34 C
Phnom Penh

សាលារាជធានីភ្នំពេញ សម្រេចបិទទីក្រុងភ្នំពេញបន្តទៀតដើម្បីទប់ការស្កាត់ការរីករាលដាលជំងឺកូវីដ១៩

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អភិបាលរាជធានីភ្នំពេញ បានសម្រេច បន្តវិធានការបិទទីក្រុងភ្នំពេញបន្តទៀត ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដែលកំពុង ផ្ទុះឡើងក្នុងសហគមន៍យ៉ាងធ្ងន់ធ្ងរ។

អភិបាល នៃគណៈអភិបាលសាលារាជធានីភ្នំពេញ លោក ឃួង ស្រេង បានចេញលិខិតផ្លូវការមួយ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ នេះ ដែលមាន៧ប្រការ សម្រេចបិទភូមិសាស្ត្រក្នុងរាជធានីភ្នំពេញទាំងស្រុង ដែលត្រូវដាក់ចេញនូវវិធានការរដ្ឋបាលផ្អាកបណ្តោះអាសន្នដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ឲ្យមានប្រសិទ្ធិភាព។

លោក អះអាងថា ការសម្រេចបិទបណ្តោះអាសន្ននេះ មានរយៈពេល ២សប្តាហ៍ បន្ថែមទៀត ដូច្នេះតម្រូវឲ្យផ្អាកនូវសកម្មភាពអាជីវកម្មចំពោះតូបអាហារ អាហារដ្ឋាន ភោជនីយដ្ឋាន ហាងកាហ្វេ ហាងភេសជ្ជៈនានា និងបណ្តារភោជនីយដ្ឋាននៅតាមសណ្ឋាគារជាកំហិត ប៉ុន្តែលោកថា ហាងទាំងនោះអាចប្រកបអាជីវកម្មបានជាលក្ខណៈវេចខ្ចប់។

លោក ឃួង ស្រេង បញ្ជាក់ថា ការផ្អាកបណ្តោះអាសន្ននូវការប្រមូលផ្តុំ ឬការជួបជុំទទួលទានអាហារនេះ នឹងត្រូវលើកលែងចំពោះករណីមួយចំនួនដូចជា ការជួបជុំបុគ្គលិកសុខាភិបាល ការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច ឬការធ្វើដំណើរដោយមូលហេតុសង្គ្រោះបន្ទាន់ជាដើម។

សេចក្តីសម្រេចនេះ ធ្វើឡើងមុនមួយថ្ងៃ នៃការផុតកំណត់ការផ្អាកបណ្តោះអាសន្ន ដែលបានចេញកាលពីថ្ងៃទី១ ខែមេសា កន្លងទៅក្នុងបំណងទប់ស្កាត់ ការរីករាលដាល នៃជំងឺកូវីដ១៩ ក្នុងទីក្រុងភ្នំពេញ។

នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ នេះ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបិទភូមិសាស្ត្រ ក្នុងទីក្រុងភ្នំពេញទាំងមូលជាបណ្តោះអាសន្ន ដោយដាក់បម្រាមគោចរ ចាប់ពីម៉ោង ៨ យប់ ដល់ម៉ោង ៥ ភ្លឺ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ រយៈពេល ២សប្តាហ៍បន្ថែមទៀត ដោយគិតចាប់ពីថ្ងៃទី១៥ ខែមេសា រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ។

ប្រធានគណកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន GDP បណ្ឌិត យ៉ង សាំងកុមារ បានសរសេរលើគណនីFacebook របស់លោក នៅថ្ងៃទី១៣ មេសា នេះថា ដើម្បីបញ្ឈប់ករណីឆ្លងជាយថាហេតុ សំខាន់ណាស់ការតាមដាន និងផ្តល់ព័ត៌មានជាក់លាក់ពីចង្កោមអ្នកឆ្លងវីរុសកូវីដ១៩ដែលមានស្រាប់ និងអ្នកដែលទើបនឹងឆ្លងថ្មី។

លោក អះអាងថា ដើម្បីឲ្យកាន់តែងាយស្រួលដល់ការចូលរួមរបស់ ពលរដ្ឋ និងងាយស្រួលដល់ការវិភាគស្ថានភាព ក៏ដូចជានិន្នាការឆ្លងថ្មីៗ ក្រសួងសុខាភិបាល គួរតែជួយបន្ថែមព័ត៌មានទាក់ទង និងចង្កោមថ្មីផងដែរ ដូចជាករណីឆ្លងថ្មីៗនេះ នៅផ្សារអូរឬស្សី ថាតើមានអ្នកឆ្លងប៉ុន្មាននាក់ និងនៅរោងចក្រឌីនហាន មានអ្នកឆ្លងប៉ុន្មាននាក់ ជាដើម។

បណ្ឌិត យ៉ង សាំងកុមារ បញ្ជាក់ថា លោកគាំទ្រនូវដំណើការរបស់ក្រសួងសុខាភិបាលដែលតែងចេញរបាយការណ៍សង្ខេបចំនួនអ្នកឆ្លង និងព័ត៌មានលម្អិតពីឈ្មោះ និងទីតាំង អ្នកវិជ្ជមានវីរុសកូវីដ១៩ទាំងនោះ ប៉ុន្តែប្រសិនបើ ក្រសួងអាចគ្រប់គ្រងចង្កោមអ្នកឆ្លងកូវីដ១៩ទាំងអស់ឲ្យបានហ្មត់ចត់ និងត្រឹមត្រូវ កម្ពុជានឹងអាចឈ្នះកូវីដ១៩ ១០០ភាគរយ។

ក្រសួងសុខាភិបាលអះអាងថា នៅថ្ងៃទី១៣ មេសា ឆ្នាំ២០២១ នេះ អ្នកវិជ្ជមានវីរុសកូវីដ១៩ថ្មី មានចំនួន១៨១នាក់ និងអ្នកជាសះស្បើយថ្មីចំនួន ៤០នាក់ ខណៈអ្នកឆ្លងសរុបកើនឡើងដល់ជិត ៥ពាន់នាក់ រីឯអ្នកជាសះស្បើយសរុបមានចំនួនជាង ២ពាន់ ២រយនាក់ និងអ្នកកំពុងព្យាបាលមានចំនួនជាង ២ពាន់ ៤រយនាក់ ដោយឡែក អ្នកស្លាប់ដោយសារជំងឺនេះ បានកើនឡើងដល់ ៣៣នាក់ហើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស