35 C
Phnom Penh

ចិនបដិសេធមិនដក នាវាចេញដែនទឹកហ្វីលីពីនទោះមានការគំរាមក៏ដោយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅទីបំផុតចិន បង្ហាញភាពរឹងរ៉ុសដោយប្រាប់ទៅហ្វីលីពីនថា គ្មានពេលណាដែលចិនទទួលស្គាល់ តំបន់កោះស្ព្រាតលី មួយផ្នែកជារបស់ហ្វីលីពីនផ្ដាច់មុខនោះទេ។

ឯកអគ្គរដ្ឋទូតចិន Huang Xilian បានប្រាប់មន្ត្រីក្រសួងការបរទេសហ្វិលីពីន ថា ចិនមានដែនអធិបតេយ្យដល់ទៅជាង៩០%នៃផ្ទៃ សមុទ្រចិនខាងត្បូងទាំងមូល។

រដ្ឋមន្រ្ដីនៃក្រសួងការបរទេសហ្វីលីពីនកាលពីថ្ងៃពុធទី១៤ ខែមេសាបានបញ្ជាឱ្យមានការតវ៉ា ការទូត មួយលើកទៀតក្នុងចំណោមការតវ៉ាចំនួន៣លើក ក្នុងពេលជាងមួយខែ ដោយទាមទារឱ្យនាវាល្បាតទាំង២៤០គ្រឿងចាកចេញពីតំបន់ជម្លោះសមុទ្រចិនខាងត្បូងនៃតំបន់ដែនទឹកហ្វីលីពីន ដែលក្រុងម៉ានីលអះអាងថាជាដែនទឹកសេដ្ឋកិច្ចផ្ដាច់មុខរបស់ហ្វីលីពីន។

អស់រយៈពេល៥សប្ដាហ៍ ដែលនាវាល្បាតចិនចូលសមុទ្រចិនខាងត្បូងក្នុងដែនទឹកដែលហ្វិលីពីន អះអាងថា ជារបស់ខ្លួនបានធ្វើឱ្យហ្វិលីពីនកោះហៅឯកអគ្គរដ្ឋទូតចិន នៅក្រុងម៉ានីលចូលមកបំភ្លឺកាលពីថ្ងៃទី១២ខែមេសា ប៉ុន្តែមន្ត្រីទូតចិនរូបនេះ បានប្រាប់ដោយផ្ទាល់ទៅមន្ត្រីក្រសួងការបរទេសហ្វីលីពីនថា ចិនសូមបដិសេធរាល់ការចោទថា ចិន រំលោភដែនទឹកប្រទេសណាមួយនោះ។

ជាការឆ្លើយតប ប្រទេសយក្សអាស៊ីមួយនេះបានបដិសេធមិនធ្វើតាមការទាមទាររបស់ហ្វិលីពីនឡើយ ដែលមានន័យថា គ្មានទេការដកនាវាល្បាតទាំង២៤០គ្រឿងចេញពីដែនទឹកនៅប្រជុំកោះ Whitsun ។

បន្ទាប់ពីឯកអគ្គរដ្ឋទូតចិនបានប្រកាន់ជំហរបែបនេះ ក្រសួងការបរទេសហ្វីលីពីន បានបន្តចេញសេចក្ដីថ្លែងការណ៍មួយទៀត ដោយក្រុងម៉ានីលប្រាប់ពិភពលោកថា ចិនបង្ករឿងបំពានប្រទេសជិតខាងនិងកំពុងរំលោភច្បាប់ស្តីពីដែនសមុទ្រអន្តរជាតិ។

រដ្ឋមន្ត្រីការបរទេស Teodoro Locsin បានបញ្ជាក់ក្នុង Twitter របស់លោកថាទូកនេសាទ របស់ចិនបានបើកចូលក្នុងដែនទឹកហ្វីលីពីន ដោយមិនបានគិតអំពីការដេញត្រឡប់ទៅវិញឡើយ។

កងទ័ពជាតិហ្វីលីពីននៅសមុទ្រចិនខាងត្បូងបានធ្វើរបាយការណ៍បច្ចុប្បន្នភាពដោយថ្កោលទោសនាវាល្បាតចិន និងយោធាចិនដែលបានអះអាងអធិបតេយ្យនៅតំបន់តានតឹងនោះថាជាដែនទឹករបស់ខ្លួន ។

កងទ័ពហ្វិលីពីនបាន រកឃើញថា ចិនមិនត្រឹមតែពង្រាយនាវាល្បាតនិងទូកនេសាទប៉ុណ្ណោះទេ គឺថែមទាំងពង្រាយនាវាពិឃាត២១គ្រឿងទៀតផងមកក្នុងខ្សែទឹករបស់ហ្វីលីពីន ហើយនាវានៃកងទ័ពរំដោះប្រជាជនចិនមានចេតនា ក្នុងកាន់កាប់យកតំបន់នោះ ជាតំបន់យោធារបស់ខ្លួន។

បើតាមសេចក្ដីរាយការណ៍ដំបូងៗគឺ ចិនបានពង្រាយនាវាល្បាតចំនួន២២០គ្រឿង កាលពីថ្ងៃទី៧ ខែមេសា ចូលក្នុងតំបន់ប៉ប្រ៉ះទឹក Whitsun ។ កងកម្លាំងហ្វីលីពីនបានបញ្ជាក់ថា នាវាល្បាត និងនាវាផ្សេងទៀតរបស់ចិនបានទៅកាន់ដែនកោះ និងប្រជុំថ្មប៉ប្រ៉ះទឹកដល់ទៅ៨ទីតាំងដែលសុទ្ធតែស្ថិតនៅក្នុងដែនទឹកហ្វីលីពីន។

កងទ័ពហ្វីលីពីនព្រមានថាវត្តមាននាវាល្បាត និងកងម៉ារីនចិន នៅសមុទ្រហ្វីលីពីន គឺជាការបំផ្លាញសន្ដិភាព និងស្ថេរភាពតំបន់ដែល ហ្វីលីពីននឹងមិនទំលាក់ចោលជំហររបស់ខ្លួនក្នុងការប្រឆាំងនឹងចិននោះទេ ។

ហ្វីលីពីនគឺជាប្រទេសតែមួយគត់ដែលបានសិទ្ធលើប្រទេសចិនក្រោមសាលក្រម នៃមជ្ឈត្តិការអន្ដរជាតិឆ្នាំ២០១៦ដែលចអង្អុលថានៅតំបន់ស្កាបូរ៉ូ គឺជាដែនទឹកហ្វីលីពីន ប៉ុន្ដែចិនបដិសេធមិនទទួលស្គាល់ដីកាសម្រេចនោះទេដោយចាត់ទុកថាវាគ្មានលក្ខណៈផ្អែកតាមការពិតនៃប្រវត្តិសាស្រ្ដចិនឡើយ។

ទន្ទឹមនឹងភាពតានតឹងជាខ្លាំងជាមួយនឹងចិនដូចនេះ ហ្វីលីពីនបានឱ្យសញ្ញាដឹងថា ខ្លួនមានសហរដ្ឋអាមេរិកការពារយ៉ាងម៉ឹងម៉ាត់ក្រោមកាតព្វកិច្ចជួយគ្នា ទ្វេភាគីប្រសិនបើមាន ការវាយប្រហារជាមួយប្រទេសណាមួយ មិនថាមហាអំណាចចិនក៏ដោយនោះ៕  

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស