38 C
Phnom Penh

ប្រេសិតអគ្គលេខាធិការអង្គការសហប្រជាជាតិចាប់ផ្ដើមធ្វើដំណើរមកកាន់ប្រទេសថៃដើម្បីរកមធ្យោបាយ ចូលប្រទេសភូមា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រេសិត ពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ Christine Schraner Burgener ត្រូវបានរាយការណ៍មកថា អ្នកស្រីចាប់ផ្ដើម ធ្វើដំណើរមកកាន់តំបន់អាស៊ីអាគ្នេយ៍ហើយនៅក្នុងសប្ដាហ៍នេះ គឺអ្នកស្រីត្រូវមកដល់ទីក្រុងបាងកក ហើយក៏ត្រូវចេញទៅកាន់ទីក្រុងប៉េកាំងទៀតដើម្បីជួប មន្រ្ដីប្រទេសចិនគឺចង់ឱ្យមន្រ្ដីប្រទេសចិនជួយសម្របសម្រួលឱ្យមានវត្តមានរបស់អ្នកស្រីចូលទៅក្នុងប្រទេសភូមា។

សារព័ត៌មាន Mizzima របស់ភូមា បានចុះផ្សាយនៅថ្ងៃទី៩ ខែមេសានេះថា ប្រេសិតរូបនេះ ត្រូវរកមធ្យោបាយចូលប្រទេសភូមាឱ្យបានក្នុងសប្ដាហ៍នេះ ហើយអ្នកស្រីមានផែនការជួបអ្នកស្រី អ៊ុងសាន ស៊ូជី និងប្រធានាធិបតី U Win Myint។

ប៉ុន្ដែមេដឹកនាំភូមាទាំងពីរ រូបនេះ កំពុងត្រូវបានពួកយោធាឃុំខ្លួន។ មកដល់ពេលនេះ ពុំទាន់ដឹងថា ពួកយោធាភូមាបើកភ្លើងខៀវឱ្យអ្នកស្រី Burgener ចូលទៅប្រទេសភូមា ឬយ៉ាងណានោះទេ។

អ្នកនាំពាក្យ អង្គការសហប្រជាជាតិ Stephane Dujarric បាននិយាយថា  ពួកយោធាបានទទួលដំណឹងហើយថា លអ្នកស្រីBurgener មកកាន់តំបន់អាស៊ីអាគ្នេយ៍ ហើយមានផែនការជួបនឹងលោកស្រី អ៊ុងសានស៊ូជី ប្រធានាធិបតី U Win Myintរួមទាំងមេដឹកនាំយោធាទៀតផង។

តាមអ្នកនាំពាក្យ Dujarric គឺអ្នកស្រី Burgener បានព្យាយាមលើកទូរស័ព្ទទៅកាន់ពួកយោធាច្រើនដងមកហើយ ដោយរួមទាំងបញ្ជូនលិខិតរបស់អ្នកស្រីទៀតផង ប៉ុន្តែពួកយោធា ពុំបានឆ្លើយតបអ្វីនោះទេ។ តែបែបនេះក្ដី អ្នកនាំពាក្យរូបនេះថា ការធ្វើដំណើរទៅកាន់ប្រទេសភូមា របស់អ្នកស្រី Burgener បានទទួលការគាំទ្រគ្រប់គ្រាន់អស់ហើយពីក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ ។

ក្រុមប្រឹក្សានេះបានយល់ព្រមឱ្យអ្នកស្រីជួបមេដឹកនាំភូមា ដែលជាប់ពាក់ព័ន្ធជាពិសេស អ្នកស្រី អ៊ុងសានស៊ូជី ប្រធានាធិបតី U Win Myint។ និងឧត្តមសេនីយ៍មីនអ៊ុងឡាំង។

ជាមួយគ្នានេះ អ្នកស្រី Burgenerដែលធ្វើដំណើរមកកាន់ប្រជាជាតិអាស៊ីអាគ្នេយ៍ គឺអ្នកស្រីមានផែនការជួបនឹងមេដឹកនាំអាស៊ាន មួយចំនួន ហើយនឹងមន្រ្ដីជាន់ខ្ពស់នៃប្រទេសចិន។

ប៉ុន្ដែប្រភពរបស់អ្នកការទូតម្នាក់បាននិយាយថា លោកស្រី Burgenerនឹងមិនជួបមន្រ្ដីកម្ពុជា ឡាវ ថៃនោះទេគឺលោកស្រីមានផែនការជួបតែប្រទេសណាដើរតួនាទីសំខាន់និងមានឥទ្ធិពលប៉ុណ្ណោះសម្រាប់ប្រទេសភូមា។

នៅពេលដែលទទួលដំណឹងថា ប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ អ្នកស្រី Burgener កំពុងមកកាន់តំបន់អាស៊ីអាគ្នេយ៍ក្នុងសប្ដាហ៍នេះគឺនៅក្នុងប្រទេសភូមាឯណោះវិញ សេចក្ដីរាយការណ៍របស់ វិទ្យុសំឡេង សហរដ្ឋអាមេរិក ផ្សាយជាភាសាភូមាបានចុះផ្សាយថា បាតុករបានចាប់ផ្ដើមចុះតាមដងផ្លូវធ្វើបាតុកម្មទៀតហើយគឺនៅទូទាំងប្រទេស។

សេចក្ដីរាយការណ៍របស់ប្រភពដដែលនេះបានបញ្ជាក់ថា បាតុករមកពីសមាគមគ្រូបង្រៀន និស្សិត បញ្ញវន្ដ វិស្វករ កម្មករ និងអ្នកមានមុខរបរផ្សេងៗទៀត រួមទាំងមន្រ្ដីរដ្ឋការផងដែរដោយបានដើរតាមដងផ្លូវធំៗរបស់ទីក្រុងនៃប្រទេសភូមា។ តាមប្រភពដដែលនេះទៀត គឺបាតុករ បានដុតរដ្ឋធម្មនុញ្ញរបស់ពួកយោធានៅតាមដងផ្លូវ។ និយាយអំពីក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ និង សហគមន៍អន្ដរជាតិ នៅថ្ងៃនេះ ក្រុមប្រឹក្សាសន្ដិសុខនឹងកំណត់បើកកិច្ចប្រជុំមួយលើកទៀតអំពីប្រទេសភូមា។

កិច្ចប្រជុំលើកនេះគឺជាដំណាក់កាលទី៥។ កិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្ដិសុខរយៈពេល៤លើកមកនេះ ពុំបានធ្វើសេចក្ដីសម្រេចរួម ណាមួយ ដាក់ចេញវិធានការណ៍ជាក់ស្ដែងទៅលើរបបរដ្ឋប្រហារនៅប្រទេសភូមានោះទេ។ ការខកខានត្រូវបានមើលឃើញថា ដោយសារតែមានការជំទាស់ពីប្រទេសចិន និងរុស្ស៊ី ដែលជាសមាជិកអចិន្រ្ដៃយ៍មានសិទ្ធិអំណាចធ្វើសេចក្ដីសម្រេចក្នុងការរាំងខ្ទប់ដំណោះស្រាយណាមួយដែលមិនឱ្យចូលជាធរមាន។

បែបណាក៏ដោយ ប្រទេសអង់គ្លេស សហរដ្ឋអាមេរិក បារាំង នៅតែព្យាយាមឱ្យមានកិច្ចប្រជុំរបស់ក្រុមប្រឹក្សានេះជាញឹកញាប់។ សហរដ្ឋអាមេរិក អង់គ្លេស សហភាពអឺរ៉ុប កាណាដា បានដាក់ទណ្ឌកម្មទៅលើពួកយោធាភូមាដែលក្នុងនោះរួមមាន ការបង្កកទ្រព្យសម្បត្តិ របស់ក្រុមហ៊ុនរបស់ពួកយោធាភូមាដែលមាននៅអឺរ៉ុប និង សហរដ្ឋអាមេរិក។

ករណីប្រទេសភូមានេះបានកំពុងក្លាយជាសំណុំរឿងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។

ក្រុមសិទ្ធិមនុស្សហៅថាអាជ្ញាធរភូមាបានកំពុងប្រព្រឹត្តអំពើព្រៃផ្សៃ យុងឃ្នង ដែលជម្រុញឱ្យក្រុមរដ្ឋអាជ្ញានិង អ្នកស៊ើបអង្កេតនៃក្រុមអង្គការសហប្រជាជាតិ សហការជាមួយ ប្រជាជនភូមាបញ្ជូន ភស្តុតាងទៅក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិរួចដាក់ទៅ តុលាការ ឧក្រិដ្ឋកម្មសង្រ្គាមអន្តរជាតិ ICC នៅពេលខាងមុខនេះ។

គណៈកម្មាធិការតំណាងសភាសហភាព ហៅកាត់ថា CRPH ដែលជាក្រុមសមាជិកសភាភូមាជាប់ឆ្នោត បានប្រកាសថាខ្លួនបានប្រមូលបានភស្តុតាងជាសរុប ចំនួន ១៨ម៉ឺនច្បាប់ ពីសាក្សីឃើញនឹងភ្នែក និងពីគ្រប់មជ្ឈដ្ឋាន ពាក់ព័ន្ធរួមទាំងជនរងគ្រោះផ្ទាល់ទៀតហើយភស្តុតាងមានជា វិដេអូ និងមានទាំងរូបថតសន្លឹក ទៀតផង នូវរាល់សកម្មភាពរបស់ពួកយោធាប្រព្រឹត្តអំពើយ៉ង់ឃ្នងបាញ់សម្លាប់ប្រជាជនខ្លួនឯង។

ភស្តុតាង ទាំងនោះពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស ពីសំណាក់របបសឹកដែលមេធាវីនៃគណៈកម្មាធិការនៃសមាជិកសភាស្រមោល គ្រោងជួបជាមួយអ្នកស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិ ដើម្បីកំណត់ស្ថានភាពនៃការប្រព្រឹត្ត របស់ពួកយោធានិងបញ្ជាក់អំពីភស្តុតាងដែលប្រមូលបានទាំងនោះ ថាតើមានភាពរឹងមាំកម្រិតណា។

ប៉ុន្តែពួកឧត្តមសេនីយ៍ភូមា យ៉ាងតិច៧នាក់ មានឈ្មោះនៅក្នុងបញ្ជីរបស់រដ្ឋអាជ្ញា នៃតុលាការ ឧក្រិដ្ឋកម្ម សង្រ្គាមអន្តរជាតិ ICC ករណីប្រល័យពូជសាសន៍ លើជាតិសាសន៍ភាគតិចនៃសហគមន៍ អន្តោ ប្រវេសន៍ ម៉ូស្លិមរ៉ូហីងយ៉ា ដល់ទៅ២ពាន់នាក់ ហើយជាមួយគ្នានេះ  បាតុករស្លាប់ក្រោមគ្រាប់កាំភ្លើងរបស់ពួកយោធា កើនឡើងជាង   ៦១០នាក់ ដោយគិតមកដល់ថ្ងៃទី៨ មេសានេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស