34 C
Phnom Penh

សង្គមស៊ីវិលថា ពលរដ្ឋខ្មែរអាចទទួលវ៉ាក់សាំងចិនបានទោះប្រសិទ្ធិភាពរបស់វានៅទាបក៏ដោយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីសង្គមស៊ីវិល អះអាងថា ក្នុងស្ថានភាពដ៏លំបាកនេះ ពលរដ្ឋគួរតែនាំគ្នាទទួលយកវ៉ាក់សាំងចិនដើម្បីរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ បើទោះបីជាវ៉ាក់សាំងនេះនៅមានប្រសិទ្ធិទាបក៏ដោយ។

នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ដែលហៅកាត់ថា សង់ត្រាល់ លោក មឿន តុលា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា ប្រសិនបើរដ្ឋាភិបាលមានលទ្ធភាពគ្រប់គ្រាន់ ជម្រើសដែលល្អនោះគឺគួរប្រើវ៉ាក់សាំងប្រឆាំងវីរុសកូវីដ១៩ របស់ក្រុមហ៊ុនវ៉ាក់សាំង ហ្វាយស័រ Pfizer សម្រាប់ចាក់ជូនប្រជាជនរបស់ខ្លួន។

លោក អះអាងថា ជាក់ស្តែងកម្ពុជាមិនមានថវិកាគ្រប់គ្រាន់ដើម្បីទិញ   វ៉ាក់សាំងប្រភេទនោះទេ ដូច្នេះការទទួលយកវ៉ាក់សាំងរបស់ចិនក៏ជាជម្រើសមួយសម្រាប់កម្ពុជាផងដែរ ព្រោះថា នេះក៏ជាមធ្យោបាយមួយសម្រាប់ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដែលកម្ពុជាកំពុងជួបប្រទះនៃការផ្ទុះឡើងវិញធ្ងន់ធ្ងរក្នុងសហគមន៍ក្នុងពេលនេះ។

លោក មឿន តុលា បញ្ជាក់ថា ការប្រកាសពីប្រសិទ្ធិភាពរបស់ចិនចំពោះវ៉ាក់សាំងរបស់ខ្លួនគឺរឿងល្អ ជាពិសេសប្រជាពលរដ្ឋខ្មែរក្រោយការចាក់ថ្នាំបង្កាជំងឺកូវីដ១៩ហើយក៏ដោយ ត្រូវតែអនុវត្តវិធានសុវត្តិភាពតាមការណែនាំរបស់ក្រសួងសុខាភិបាលជានិច្ច ព្រោះថាវ៉ាក់សាំងនេះ មិនទាន់មានប្រសិទ្ធិភាព អាចជួយការពារពីការឆ្លងនៃជំងឺនេះបានទាំងស្រុងនោះទេ។

ទោះជាយ៉ាងណាក៏ដោយ អនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ និងជាអ្នកវិភាគនយោបាយសង្គម លោក គឹម សុខ បាននិយាយនៅក្នុងកម្មវិធី Idea Talk របស់សាព័ត៌មាន The Cambodia Daily កាលពីថ្ងៃទី១២ ខែមេសា ថា លោកមិនលើកទឹកចិត្តពលរដ្ឋ ឲ្យចាក់វ៉ាក់សាំងចិននោះទេ ព្រោះមានការសិក្សារកឃើញថា វ៉ាក់សាំងចិនមានគុណភាពត្រឹម៣%  ប៉ុណ្ណោះនេះបើតាមការស្រាវជ្រាវរបស់សកលវិទ្យាល័យស៊ីលី។ លោកបន្តថា រដ្ឋាភិបាលចិន នៅមិនព្រមបង្ហាញភាពស្មោះត្រង់ ក្នុងកិច្ចសហការជាមួយសហគមន៍អន្តរជាតិ ដើម្បីស្រាវជ្រាវឲ្យដឹងមូលហេតុពិត នៃការកើតមានកូវីដ១៩ នៅវូហាន កាលពីឆ្នាំ២០១៩។

ប៉ុន្តែអង្គការសុខភាពពិភពលោកធ្លាប់អះអាងថា វ៉ាក់សាំងស៊ីណូហ្វាម និងស៊ីណូវ៉ាក់របស់ចិនមានគុណភាព ពី៥០% ទៅ៧៥%។

សាធារណៈរដ្ឋប្រជាមានិតចិន បានសម្រេចផ្តល់វ៉ាក់សាំងប្រឆាំងវីរុសកូវីដ១៩ ដល់កម្ពុជា បន្ថែមទៀត ដើម្បីទប់ស្កាត់ការឆ្លងជំងឺសកលមួយនេះ។

នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ នេះ ស្ថានទូតចិនប្រចាំនៅកម្ពុជា បានសរសេរលើទំព័រ Facebook ផ្លូវការរបស់ខ្លួនថា រដ្ឋាភិបាលចិន សម្រេចផ្តល់ជំនួយវ៉ាក់សាំងប្រឆាំងវីរុសកូវីដ១៩ ស៊ីណូហ្វាម ចំនួន ៤០ម៉ឺនដូសជាជំនួយឥតសំណងបន្ថែមទៀតដល់កម្ពុជា ហើយវ៉ាក់សាំងទាំងនេះ នឹងដឹកផ្តល់ជូនរដ្ឋាភិបាល នៅចុងខែមេសា ឆ្នាំ២០២១នេះផងដែរ។

កាលពីចុងឆ្នាំ២០២០ កន្លងទៅ រដ្ឋាភិបាលចិនបានសម្រេចឧត្ថម្ភ ជាវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ស៊ីណូហ្វាម ចំនួនជាង១លានដូស ដល់កម្ពុជា ក្នុងនោះ ជំនួយវ៉ាក់សាំងលើកទី១ មានចំនួន ៦០ម៉ឺនដូស បានទៅដល់កម្ពុជាកាលពីដើមខែកុម្ភៈ ឆ្នាំ២០២១ និងលើកទី២ ចំនួន ៧០ម៉ឺនដូស ដែលបានទៅដល់កម្ពុជាកាលពីចុងខែមីនាឆ្នាំ ២០២១។

ទាក់ទិននឹងបញ្ហានេះ កាលពីដើមខែកុម្ភៈ ឆ្នាំ២០២១ ដដែល កម្ពុជាក៏ទទួលបានវ៉ាក់សាំង AstraZeneca ចំនួន ៣លាន ២សែនដូសពីមជ្ឈមណ្ឌលកូវ៉ាក់ របស់អង្គការសុខភាពពិភពលោកផងដែរ ក្នុងជំហានដំបូង ខណៈកម្ពុជានឹងទទួលបានដល់ទៅ២០% នៃចំនួនប្រជាជន១៦លាននាក់ដែលស្មើនឹងជាង៦លានដូសតាមរយៈមជ្ឈមណ្ឌលនេះ។

មកទល់នឹងពេលនេះ កម្ពុជាទទួលបានជំនួយជាវ៉ាក់សាំងពី ចិន និងពីមជ្ឈមណ្ឌលកូវ៉ាក់សរុបមានចំនួន ៦លាន ដូសហើយ បើគិតបញ្ចូលទាំង វ៉ាក់សាំង ស៊ីណូវ៉ាក់ ដែលរដ្ឋាភិបាលកម្ពុជា បានបញ្ជាទិញពីប្រទេសចិនចំនួន ១លាន ៥សែនដូសផងដែរនោះ។

លោក ហ៊ុន សែន កាលពីចុងខែធ្នូ ឆ្នាំ២០២០ អះអាងថា កម្ពុជាត្រូវការវ៉ាក់សាំងទប់ស្កាត់ជម្ងឺកូវីដកូវីដ១៩ ចំនួន ២០ លានដូស ដើម្បីចាក់ជូនពលរដ្ឋខ្មែរនៅទូទាំងប្រទេស។

យ៉ាងណាក៏ដោយ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ នេះ នាយកមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លងជនជាតិចិន លោក ហ្កាវ ហ្វូ (Gao Fu) បានប្រកាសទទួលស្គាល់ជាសាធារណៈ ថា ប្រសិទ្ធភាពវ៉ាក់សាំងរបស់ខ្លួន ស៊ីណូហ្វាម និង ស៊ីណូវ៉ាក់ នៅមានកម្រិតទាបនៅឡើយ។

កាលពីចុងខែមីនា ឆ្នាំ២០២១ ក្រុមអ្នកជំនាញរបស់អង្គការសុខភាពពិភពលោកដែលមានតួនាទីត្រួតពិនិត្យគុណភាពវ៉ាក់សាំង បានចេញរបាយការណ៍របស់ខ្លួនថា វ៉ាក់សាំងប្រឆាំងវីរុសកូវីដ១៩ របស់មន្ទីរពិសោធន៍ Sinopharm និង Sinovac បានបង្ហាញនូវប្រសិទ្ធភាពល្អ និងគួរឲ្យទុកចិត្តបាន មិនបង្កគ្រោះថ្នាក់អ្វីទេ ប៉ុន្តែ នៅខ្វះទិន្នន័យច្រើនទៀត ដែលមិនអាចបញ្ជាក់អំពីប្រសិទ្ធភាពជាផ្លូវការបាន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស