31 C
Phnom Penh

តុលាការខេត្តព្រះសីហនុចោទប្រកាន់និងឱ្យឃុំខ្លួនពលរដ្ឋ២នាក់នៅពន្ធនាគារករណីពីគេចចេញពីកន្លែងធ្វើចត្តាឡីស័ក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តុលាការខេត្តព្រះសីហនុ នៅថ្ងៃព្រហស្បតិ៍នេះនេះ  បានចោទប្រកាន់ និងស្នើឲ្យឃុំខ្លួនពលរដ្ឋ២នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន  ក្រោមហេតុផលថា ពួកគេគេចចេញកន្លែងធ្វើចត្តាឡីស័កកាលពីថ្ងៃទី១០ និងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១។

កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១  លោក ហ៊ុន សែន បានបញ្ជាទៅរដ្ឋមន្ដ្រីក្រសួងយុត្តិធម៌លោក កើត រិទ្ធ ឱ្យធ្វើការបន្ទាន់ជាមួយស្ថាប័នតុលាការ ដើម្បកាត់ទោសអ្នកបំពានលើច្បាប់កូវីដ-១៩ ពាក់ព័ន្ធការធ្វើចត្ដាឡីស័កមិនបានត្រឹមត្រូវតាមការណែនាំ ឬ គេចវេសពីការធ្វើចត្តាឡីស័ក។

សេចក្ដីប្រកាសព័ត៌មានរបស់អយ្យការអមសាលាដំបូងខេត្តព្រះសីហនុចុះថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ឱ្យដឹងថា  ការចោទប្រកាន់ និងការសើ្នឃុំខ្លួនពលរដ្ឋទាំង ២នាក់ ដោយសារ ពួកគេបានចេញពីផ្ទះ ត្រង់ចំណុចភូមិ៣ (ទំនប់រលក) សង្កាត់លេខ១ ដែលរដ្ឋបាលខេត្តព្រះសីហនុ បានដាក់ជាមណ្ឌលចត្តាឡីស័ក។

ប្រភពដដែលឲ្យដឹងថា ពលរដ្ឋទាំង ២ នាក់ ត្រូវបានព្រះរាជអាជ្ញាចោទប្រកាន់ពីបទ គេចពីការធ្វើចត្តាឡីស័ក ឬគេចចេញពីកន្លែងធ្វើចត្តាឡីស័ក តាមច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូរឹង-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរ ផ្សេងទៀត។

មាត្រា៧ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ចែងថា អ្នកគេចវេះពីការធ្វើចត្តាឡីស័ក ត្រូវដាក់ពន្ធនាគារពី ៦ខែ ដល់ ៣ឆ្នាំ និងពិន័យជាប្រាក់ ២ លានរៀលទៅ ១០ លានរៀល ។

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា ការដាក់វិធានការ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ វាជារឿងមួយ ប៉ុន្តែលោកចង់ឱ្យរដ្ឋាភិបាលធ្វើការពិនិត្យមើលឡើងវិញ ចំពោះមូលហេតុដែលនាំឲ្យពលរដ្ឋគេចវេសពីការធ្វើចត្តាឡីស័ក។ លោកថា មូលហេតុដែលនាំពួកគាតគេចវេស ដោយសារ កន្លែងដែលធ្វើចត្តាឡីស័កមិនមានបរិយាកាសល្អ និងការមិនបានដោះស្រាយបញ្ហាជីវភាព អំឡុងពេលដែលពួកគាត់កំពុងធ្វើចត្តាឡីស័កជា។

លោក ស៊ឹង សែនករុណា  ជំរុញឱ្យរដ្ឋាភិបាលត្រូវធ្វើការដោះស្រាយបញ្ហា អំឡុងពេលដែលពួកគាត់កំពុងធ្វើចត្តាឡីស័ក ប៉ុន្តែប្រសិនបើពួកគាត់គេចវេសទៀត លោកចង់ឱ្យរដ្ឋាភិបាលអប់រំ ដោយធ្វើកិច្ចសន្យាផ្សេងៗ ឬដាក់ពិន័យរដ្ឋបាល ជាជាងការប្រើវិធានការច្បាប់លើប្រជាពលរដ្ឋ។

អ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UN) បានរិះគន់កម្ពុជា ចំពោះការដាក់ចេញនូវវិធានការច្បាប់ប្រឆាំងនឹងពលរដ្ឋរបស់ខ្លួន នៅក្នុងអំឡុងពេលទប់ស្កាត់ជំងឺកូវីដ-១៩ និងបានជំរុញឱ្យកម្ពុជាពិនិត្យអភិក្រមរបស់ខ្លួនឡើងវិញ។

ក្រុមអ្នកជំនាញសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ បានចេញ  សេចក្តីថ្លែងការណ៍មួយពីទីក្រុងសឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី១២ ខែមេសា ដោយសម្តែងកង្វល់ជាខ្លាំងចំពោះវិធានការច្បាប់និងវិធានការរដ្ឋបាលថ្មីដែលមានលក្ខណៈតឹងរ៉ឹង ដែលត្រូវបានដាក់ចេញជាបន្តបន្ទាប់ ដើម្បីឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺកូវីដ-១៩។

អ្នកជំនាញសិទ្ធិមនុស្សចាត់ទុកវិធានការច្បាប់នោះថា  បានធ្វើឱ្យប៉ះពាល់ដល់សិទ្ធិជាមូលដ្ឋាន រួមទាំងសេរីភាពក្នុងការដើរហើរ សិទ្ធិជួបជុំដោយសន្តិវិធី និងសិទ្ធិការងារ ជាដើម ខណៈច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលត្រូវបានប្រកាសឱ្យប្រើប្រាស់កន្លងមក បានបើកផ្លូវឱ្យមានការដាក់ទោសជាប់ពន្ធនាគារ ២០ឆ្នាំ និងពិន័យជាប្រាក់រហូតដល់២០លានរៀល ឬ ប្រមាណជា ៥ពាន់ ដុល្លារ។

បើតាមសេចក្តីថ្លែងការណ៍ក្រុមអ្នកជំនាញសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ឱ្យដឹងថា មនុស្សចំនួន៤នាក់ យ៉ាងហោចណាស់ ហើយត្រូវបានចាប់ខ្លួន បន្ទាប់ពីច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩នេះចូលជាធរមាន ហើយមនុស្សមួយចំនួនទៀតត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កផងដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស