34 C
Phnom Penh

ពលរដ្ឋ ចោទសមាជិកក្រុមប្រឹក្សាស្រុកបុទុមសាគរ ម្នាក់ ធ្វើរបងរំលោភយកចំណីផ្លូវជាតិ៤៨ និងចាក់ដីរំលោភចំណីព្រែក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋរស់នៅស្រុកបុទុមសាគរ បានចោទ លោក ភឹន រុច សមាជិកក្រុមប្រឹក្សាស្រុកបុទុមសាគរ ថា បានទន្ទ្រានរានយកចំណីផ្លូវសាធារណៈ របស់រដ្ឋ មានទីតាំងនៅភូមិព្រលាន ឃុំកណ្ដោល ធ្វើជាកម្មសិទ្ធិឯកជនដោយខុសច្បាប់ ហើយគ្មានមន្ត្រីពីស្ថាប័នពាក់ព័ន្ធណាមួយ នៃរដ្ឋបាលខេត្តកោះកុង ចេញមុខទប់ស្កាត់នៅឡើយទេ។

ពលរដ្ឋរស់នៅស្រុកបុទុមសាគរ បានសំណូមពរដល់អភិបាលខេត្តកោះកុង លោកស្រី មិថុនា ភូថង ជួយមានវិធានការឲ្យមានប្រសិទ្ធភាព និងមានវិធានការច្បាប់ឲ្យបាហ្មត់ចត់ ទៅលើសកម្មភាពរំលោភយកដីចំណីផ្លូវសាធារណៈ ឬចំណីផ្លូវជាតិលេខ៤៨ និងការដឹកដីចាក់លុបចំណីព្រែក ដែលលោក ភឹន រុច សមាជិកក្រុមប្រឹក្សាស្រុកបុទុមសាគរ បានប្រព្រឹត្តិជាបន្តបន្ទាប់មកនេះ។

អភិបាលស្រុកបុទុមសាគរ លោក ហាក់ ឡេង ឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីការរំលោភ យកដីចំណីផ្លូវសាធារណៈនេះមក លោកបានចាត់ឲ្យមន្ត្រីជំនាញ ចុះពិនិត្យលើករណីនេះរួចហើយៗ។ លោកអភិបាលស្រុករូបនេះ បានទទួលស្គាល់ថា លោក ភឹន រុច សមាជិកក្រុមប្រឹក្សាស្រុកបុទុមសាគរ ពិតជាបានទន្ទ្រានយកចំណីផ្លូវសាធារណៈ របស់រដ្ឋ ដោយខុសច្បាប់ប្រាកដមែន។

ចំណែក លោក ក្រូច បុរីសីហា អភិបាលរងស្រុកបុទុមសាគរ ទទួលបន្ទុកចុះអនុវត្តន៍ និងដោះស្រាយវិវាទដីធ្លី បានឲ្យដឹងនៅរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះថា ចំពោះការចាក់ដី និងសង់របងរឹងមាំ ហ៊ុមព័ទ្ធរំលោភលើបង្គោលភ្លើងអគ្គិសនី រំលោភយកចំណីផ្លូវសាធារណៈ របស់រដ្ឋខាងលើនេះ ថ្នាក់ដឹកនាំស្រុកបុទុមសាគរ ក៏ធ្លាប់បានចុះពិនិត្យម្តងរួចមកហើយ ប៉ុន្តែកាលនោះ លោកមិនទាន់បានចេញសេចក្តីសម្រេច ថាយ៉ាងណានោះទេ។ លោកបន្តថា បច្ចុប្បន្ននេះ លោកកំពុងចាត់កម្លាំង ឲ្យចុះពិនិត្យជាថ្មីម្តងទៀត នៅលើទីតាំងកើតមានបញ្ហាមិនប្រក្រតីខាងលើនេះ។

ដោយឡែក លោក ពៅ ចន្ថន ប្រធានការិយាល័យភូមិបាល និងសុរិយោដីស្រុកបុទុមសាគរ បានឲ្យគេហទំព័រក្នុងស្រុកឈ្មោះ “កម្ពុជាថ្ងៃនេះ” ដកស្រង់សម្ដីមកចុះផ្សាយនៅថ្ងៃទី១២ ខែមេសា នេះថា ចំពោះការចាក់ដី និងសង់របងរឹងមាំ ហ៊ុមព័ទ្ធរំលោភលើបង្គោលភ្លើងអគ្គិសនី និងចំណីផ្លូវសាធារណៈ របស់រដ្ឋនេះ លោក ភឹន រុច ពុំបានសុំច្បាប់អនុញ្ញាតពីមន្ត្រីជំនាញដែនដីនោះឡើយ។ លោកបន្តថា សកម្មភាព របស់ លោក ភឹន រុច គឺបានអនុវត្តផ្ទុយពីច្បាប់កំណត់ ពោលគឺ រាល់ការសាងសង់សំណង់ផ្សេងៗ ត្រូវតែមានគម្លាត ២៥ម៉ែត្រ ចេញពីអ័ក្សផ្លូវ។

លោកបន្តថា បុគ្គលទាំងឡាយណា ដែលនៅតែបំពានដីចំណីផ្លូវបែបនេះ នឹងត្រូវទទួលខុសត្រូវ ចំពោះមុខច្បាប់ជាធរមាន។

ប្រភពពីប្រជាពលរដ្ឋ ឲ្យដឹងបន្តទៀតថា ជាបន្តបន្ទាប់មកនេះ គេបានឃើញ លោក ភឹន រុច សមាជិកក្រុមប្រឹក្សាស្រុកបុទុមសាគរ តែងបានធ្វើសកម្មភាពរំលោភយកចំណីផ្លូវសាធារណៈ និងចំណីព្រែក របស់រដ្ឋ ជាបន្តបន្ទាប់មានដូចជា ករណីដឹកដីចាក់រំលោភយកចំណីព្រែក នៅចំណុចគល់ស្ពានព្រែកស្រែអំបិល ជាដើម គឺបុគ្គលរូបនេះ បានដឹកដីចាក់បំពានយកចំណីព្រែក ដោយខុសច្បាប់ ហើយអាជ្ញាធរ ឬមន្ត្រីជំនាញស្ថាប័នពាក់ព័ន្ធ នៃរដ្ឋបាលខេត្តកោះកុង ហាក់មិនរវល់អើពើទប់ស្កាត់នោះឡើយ ហើយបទល្មើសទាំងនេះ បានបន្តកើតមានរហូតមកដល់ពេលនេះ។

យ៉ាងនេះក្តី សារព័ត៌មាន The Cambodia Daily នៅមិនទាន់អាចមានប្រភពទាក់ទង លោក ភឹន រុច សមាជិកក្រុមប្រឹក្សាស្រុកបុទុមសាគរ ខេត្តកោះកុង ដើម្បីបំភ្លឺជុំវិញការចោទប្រកាន់ខាងលើបាននៅឡើយទេ នៅថ្ងៃចន្ទ ទី១២ ខែមេសា ឆ្នាំ២០២១នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស