37 C
Phnom Penh

រដ្ឋបាលខេត្តព្រះសីហនុ ផ្អាកអាជីវកម្មតូបលក់ដូរក្នុងផ្សារលើ ក្រោយរកឃើញអាជីវករ ២នាក់ ឆ្លងជំងឺCovid-19

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋបាលខេត្តព្រះសីហនុ សម្រេចផ្អាកអាជីវកម្មតូបលក់ដូរចំនួន ៣៦តូប នៅក្នុងផ្សារលើ ក្រុងព្រះសីហនុ ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែមេសា។ ការសម្រេចនេះ បានកើតឡើងក្រោយមន្ត្រីសុខាភិបាល រកឃើញអាជីវករលក់គ្រឿងសមុទ្រស្រស់នៅក្នុងផ្សារលើ  ២នាក់ បានឆ្លងជំងឺCovid-19។

មន្ត្រីជំនាញពាក់ព័ន្ធ នៃរដ្ឋបាលក្រុង-ខេត្តព្រះសីហនុ កំពុងចុះស្រង់ស្ថិតិក្រុមអាជីវករ ឬពលរដ្ឋ ដែលជាប់ពាក់ព័ន្ធជាមួយអ្នកវិជ្ជមានជំងឺCovid-19  ទាំង២នាក់ ខាងលើនេះ ដើម្បីយកសំណាកធ្វើតេស្តរកមេរោគ Covid-19។

អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បញ្ជាក់ថា គោលបំណងនៃការបិទតូបលក់ដូរទាំង ៣៦តូប នៅផ្សារលើ ក្រុងព្រះសីហនុ គឺដើម្បីធានាដល់ប្រសិទ្ធភាព នៃការគ្រប់គ្រងការឆ្លងរាលដាល នៃជំងឺCovid-19 និងទប់ស្កាត់មេរោគនេះ មិនឲ្យឆ្លងរាលដាលចេញពីទីតាំងតូបលក់ដូរទាំងនោះ។

រដ្ឋបាលខេត្តព្រះសីហនុ ក៏បានចេញគោលការណ៍ណែនាំដល់ប្រធានផ្សារលើ ត្រូវឲ្យដាក់ស្លាកសញ្ញាសម្គាល់ និងព័ទ្ធខ្សែហាមឃាត់ការចូលទៅកាន់ទីតាំងតូប ទាំង៣៦នោះ។

ដាក់ពង្រាយកម្លាំងប្រចាំការយាមល្បាតនៅទីតាំងហាមឃាត់។ រៀបចំបាញ់ថ្នាំសម្លាប់មេរោគ ចំពោះតូបលក់ដូរទាំង ៣៦តូប និងតំបន់នៅជុំវិញ។ ពង្រឹងការអនុវត្តកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព និងផ្សព្វផ្សាយឲ្យបានទូលំទូលាយ ដល់អាជីវករ អតិថិជន និងសាធារណជន ឲ្យបានជាប់អំពីការអនុវត្តវិធានការរដ្ឋបាលនេះ។

នៅថ្ងៃទី១៥ ខែមេសានេះ រដ្ឋបាលខេត្តព្រះសីហនុ ក៏បានបញ្ជូនកម្លាំងសមត្ថកិច្ចចម្រុះ និងមន្ត្រីជំនាញពាក់ព័ន្ធ ឲ្យចុះណែនាំ និងពង្រឹងការអនុវត្តន៍វិធានការ ទប់ស្កាត់ការរីករាលដាលជំងឺ Covid-19  នៅក្នុងផ្សារលើ  ដោយដាក់ទូរបាញ់អាល់កុលសម្លាប់មេរោគ នៅច្រកចេញចូលធំៗចេញចូលផ្សារលើ។ ណែនាំដល់អាជីវករ និងប្រជាពលរដ្ឋ ដែលចេញចូលផ្សារទាំងអស់ ត្រូវពាក់ម៉ាស់ រក្សាគម្លាតសុវត្ថិភាព និងប្រើប្រាស់អាកុលជាប្រចាំ និងវិធានការអនាម័យផ្សេងៗទៀត។

អាជ្ញាធរខេត្តព្រះសីហនុ ក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ក៏ដូចជាអាជីវករ ប្រើប្រាស់ ឬគិតលុយ តាមប្រព័ន្ធធនាគារ ក្នុងការទូទាត់ថ្លៃទំនិញ ដើម្បីកាត់បន្ថយការប្រើប្រាស់លុយសុទ្ធ ដែលមានហានិភ័យខ្ពស់ ក្នុងការចម្លងជំងឺCovid-19។

លោក គួច ចំរើន អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តចូលរួមអនុវត្តវិធានការណ៍នានា របស់ក្រសួងសុខាភិបាល ជាពិសេសគោលការណ៍ណែនាំ ៣កុំ និង ៣ការពារ ដើម្បីចូលរួមបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជម្ងឺកូវីដ១៩ នៅក្នុងសហគមន៍ឲ្យមានប្រសិទ្ធិភាព៕

រីករាលដាលជំងឺCovid-19  នៅក្នុងសហគមន៍ ឲ្យមានប្រសិទ្ធភាព៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស