38.8 C
Phnom Penh

គណបក្សក្រៅរដ្ឋាភិបាល GDP ជំរុញឲ្យរដ្ឋាភិបាលផ្តល់អាទិភាពជូនកម្មកររោងចក្រ និងអាជីវករតាមផ្សាចាក់ថ្នាំបង្ការជំងឺCovid-19

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន អំពាវនាវ ឲ្យរដ្ឋាភិបាលផ្តល់អាទិភាពជូនកម្មកររោងចក្រ និងអាជីវករតាមផ្សា ដើម្បីផ្តល់លទ្ធភាពដល់ពួកគេអាចចាក់វ៉ាក់សាំងឲ្យបានលឿន ព្រោះអ្នកទាំងនោះជាផ្នែកមួយដ៏សំខាន់នៃសេដ្ឋកិច្ចរបស់កម្ពុជា និងជាកន្លែងដែលងាយនឹងចម្លងវីរុសCovid-19 ផងដែរ។

ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង និងតាមដានការវិវត្តន៍ថ្មីនៃការចម្លងវីរុសCovid-19 ក្រសួងសុខាភិបាល ត្រូវតែបែងចែកចង្កោមអ្នកឆ្លងវីរុសនេះដែលមានស្រាប់ឲ្យបានច្បាស់លាស់។

លោកអះអាងថា ក្រោយការកំណត់ចង្កោមអ្នកឆ្លងទាំងនោះបានច្បាស់ហើយ ក្រសួងត្រូវចេញសេចក្តីប្រកាសពីទីតាំងនៃចង្កោមនីមួយៗឲ្យបានជាក់លាក់ និងផ្សព្វផ្សាយឲ្យបានទូលំទូលាយ ដើម្បីឲ្យ ពលរដ្ឋបានដឹងកាន់តែច្រើន ដែលជាវិធីងាយស្រួលក្នុងការការពារខ្លួនចំពោះអ្នកដែលអាចពាក់ព័ន្ធនៅតំបន់នោះ ឬទីតាំងនោះ។

បណ្ឌិត យ៉ង សាំងកុមារ អំពាវនាវ ឲ្យពលរដ្ឋចូលរួមការពារដោយ នាំគ្នាពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ និងរក្សាគម្លាតគ្រប់ទីកន្លែងពេលចេញទៅក្រៅផ្ទះ។ លោកបន្តថា ប្រសិនបើពលរដ្ឋអនុវត្តបានត្រឹមដោយស្មារតីទទួលខុសត្រូវ នោះការចម្លងនៃវីរុសCovid-19 នឹងថយចុះ ដែលនឹងឈានទៅរកការបំបាត់ការឆ្លងនៃជំងឺនេះទាំងស្រុងផងដែរ។

ការអះអាងនេះធ្វើបន្ទាប់ពីក្រសួងសុខាភិបាលកម្ពុជា បានបង្ហាញរបាយការណ៍ស្ដីពីអ្នកឆ្លងវីរុសCovid-19 ថ្មីដែលមានចំនួនដល់ទៅជិត ៣រយនាក់នៅថ្ងៃចន្ទ ទី១២ ខែមេសា នេះ។

ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ នេះថា ក្រសួងបានរកឃើញអ្នកឆ្លងវីរុសCovid-19 ថ្មីចំនួន ២៧៧នាក់ ក្នុងបណ្តារាជធានីខេត្តចំនួន៧ រួមមាន ភ្នំពេញ ២០៤នាក់ ស្វាយរៀង ៤៣នាក់ កណ្ដាល ២៣នាក់ ពោធិ៍សាត់ ៣នាក់ ព្រៃវែង ២នាក់ ព្រះសីហនុ ១នាក់ និងខេត្តតាកែវ ១នាក់ ខណៈអ្នកព្យាបាលជាសះស្បើយថ្មីមានចំនួនត្រឹមតែ ៦០នាក់ប៉ុណ្ណោះ។

ក្រសួងអះអាងថា អ្នកឆ្លងវីរុសCovid-19 សរុប បានកើនឡើងដល់ជាង ៤ពាន់ ៥រយនាក់ហើយ រីឯអ្នកព្យាបាលជា សរុបមានចំនួនជាង២ពាន់ ២រយ និងអ្នកដែលកំពុងសម្រាកព្យាបាលទាំងអស់មានចំនួនជាង ២ពាន់ ២រយនាក់ផងដែរ ក្នុងនោះ អ្នកដែលបានស្លាប់ដោយសារវីរុសCovid-19 បានកើនឡើងដល់៣០នាក់ហើយ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុន ហេង បានចេញលិខិតផ្លូវការមួយ ដើម្បីជូនដំណឹងដល់គណៈអភិបាលរាជធានីខេត្ត ត្រៀមបង្កើតក្រុមគ្រូពេទ្យថែទាំ និងព្យាបាលនៅតាមផ្ទះសម្រាប់អ្នកឆ្លងវីរុសCovid-19 កម្រឹតស្រាល ដើម្បីបញ្ចៀសការកកស្ទះនៅមន្ទីរពេទ្យ។

អ្នកនាំពាក្យក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណឌីន កាលពីថ្ងៃទី៨ ខែមេសា បានអំពាវនាវ ឲ្យពលរដ្ឋចូលរួបទប់ស្កាត់ការចម្លងវីរុសCovid-19 ដោយការអនុវត្តវិធានការ ៣កុំ និង៣ការពារ និងចូលឆ្នាំក្នុងផ្ទះ ឬ New Year at Home!

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស