លោក ហ៊ុន សែន អះអាងថា កម្ពុជា កំពុងស្ថិតនៅមាត់ជ្រោះនៃគ្រោះមហន្តរាយ ដោយសារការរីករាលដាលនៃជំងឺ Covid-19 ប្រសិនបើរដ្ឋាភិបាលមិនបានចាត់វិធានការទប់ស្កាត់ ឲ្យបានទាន់ពេលវេលា និងការចូលរួមពីពលរដ្ឋទេនោះ។
ការអះអាងនេះធ្វើតាមរយៈខ្សែអាត់សំឡេង ដែលបានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ទៅកាន់អាជ្ញាធរមូលដ្ឋានក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ឲ្យទប់ស្កាត់ការធ្វើដំណើរ និងធ្វើអាជីវកម្មផ្សេងៗ ជាបន្ទាន់ដើម្បីទប់ស្កាត់ការចម្លងវីរុសCovid-19 ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនេះ។
លោក ហ៊ុន សែន បានអះអាងថា ស្ថានភាពនៃការរីករាលដាលនៃជំងឺCovid-19 នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ គឺទ្រាំទ្រលែងបានហើយ ដូច្នេះរដ្ឋាភិបាលគ្មានជម្រើសណាដែលល្អជាជាងការដាក់បម្រាមគោចរភ្លាមៗ ឲ្យបានទាន់ពេលវាលានោះទេ ប្រសិនបើនៅតែបណ្តែតបណ្តោយទៀតនោះ សភាពការណ៍នឹងដុនដាបជាងនេះជាមិនខាន។
លោក ហ៊ុន សែន បញ្ជាក់ថា ការបិទខ្ទប់នេះមិនមែនដើម្បីសម្លាប់ពលរដ្ឋនោះទេ គឺគ្រាន់តែហាមការធ្វើដំណើរដែលមិនចាំបាច់ និងការប្រកបអាជីវកម្ម ដែលមិនមែនជាតម្រូវជាក់ស្តែងប្រចាំថ្ងៃ សម្រាប់បម្រើឲ្យការហូបចុករបស់ ពលរដ្ឋតែប៉ុណ្ណោះ ដោយឡែក អាហារដ្ឋាន ភោជនីយដ្ឋាន និងកន្លែងលក់គ្រឿងឧបភោគ និងបរិភោគផ្សេងទៀត អាចបើកឲ្យដំណើរការជាធម្មតា តែត្រូវរក្សាវិធានការសុខាភិបាល ជានិច្ចដូចជារក្សាគម្លាតជាដើម។
លោក ហ៊ុន សែន បានបញ្ចេញសារសំឡេងបន្ទាន់មួយកាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ នេះ ដើម្បីឆ្លើយតបទៅនឹងសារសំឡេងដែលបានបែកធ្លាយពីផ្ទៃក្នុងគណៈអចិន្ត្រៃយ៍របស់គណបក្សប្រជាជនកម្ពុជា ស្តីអំពីការសម្រេចបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដែលបញ្ជាក់ថា តំបន់នេះមានការផ្ទុះឡើងនៃវីរុសCovid-19 ក្នុងសហគមន៍ជាទ្រង់ទ្រាយធំ។
ក្រោយការបែកធ្លាយសារសំឡេងនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា បានសម្រេចចេញអនុក្រឹត្យបិទទីក្រុងភ្នំពេញ និងក្រុងតាខ្មៅ ក្នុងខេត្តកណ្តាល រយៈពេល ២សប្តាហ៍ គិតចាប់ពីម៉ោង ១២.០០នាទី ថ្ងៃទី១៥ ខែមេសា រហូតដល់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺCovid-19 និងដើម្បីបញ្ចៀសការឆ្លងចេញទៅតំបន់ផ្សេងទៀត។
អ្នកវិភាគនយោបាយសង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បានសរសេរលើគណនី Facebook របស់លោក នៅថ្ងៃនេះថា វីរុសCovid-19 ចម្លងក្នុង១ថ្ងៃ ដល់ទៅរាប់រយនាក់ទៅហើយ បើរដ្ឋាភិបាលសម្រេចថា បិទខ្ទប់ ក៏បិទទៅចុះ ប៉ុន្តែរដ្ឋាភិបាលក៏មិនត្រូវព្រងើយកន្តើយចំពោះការចែកស្បៀងអាហារ ទៅដល់ពលរដ្ឋនៅតំបន់ដែលបិទខ្ទប់នោះដែរ។
លោកអះអាងថា នៅពេលនេះពលរដ្ឋភាគច្រើនលើសលប់ គ្មានប្រាក់ទិញស្បៀងទេ គឺដាច់បាយបណ្ដើរៗហើយ ប៉ុន្តែរដ្ឋាភិបាលលោក ហ៊ុន សែន នៅតែមិនទាន់បង្ហាញផែនការចែកស្បៀងដល់ពលរដ្ឋក្រីក្រដែលខ្វះលទ្ធភាព ដូចជា រដ្ឋាភិបាលថៃ វៀតណាម និងប្រទេសផ្សេងៗទៀតនៅឡើយទេ ដែលនេះគឺជាកំហុសដ៏ធំរបស់រដ្ឋាភិបាល ខ្មែរ។
លោក គឹម សុខ ជំរុញ ឲ្យលោក ហ៊ុន សែន បញ្ចេញឡានទាហានថ្មីៗ ជិត៣០០គ្រឿង ដែលបានទិញពីប្រទេសចិន កាលពីអំឡុងពាក់កណ្ដាលឆ្នាំ២០២០ ដើម្បីដឹកស្បៀងអាហារចែកជូនពលរដ្ឋដែលជាប់បម្រាមគោចរ នៅទីក្រុងភ្នំពេញ និងក្រុងតាខ្មៅ។
លោកសួរថា បើលោក ហ៊ុន សែន មិនប្រើរថយន្តទាំងនេះទៅដឹកស្បៀងចែកពលរដ្ឋក្នុងគ្រានេះទេ តើលោកទុកធ្វើអ្វី ? ឬលោកទុកដឹកពង្រាយកម្លាំងចាំបង្ក្រាបពលរដ្ឋនៅពេលមានការតវ៉ា? ឬលោកបានចែកចាយឡានទាំងនោះតាមមុខព្រួញ សម្រាប់ដឹកឈើខុសច្បាប់អស់ហើយ៕