សាធារណជន និងក្រុមអ្នកឃ្លាំមើលផែនការអភិវឌ្ឍសង្គម បានរិះគន់សមត្ថកិច្ចនគរបាលក្រសួងមហាផ្ទៃ ជាពិសេសនគរបាលប្រឆាំងគ្រឿងញៀន ដែលមិនមានសមត្ថភាពវែករកមុខជនល្មើសនាំចូលគ្រឿងញៀនជាង ៤រយគីឡូក្រាមតាមច្រកសមុទ្រ ខេត្តព្រះសីហនុ អស់រាប់ខែនៅហើយ។
មិនត្រឹមតែប៉ុណ្ណោះ ប្រជាពលរដ្ឋ ក៏បានរិះគន់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដែលអនុញ្ញាតឲ្យមេខ្លោងគ្រឿងញៀន ឈ្មោះ គិត ធាង អគ្គនាយកមជ្ឈមណ្ឌលកម្សាន្តរ៉ុក អាចមានសេរីភាពនៅក្រៅមន្ទីរឃុំឃាំង ក្រោមហេតុផលពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យ។ ប៉ុន្តែជាក់ស្តែង លោក គិត ធាង អាចមានសេរីភាពដើរផឹកស៊ីយ៉ាងសប្បាយ ដោយមានឧកញ៉ាៗ មានឥទ្ធិពល ជាសាច់ញាតិរបស់លោក ហ៊ុន សែន ជាអ្នកកាងការពារថែមទៀតផង។
ក្រុមប្រជាពលរដ្ឋ បានស្នើដល់លោក ហ៊ុន សែន ពិនិត្យ និងស៊ើបអង្កេតទៅលើការនាំចូលគ្រឿងញៀនជាង ៤រយគីឡូក្រាម តាមច្រកលម្ហសមុទ្រខេត្តព្រះសីហនុ តើមានជាប់ពាក់ព័ន្ធជាមួយឧកញ៉ា និងអ្នកមានអំណាចថ្នាក់ណាខ្លះៗ ដើម្បីប្រកាសជាសាធារណៈ ឲ្យប្រជាពលរដ្ឋបានដឹងផង។
ប្រភពបានឲ្យដឹងថា ជនជាតិចិន ម្នាក់ដែលជាមេខ្លោងគ្រឿងញៀនដ៏ធំនៅកម្ពុជា ដែលសមត្ថកិច្ចប្រឆាំងគ្រឿងញៀន ចាប់ខ្លួនពាក់ព័ន្ធការកែច្នៃ និងផលិតគ្រឿងញៀនរាប់តោននៅកម្ពុជា អាចរត់គេចខ្លួនដោយសុវត្ថិភាព ក្នុងអំឡុងពេលមន្ត្រីអនុរក្សពន្ធនាគារ(ម១) នៃគុកព្រៃស បានបញ្ជូនជនល្មើសរូបនេះ មកពិនិត្យព្យាបាលនៅមន្ទីរពេទ្យរុស្សី កាលពីដើមខែកុម្ភៈ ឆ្នាំ២០២១ នេះ។
មន្ត្រីសង្គមស៊ីវិល ពោលចំអក និងបង្ហាញការហួសចិត្ត ដោយសារមានបទល្មើសរាប់ខែមកហើយ ប៉ុន្តែសមត្ថកិច្ចក្រសួងមហាផ្ទៃ គ្មានសមត្ថភាពស៊ើបអង្កេត ឬនាំខ្លួនមេខ្លោងគ្រឿងញៀននាំចូលគ្រឿងញៀនប្រភេទ កេតាមីន (Ketamine) ជាង ៤០០គីឡូក្រាម តាមច្រកលម្ហសមុទ្រខេត្តព្រះសីហនុ កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ បាននៅឡើយ។ សាធារណជន មានមន្ទិលថា ទំនងជាអ្នកជាប់ពាក់ព័ន្ធការនាំចូលគ្រឿងញៀនខាងលើនេះ អាចជាមន្ត្រីមានអំណាច ឬឧកញ៉ាដែលធ្លាប់ប្រកបមុខរបរគ្រឿងញៀន។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្ស បានចំអកដល់សមត្ថកិច្ចក្រសួងមហាផ្ទៃ ជាពិសេសអ្នកទទួលខុសត្រូវពន្ធនាគារព្រៃស ថា នៅពេលសកម្មជននយោបាយ មន្ត្រីសង្គមស៊ីវិល ឬក្រុមអ្នកការពារបរិស្ថានជាដើម ដែលត្រូវសមត្ថកិច្ចចាប់ដាក់គុកដោយអយុត្តិធម៌ ស្នើសុំមកពិនិត្យព្យាបាលនៅមន្ទីរពេទ្យ គឺមិនត្រូវបានអនុញ្ញាតឲ្យមកព្យាបាលឡើយ។
ផ្ទុយទៅវិញ សម្រាប់មេខ្លោងគ្រឿងញៀន ឬជនឧក្រិដ្ឋវិញ គឺត្រូវបានប្រធានពន្ធនាគារព្រៃស ឬពន្ធនាគារផ្សេងៗ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ យកចិត្តយកថ្លើម បញ្ជូនជនទាំងនោះ មកពិនិត្យព្យាបាលដោយយកចិត្តទុកដាក់ ហើយក្នុងនោះ ក៏មានមេខ្លោងគ្រឿងមួយចំនួន បានរត់ចេញពីមន្ទីរពេទ្យ។
ករណីនេះ មានដូចជា អតីតឧកញ៉ា គិត ធាង និងមេខ្លោងជនជាតិចិន ដែលមន្ទីរប្រឆាំងគ្រឿងញៀន (ក១ និងក១០) បង្ក្រាបនិងចាប់បានជាមួយភស្តុតាងវត្ថុធាតុដើមសម្រាប់កែច្នៃ និងផលិតគ្រឿងញៀនរាប់តោន បែរជាត្រូវបានថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងប្រធានពន្ធនាគារ មានការយកចិត្តទុកដាក់បំផុត។
ប្រភពពីមន្ត្រីពន្ធនាគារព្រៃស បានឲ្យសារព័ត៌មាន The Cambodia Daily ដឹងតាមបណ្ដាញសង្គម Messenger Facebook ថា មេខ្លោងគ្រឿងញៀន ជនជាតិចិន ដែលត្រូវកម្លាំងជំនាញមន្ទីរបង្ក្រាបគ្រឿងញៀន (ក១ និងក១០) បានបង្ក្រាបចាប់ខ្លួន និងដកហូតគ្រឿងញៀនរាប់តោនកន្លងមក បានរត់គេចខ្លួនដោយសុវត្ថិភាព ពេលមន្ត្រីអនុរក្សពន្ធនាគារព្រៃស បាននាំមកពិនិត្យព្យាបាលសុខភាពនៅមន្ទីរពេទ្យរុស្សី កាលពីដើមខែកុម្ភៈ ឆ្នាំ២០២១ ហើយរហូតមកដល់ពេលនេះ មិនទាន់ចាប់ខ្លួនបានវិញនៅឡើយទេ។
ចំណែកឯ បទល្មើសនាំចូលគ្រឿងញៀនប្រភេទ កេតាមីន (Ketamine) ចូលមកកាន់ប្រទេសកម្ពុជា តាមច្រកលម្ហសមុទ្រខេត្តព្រះសីហនុ ជាង ៤០០គីឡូក្រាមវិញ គិតរហូតមកដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ នេះ សមត្ថកិច្ចជំនាញក្រសួងស្ថាប័នពាក់ព័ន្ធ ក៏មិនទាន់ប្រកាសលទ្ធផល នៃការចុះស្រាវជ្រាវពីមេខ្លោងឲ្យសាធារណជនបានដឹងនៅឡើយដែរ។
បទល្មើសគ្រឿងញៀន កំពុងធ្វើចរាចរណ៍ក្នុងប្រទេសកម្ពុជា រាល់ថ្ងៃ គឺទំនងជាមេខ្លោងប្រព្រឹត្តល្មើសទាំងនោះ អាចជាប់ពាក់ព័ន្ធ ជាមួយឧកញ៉ាមានទ្រព្យ និងមន្ត្រីសមត្ថកិច្ចជាន់ខ្ពស់ កំពុងបម្រើការងារក្នុងស្ថាប័នខ្លះ ដែលលាប់ជាប់ពាក់ព័ន្ធ ឬប្រកបមុខរបរគ្រឿងញៀនទាំងនេះ។
លោកឧត្ដមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ធ្លាប់បញ្ជាក់ប្រាប់ប្រព័ន្ធផ្សព្វផ្សាយដឹងថា ប្រភេទគ្រឿងញៀនកេតាមីន ដែលឈ្មួញគ្រឿងញៀននាំចូលតាមច្រកសមុទ្រខេត្តព្រះសីហនុ កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ មានចំនួន ២៣កេស ឬស្មើនឹង ៤៦១កញ្ចប់ មានទម្ងន់សរុបជាង ៤៦៤គីឡូក្រាម។ បច្ចុប្បន្នភស្តុតាងទាំងនេះ ត្រូវបានប្រគល់ជូនទៅឲ្យ សាលាដំបូងខេត្តព្រះសីហនុយកទៅរក្សាទុកដើម្បីបន្តនីតិវិធី៕