អង្គការមាតាធម្មជាតិ ដែលធ្វើការងារទាក់ទងនឹងបរិស្ថាន បានលើកឡើងថា បឹងតាមោក ឬបឹងកប់ស្រូវ ជាបឹងដែលមានផ្ទៃដីធំជាងគេក្នុងចំណោមបឹងនៅក្នុងរាជធានីភ្នំពេញផ្សេងទៀតដែលកំពុងរងការគំរាមកំហែងពីសំណាក់ឈ្មួញអ្នកវិនិយោគធំៗដែលមានការបើកដៃពីសំណាក់រដ្ឋាភិបាលកម្ពុជា។
អង្គការមាតាធម្មជាតិ បានសរសេរលើគណនី Facebook របស់ ខ្លួនកាលពីថ្ងទី១៣ ខែមេសា ឆ្នាំ២០២១ នេះថា បឹងនេះមិនត្រឹមតែអាចការពារទីក្រុងភ្នំពេញ មិនឱ្យជន់លិចដោយជំនន់ទឹកភ្លៀង ឫទឹកជំនន់ផ្សេងៗប៉ុណ្ណោះទេ តែក៏អាចឲ្យប្រជាពលរដ្ឋរស់ដែលរស់នៅតំបន់នោះប្រកបរបរចិញ្ចឹមជីវិតរាប់រយគ្រួសារផងដែរ។
ការអះអាងនេះធ្វើឡើងដើម្បីរិះគន់ចំពោះការដឹកនាំរបស់រដ្ឋាភិបាល លោក ហ៊ុន សែន ដែលបន្តចេញអនុក្រឹត្យកាត់ដីបឹងតាមោកឲ្យក្រុមហ៊ុនឯកជន និងស្ថាប័នរដ្ឋទន្ទ្រានលុបបឹងនេះដើម្បីសាងសង់អាគារពាណិជ្ជកម្មឥតឈប់ឈរ។
ក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ កន្លងទៅ លោក ហ៊ុន សែន បានអះអាងថា បឹងតាមោកមិនត្រូវឲ្យបាត់ជាដាច់ខាត ព្រោះបឹងកប់ស្រូវមួយនេះ គឺជាទ្វារទឹកមួយដ៏សំខាន់ សម្រាប់បញ្ចៀសទឹកពីទីក្រុងភ្នំពេញ ដូច្នេះបឹងតាមោកមានតែធ្វើឲ្យជ្រៅថែម មិនអាចឲ្យរាក់បានទេ ហើយប្រសិនបើបឹងនេះរាក់នឹងធ្វើឲ្យជន់លិចផ្ទះពលរដ្ឋជាមិនខាន។ ជាងនេះទៀត លោកបញ្ជាក់ថា បឹងតាមោកជាបឹងធម្មជាតិដែលរដ្ឋត្រូវតែការពារ មិនអាចលុបបានជាដាច់ខាត។
បែបនេះក្តី កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ លោក ហ៊ុន សែន បានត្អូញត្អែរថា លោកធុញទ្រាន់ចំពោះក្រុមអ្នករិះគន់ និងការលើកឡើង ដដែលៗមិនចេះចប់ចំពោះការលុប បឹងតាមោកឬបឹងកប់ស្រូវនេះ។
លោក ហ៊ុន សែន បញ្ជាក់ថា កម្ពុជា ត្រូវការការអភិវឌ្ឍ ដូច្នេះ រដ្ឋាភិបាលត្រូវតែលុបបឹងដើម្បីពង្រីកទីក្រុង។ លោកសួរថា កាលពីមុនគេលុបបឹងក្នុងទីក្រុងភ្នំពេញបាន ចុះពេលនេះហេតុអ្វីលោកលុបមិនបាន?
ទិន្នន័យសង្គមស៊ីវិល បង្ហាញថា បឹងតាមោក ឬបឹងកប់ស្រូវ មានផ្ទៃដីសរុបជាង ៣ពាន់ហិកតារ ដែលបានកំណត់នៅក្នុងអនុក្រឹត្យ ចុះថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ដីពីការកំណត់ផ្ទៃបឹងតាមោកជាសម្បត្តិសាធារណៈរបស់រដ្ឋ។
យ៉ាងនេះក្តី ចាប់តាំងពីខែសីហា ឆ្នាំ២០១៨ មក រដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យសម្រេចកាត់ផ្ទៃបឹងតាមោក ចេញពីសម្បត្តិសាធារណៈរបស់រដ្ឋឲ្យទៅក្រុមហ៊ុនឯកជន និងស្ថាប័ននានារបស់រដ្ឋ ជាបន្តបន្ទាប់អស់ប្រមាណជាង ៦០០ ហិកតារ ហើយនៅក្នុងនោះកាត់ផ្ទៃបឹងតាមោកទំហំសរុប ២០ហិកតារ ដើម្បីបង្កើតផ្សារ។
ក្នុងឆ្នាំ២០២០ រដ្ឋាភិបាលកម្ពុជា បានកាត់ផ្ទៃបឹងតាមោកនេះ បែងចែកឲ្យស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជនសរុបអស់ជិត ៥រយហិកតារ បន្ថែមទៀត លើសពីនេះ រដ្ឋាភិបាលបានកាត់ផ្ទៃបឹងនេះឲ្យទៅឈ្មួញធំៗមួយចំនួនជាការដោះដូរ និងឲ្យទៅក្រុមហ៊ុនឯកជនជាហូរហែ។
កាលពីខែកញ្ញាឆ្នាំ២០២០ សកម្មជនបរិស្ថាននៃអង្គការចលនាមាតាធម្មជាតិ មានគម្រោង ស្លៀកពាក់ ស និងធ្វើដំណើរដោយថ្មើរជើង ពីវត្តភ្នំទៅកាន់ទៅកាន់គេហដ្ឋានប្រមុខរដ្ឋាភិបាល ក្បែរវិមានឯករាជ្យ ដើម្បីសុំជួបលោក ហ៊ុន សែន ដោយផ្ទាល់ ក្នុងបំណងសុំអន្តរាគមន៍ឱ្យបញ្ឈប់ការលុបបឹងតាមោកនេះ តទៅទៀត។
ក្នុងសកម្មភាពការពារបរិស្ថាន និងធនធានធម្មជាតិ សកម្មជនចលនាមាតាធម្មជាតិ ៣នាក់ រួមមានលោក ស៊ុន រដ្ឋា កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវ រស្មី ត្រូវបានសមត្ថកិច្ច ចាប់ខ្លួន និងការចោទប្រកាន់ពីបទ ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
បច្ចុប្បន្ន សកម្មជនបរិស្ថានទាំងនោះ កំពុងឃុំខ្លួននៅក្នុងពន្ធនាគារព្រៃស ក្នុងរាជធានីភ្នំពេញនៅឡើយ ដើម្បីរង់ចាំការកាត់ទោស។
កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យ ខុទ្ទកាល័យនាយករដ្ឋមន្ត្រីបញ្ជូនលិខិតទៅកាន់ទីស្ដីការគណៈរដ្ឋមន្ត្រី ដើម្បីនិរាករណ៍ នូវលិខិតមួយចំនួនរបស់រដ្ឋាភិបាល ដែលអនុញ្ញាតឲ្យកាត់ផ្ទៃបឹងតាមោកទៅឲ្យស្ថាប័នរដ្ឋ ឬដោយការដោះដូរដី របស់ស្ថាប័នរដ្ឋទាំងនោះ ជាមួយក្រុមហ៊ុន ឯកជននានា ប៉ុន្តែ រដ្ឋាភិបាលមិនបានបញ្ជាក់អំពីការចេញលិខិតនរាករណ៍នេះទេ៕