26 C
Phnom Penh

ក្រុមអ្នកតស៊ូមតិថា ប្រមុខរដ្ឋាភិបាលកម្ពុជា មិនបានដោះស្រាយវិបត្តិជាតិស្របតាមតួនាទីរបស់ខ្លួននោះទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បញ្ញវន្តខ្មែរនៅក្រៅស្រុករិះគន់ថា លោក ហ៊ុន សែន ខកខានមិនបានដោះស្រាយបញ្ហាសង្គមជាក់ស្តែង ដែលកំពុងកើតមានជូនពលរដ្ឋនោះទេ ក្រោមការដឹកនាំរបស់គាត់កន្លងមកនេះ។

ការអះអាងនេះធ្វើឡើងបន្ទាប់ពីលោក ហ៊ុន ម៉ានី កូនប្រុសរបស់លោក ហ៊ុន សែន បានអះអាងថា ឪពុករបស់លោក ជាឪពុកដែល ប្រកបដោយព្រហ្មវិហារធម៌លើកូនៗ ស្របពេលដែលគាត់ក៏មានកាតព្វកិច្ចទទួលខុសត្រូវខ្ពស់ចំពោះជាតិមាតុភូមិន និងប្រជាជនផងដែរនោះ។

ប្រធានប្រតិបត្តិនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ (SMD) លោក ទូច វិបុល បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី១២ ខែមេសា នេះថា ក្រោមការដឹកនាំរបស់ លោក ហ៊ុន សែន ការអនុវត្តគោលការណ៍នីតិរដ្ឋ គឺនៅមានកម្រិតទាបបំផុត និងជាការដឹកនាំគ្មានស្តង់ដារជាក់លាក់ក្នុងការអភិវឌ្ឍប្រទេសជាតិ។

លោកអះអាងថា លោក ហ៊ុន សែន ដឹកនាំកម្ពុជាទៅរកការរំលោភសិទ្ធិមនុស្ស រំលោភសិទ្ធិបញ្ចេញមតិ សិទ្ធិនយោបាយ និងជាពិសេសរំលោភលើរដ្ឋធម្មនុញ្ញតែម្តង លើសពីនេះ ក៏បានរំលោភលើគោលការណ៍ប្រជាធិបតេយ្យ យ៉ាងធ្ងន់ធ្ងរថែមទៀត។

លោក ទូច វិបុល បញ្ជាក់ថា មន្ត្រីរដ្ឋាភិបាលក្រោមឱវាទរបស់លោក ហ៊ុន សែន ស្ទើរគ្រប់ជាន់ថ្នាក់ បានធ្លាក់ចូលក្នុងការប្រព្រឹត្តអំពើពុករលួយយ៉ាងពេញទំហឹង ដោយការលក់ធនធានធម្មជាតិរបស់រដ្ឋ។ ជាងនេះទៀត ដើម្បីតែអំណាចរបស់ខ្លួន និងបក្ខពួក រដ្ឋាភិបាលកម្ពុជា មិនហ៊ានចេញមុខទាមទារកោះត្រល់ពីប្រទេសវៀតណាមដែលកំពុងលេបត្របាក់ទៅទាំងខុសច្បាប់នោះទេ។

លោក ហ៊ុន ម៉ានី កូនប្រុសរបស់លោក ហ៊ុន សែន បានសរសេរលើគណនី Facebook របស់លោកកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ ថា ឪពុករបស់លោក ជាអ្នកដឹកនាំគំរូ ដែលបានបម្រើជាតិ មាតុភូមិពេញមួយជីវិត ដោយមិនខ្វល់ពីអ្នកដទៃនិយាយ ឬមានទស្សនៈយ៉ាងណានោះទេ ហើយក៏មិនដែលរត់ចោលប្រទេសជាតិ និងប្រជាជនម្តងណាឡើយ ទោះក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ។

លោក ហ៊ុន ម៉ានី អះអាងថា លោកមានមោទនភាពចំពោះឪពុករបស់លោក គឺ លោក ហ៊ុន សែន ខ្លាំងណាស់ ព្រោះឪពុករបស់លោក គឺជាមេដឹកនាំ ដ៏ម៉ឺងម៉ាត់ ដែលស្គាល់កាលៈទេសៈ ទោះបីជាអ្នកខ្លះមិនយល់ស្រប ឬមិនពេញចិត្តការសម្រេចចិត្តរបស់លោកក្តី ត្បិតអ្វីដែលលោកធ្វើ គឺដើម្បីសេចក្តីសុខរបស់ពលរដ្ឋប៉ុណ្ណោះ។

យ៉ាងនេះក្តី ក្រុមអ្នកឃ្លាំមើលសង្គម រិះគន់ថា អំណាចរបស់លោក ហ៊ុន សែន គឺបានមកពីការប្លន់តែប៉ុណ្ណោះ ជាងនេះទៀត អំណាចនោះ គឺជាអំណាចដែលយល់ព្រមបម្រើផែនការគ្រប់យ៉ាងរបស់របស់បរទេសឈ្លានពានផងដែរ មិនមែនដើម្បីសាមគ្គីជាតិ ឯកភាពជាតិ និងបូរណភាពទឹកដីឡើយ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស