30.7 C
Phnom Penh

ក្រសួងសុខាភិបាលកម្ពុជា ណែនាំ ពីការថែទាំព្យាបាលជំងឺកូវីដ១៩ នៅតាមផ្ទះដោយខ្លួនឯង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួងសុខាភិបាលកម្ពុជា ណែនាំឲ្យមានការតាមដានរោគសញ្ញា និងការថែទាំព្យាបាលអ្នកមានជំងឺកូវីដ១៩ នៅតាមផ្ទះដោយខ្លួនឯង។

ក្រសួងសុខាភិបាល លើកឡើងថា ករណីអ្នកវិជ្ជមានជំងឺកូវីដ១៩ដែលគ្មានរោគសញ្ញាគួរឲ្យសង្ស័យ ដូចជា មិនក្អក កម្ដៅក្រោម៣៧.៥អង្សា មិនហៀរសំបោរ មិនឈឺបំពង់ក នោះគឺបញ្ជាក់ថា ពួកគេនៅមានសភាពទូទៅធម្មតា ដូច្នេះមិនចាំបាច់ប្រើឱសថដើម្បីព្យាបាលនោះទេ។

ក្រសួងបញ្ជាក់ថា ចំពោះអ្នកវិជ្ជមានវីរុសកូវីដ១៩ កម្រិតស្រាល ហើយមានរោគសញ្ញា ដូចជា មានកម្ដៅលើសពី ៣៧.៥អង្សា មានអាការៈឈឺសាច់ដុំ ឈឺបំពង់ក ពួកគេត្រូវប្រើថ្នាំជាបន្ទាន់ ក្នុងនោះ សម្រាប់មនុស្សពេញវ័យ ដែលមានទំងន់ចាប់ពី៣០គីឡូក្រាម ឡើងទៅ ត្រូវប្រើថ្នាំ ប៉ារ៉ាសេតាម៉ុល ៥០០មីល្លីក្រាម មួយថ្ងៃ៣ដង រីឯវិធីព្យាលបាលសម្រាប់កុមារដែលមានទំងន់ចាប់ពី ២០ ទៅ ២៩គីឡូក្រាម ត្រូវប្រើប៉ារ៉ាសេតាម៉ុល ៣០០មីល្លីក្រាម មួយថ្ងៃ៣ដង ជាកំហិត។

ក្រសួងសុខាភិបាល ថា ក្នុងករណីមានសញ្ញាបន្ថែមដូចជា តឹងច្រមុះ ឬហៀរសំបោ ឬក្អក មាន ឬមិនមានស្លេស សម្រាប់មនុស្សពេញវ័យ ឬកុមារអាយុចាប់ពីអាយុ ៦ឆ្នាំឡើងទៅ ត្រូវលេបថ្នាំ ប្រូម៉ិចស៊ីន (Bromhexion) ៨មីល្លីក្រាម មួយថ្ងៃបីដង ឬប្រសិនបើប្រើថ្នាំ សេទីរី   ហ្ស៉ីន (Cetirizine) គឺត្រូវលេប ១០មីល្លីក្រាម មួយថ្ងៃម្ដងតែប៉ុណ្ណោះ។

ក្រសួង បានណែនាំទៅកាន់អ្នកជំងឺដែលត្រូវព្យាបាលនៅផ្ទះ ថា ត្រូវស្នាក់នៅបន្ទាប់ដាច់ដោយឡែក មានអនាម័យស្អាត និងមានខ្យល់ចេញ-ចូលល្អ ត្រូវពាក់ម៉ាស លាងសម្អាតដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹក ឬអាល់កុល និងរក្សាគម្លាតយ៉ាងតិច២ម៉ែត្រ បរិភោគអាហារមានជីវជាតិគ្រប់គ្រាន់ ដូចជា សាច់ បន្លែ ផ្លែឈើ និងពិសារទឹកឲ្យបានច្រើន។

លើសពីនេះ ត្រូវតាមដានសុខភាពខ្លួនឯង ឲ្យបានញឹកញាប់ និងទៀងទាត់ប្រចាំថ្ងៃ ថែរក្សាសុខភាពផ្លូវចិត្ត និងធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ ហាមជក់បារី ផឹកស្រា ឬគ្រឿងស្រវឹងផ្សេងៗ ត្រូវប្រើប្រាស់សម្ភារ និងបោកគក់ដាច់ដោយឡែកពីសមាជិកគ្រួសារ និងវេចខ្ចប់សំរាមចោលឲ្យបានត្រឹមត្រូវ និងដាច់ដោយឡែកផងដែរ។

សេចក្តីណែនាំនេះធ្វើឡើងក្នុងលិខិតផ្លូវការរបស់ក្រសួងសុខាភិបាលកម្ពុជា ដើម្បីជូនដំណឹងដល់ពលរដ្ឋ ក៏ដូចជាអ្នកមានជំងឺកូវីដ១៩ កម្រឹតស្រាលដែលកំពុងសម្រាកព្យាបាល ឬនឹងត្រូវសម្រាកព្យាបាលនៅគេហដ្ឋានរបស់ខ្លួន។

នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ នេះ ក្រសួងសុខាភិបាលបានចេញសេចក្តីណែនាំទៅដល់ពលរដ្ឋ ក៏ដូចជាអ្នកមានជំងឺកូវីដ១៩ ពីរបៀបថែរក្សា និងព្យាបាល ជំងឺកូវីដ១៩ នៅផ្ទះរៀងខ្លួន ដើម្បីកាត់បន្ថយការកកស្ទះនៅក្នុងមន្ទីរពេទ្យ ព្រោះថា នៅមន្ទីរពេទ្យទុកសម្រាប់ព្យាបាលតែអ្នកជំងឺដែលមានសភាពធ្ងន់ធ្ងរ និង សង្គ្រោះបន្ទាន់តែប៉ុណ្ណោះ។

នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ដែលហៅកាត់ថា សង់ត្រាល់ លោក មឿន តុលា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា វិធីណែនាំនេះគឺពិតជាល្អហើយសម្រាប់ការព្យាបាលជំងឺកូវីដ១៩ ប៉ុន្តែលោក បារម្ភថា ក្រែងពលរដ្ឋដែលត្រូវទទួលការព្យាបាលបែបនេះ មិនមានលទ្ធភាពគ្រប់គ្រាន់ដើម្បីអនុវត្តតាមការណែនាំនេះ ដូច្នេះ រដ្ឋាភិបាលគួរតែបង្កើនការយកចិត្តទុកដាក់បន្ថែមទៀតលើបញ្ហានេះ។

លោក មឿន តុលា បញ្ជាក់ថា កត្តាដែលសំខាន់សម្រាប់អ្នកមានជំងឺកូវីដ១៩ គឺសូមរក្សាផ្លូវចិត្តរបស់ខ្លួនឲ្យបានរឹងមាំ ព្រោះថា បើអ្នកជំងឺបាក់ទឹកចិត្ត បរិភោគមិនកើត គេងមិនលក់ គឺជាមូលហេតុដែលជំងឺ ងាយ វាយលុកបំផុត ប៉ុន្តែដើម្បីចៀសវាងបញ្ហានេះ រដ្ឋាភិបាលត្រូវជួយដោះស្រាយបញ្ហាជូនពួកគាត់ផងដែរ ដូចជា ជួយសម្រួលវិបត្តសេដ្ឋកិច្ចក្នុងគ្រួសារ និងបញ្ហាបន្ទាប់បន្សំផ្សេងទៀត នោះទើបការព្យាបាលនេះកាន់តែមានប្រសិទ្ធិភាព៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស