ក្រសួងសុខាភិបាល បានអះអាងថា វ៉ាក់សាំងទាំង ៣ប្រភេទ គឺស៊ីណូហ្វាម អាស្ត្រាហ្សេនីកា និងស៊ីណូវ៉ាក់ បានចាក់ជូន ពលរដ្ឋប្រមាណ ១លាននាក់ហើយ។
របាយការណ៍របស់ក្រសួងសុខាភិបាលកម្ពុជាស្ដីពីការចាក់ថ្នាំបង្ការជំងឺCovid-19 បានចេញផ្សាយនៅពាក់កណ្តាលខែមេសា ឆ្នាំ២០២១ នេះថា ក្នុងរយៈពេល១៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ នេះ អ្នកស្ម័គ្រចិត្តទៅចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ មានចំនួនជិត ៦០ម៉ឺននាក់ហើយ។
ក្រសួងអះអាងថា អ្នកដែលត្រូវក្រុមគ្រូពេទ្យអនុញ្ញាតឱ្យចាក់វ៉ាក់សាំងប្រឆាំងវីរុស Covid-19 មានចំនួនជាង ៥៥ម៉ឺននាក់ និងអ្នកដែលមិនត្រូវបានអនុញ្ញាតឱ្យចាក់មានចំនួនជិត ៤ម៉ឺននាក់ឯណោះ ដោយឡែកសម្រាប់អ្នកដែលនឹងត្រូវទទួលថ្នាំបង្ការលើកទី២ មានចំនួនត្រឹមតែជាង ៦ពាន់នាក់តែប៉ុណ្ណោះ។
ក្រសួងសុខាភិបាល បញ្ជាក់ថា សព្វថ្ងៃនេះទីតាំងសម្រាប់ចាក់វ៉ាក់សាំងប្រឆាំងវីរុសCovid-19 មានប្រមាណ ១០៩កន្លែងនៅទូទាំងប្រទេស ប៉ុន្តែក្រសួងគ្រោងនឹងពង្រីកឲ្យបានរហូតដល់ទៅ ២៥០កន្លែង ដើម្បីពន្លឿនការផ្តល់វ៉ាក់សាំងឲ្យបានកាន់តែឆាប់ជូនប្រជាពលរដ្ឋដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសដ៏កាចសាហាវនេះ។
ការអះអាងនេះធ្វើឡើង បន្ទាប់ពីក្រសួងសុខាភិបាលកម្ពុជាបានសម្រេចចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ (SINOVAC) នៅក្នុងក្របខណ្ឌទូទាំងប្រទេសក្រោយទទួលបានវ៉ាក់សាំងពីប្រទេសចិន ជាបន្តបន្ទាប់។
ក្រសួងសុខាភិបាលបានបើកយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងវីរុសCovid-19 កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ ទូទាំងប្រទេសលើជនគោលដៅប្រមាណជាង ៧០ម៉ឺននាក់ ក្នុងនោះរួមមាន ក្រុមគ្រូពេទ្យមន្ត្រីសុខាភិបាលជួរមុខ សមាជិករដ្ឋសភា ព្រឹទ្ធសភា អ្នកសារព័ត៌មាន កងកម្លាំង និងមន្ត្រីមូលដ្ឋានគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការស៊ីវិល រួមទាំងបុគ្គលិកកិច្ចសន្យា និងកម្មករ-កម្មការិនីនៅតាមរោងចក្រមួយចំនួន ផងដែរ។
លោក ហ៊ុន សែន ធ្លាប់បានព្រមានខ្លាំងៗថា នឹងដកចេញពីតំណែង ចំពោះមន្ត្រីដែលមានបំណងគេចវេសពីការចាក់វ៉ាក់សាំង។ ជាងនេះទៀត កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ ប្រមុខរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យស្ដីពី កាតព្វកិច្ចក្នុងការទទួលចាក់វ៉ាក់សាំងការពារជំងឺCovid-19 ដើម្បីដាក់ ពិន័យលើមន្ត្រីរាជការទាំងឡាយណាដែលមានបំណងគេចវេសមិនព្រមចាក់វ៉ាក់សាំងនេះ។
ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃនេះថា ការចាក់វ៉ាក់សាំងនៅតែជាជម្រើសល្អបំផុតក្នុងការទប់ទល់ជំងឺCovid-19 បើទោះបីជា មានអ្នកស្លាប់ដោយសារជំងឺកកឈាមក្រោយការចាក់វ៉ាក់សាំងនេះក៏ដោយ ប៉ុន្តែអត្រាអ្នកស្លាប់ គឺនៅតែមានកម្រិតទាបជាងអ្នកឆ្លងជំងឺCovid-19 ឆ្ងាយណាស់។
លោក ជំរុញឲ្យក្រសួងសុខាភិបាលកម្ពុជា គួរតែសិក្សាបន្ថែមទៀត ថាតើ អ្នកឆ្លងវីរុសCovid-19 អ្នកអាចនឹងប្រឈមជាមួយជំងឺកកឈាមច្រើនជាងអ្នកចាក់វ៉ាក់សាំងកម្រិតណា លើសពីនេះ ត្រូវបញ្ជាក់ឲ្យច្បាស់ថាតើ អ្នកដែលបានចាក់វ៉ាក់សាំងនឹងមិនឆ្លងវីរុសCovid-19 ឬមិនប្រឈមនឹងជំងឺកកឈាម និងជំងឺឱកាសនិយមផ្សេងទៀតកម្រិតណា។
ទាក់ទិននឹងបញ្ហានេះ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ នេះ ស្ថានទូតចិន ប្រចាំកម្ពុជា បាន សរសេរលើទំព័រ Facebook របស់ខ្លួនថា វ៉ាក់សាំង ស៊ីណូវ៉ាក់ Sinovac ដែលរដ្ឋាភិបាលកម្ពុជា បានបញ្ជាទិញចំនួន ៥០ម៉ឺនដូស នឹងដឹកជញ្ជូនទៅដល់អាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ស្អែកនេះជាកំហិត៕
ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ស្អែកនេះជាកំណត់៕