រាស់វ៉ាក់សាំងចិនក្នុងកាលៈទេសៈនេះគឺជាជម្រើស ល្អដែរ ដើម្បីហានិភ័យនៃការឆ្លងវីរុសកូវីដ១៩ និងស្របពេលដែលកម្ពុជាមានការកើនឡើងខ្លាំងនៃជម្ងឺឆ្លងជាសកលមួយនេះ។              

រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈលោក ព្រំ សុខា បានចេញលិខិតកាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ជំរុញឲ្យក្រសួងស្ថាប័នគ្រប់ជាន់ថ្នាក់ស្រង់ឈ្មោះមន្ត្រីជរាជការពេញសិទ្ធិ និងមន្ត្រីកិច្ចសន្យាទាំងអស់ដែលមិនទាន់បានចាក់វ៉ាក់សាំងបញ្ជូនទៅក្រសួងជាបន្ទាន់ ក្រោមហេតុធ្វើតាមការណែនាំរបស់រដ្ឋាភិបាល៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស