38 C
Phnom Penh

ក្រុមអ្នកតស៊ូរមតិថា ប្រជាពលរដ្ឋខ្មែរស៊ាំនឹងល្បិចកលនយោបាយរបស់អ្នកដឹកនាំខ្មែរហើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមបញ្ញវន្តខ្មែរ នៅក្រៅស្រុក រិះគន់ថា ពលរដ្ឋខ្មែរ និងសហគមន៍អន្តរជាតិ ស៊ាំនឹងល្បិចកលនយោបាយលើគោករបស់រដ្ឋាភិបាលផ្ដាច់ការដែលពួកគេតែងប្រើជាញឹកញាប់ទាំងនោះទៅហើយ។

អ្នកវិភាគនយោបាយសង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បានសរសេរលើគណនីFacebook របស់លោកនៅថ្ងៃទី១៥ ខែមេសា នេះថា វិធីបិទខ្ទប់របស់រដ្ឋាភិបាលលោក ហ៊ុន សែន សាចុះ សាឡើងនេះ គឺអាចជាវិធីបន្លំភ្នែកពលរដ្ឋដើម្បីលក់ទំនិញខូចគុណភាព និងជាបំណងខំប្រឹងបិទបាំងអសមត្ថភាពប្រឆាំងនឹងCovid-19 របស់ខ្លួនផងដែរ។

លោកអះអាងថា ល្បែងធ្វើជាបែកធ្លាយព័ត៌មានមុនបិទក្រុងភ្នំពេញ ជាផ្លូវការដើម្បីទប់ស្កាត់ការរីករាលដាលជំងឺCovid-19 នោះ ក៏អាចជាយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលផ្ដាច់ការដើម្បីបង្អើលពលរដ្ឋឲ្យទិញទំនិញដែលខូចគុណភាព ដូចជា យកឈ្មោះឧកញ៉ាថ្មីៗមកប្រើ ដើម្បីបញ្ចេញ អង្ករ ត្រីខកំប៉ុង មី ជាដើម ក្នុងឃ្លាំងរដ្ឋដាក់លក់លើទីផ្សារ ហើយអួតថា លក់ចុះថ្លៃជូនប្រជាពលរដ្ឋក្នុងតម្លៃមនុស្សធម៌ ប៉ុន្តែការពិត នោះគ្រាន់តែជាវិធីប្រវ័ញ្ចយកប្រយោជន៍ជំនួញបក្ខពួក និងនយោបាយរបស់លោក ហ៊ុន សែន ប៉ុណ្ណោះ។

លោកបញ្ជាក់ថា ផ្សារលក់គ្រឿងឧបភោគ បរិភោគ មួយចំនួនធំ គឺជាកម្មសិទ្ធិរបស់គ្រួសារត្រកូលហ៊ុន រីឯផ្សារធំៗផ្សេងទៀត ក៏មានចំណែកទុនគ្រួសារហ៊ុនដែរ ដូច្នេះនេះជាឱកាសដែលពួកគេអាចលេងល្បែងកើបលុយ ពីការលក់ទំនិញបាតឃ្លាំងគ្មានគុណភាព និងការធ្វើប្រជាភិថុតិនយោបាយ ក្នុងរូបភាពចែកអំណោយបន្តិចបន្តួច ដាក់ឈ្មោះលោក ហ៊ុន សែន ដើម្បីយកមុខតែប៉ុណ្ណោះ។

លោក ហ៊ុន សែន បានចេញអនុក្រឹត្យ បន្ទាន់មួយកាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ សម្រេចបិទទីក្រុងភ្នំពេញ និងក្រុងតាខ្មៅ រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោង ១២.០០នាទី ថ្ងៃទី១៥ ខែមេសា រហូតដល់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺCovid-19។

អនុក្រឹត្យនេះ ត្រូវបានផ្សព្វផ្សាយជាសាធារណៈ ក្រោយការបែកធ្លាយសារសំឡេងចេញពីផ្ទៃក្នុងបក្សកាន់អំណាចថា ប្រមុខរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទទីក្រុងភ្នំពេញ និងក្រុងតាខ្មៅហើយ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺCovid-19។ បញ្ហានេះ លោក ហ៊ុន សែន បានគម្រាមថា លោកនឹងចាត់វិធានការចំពោះមន្ត្រីដែលធ្វើឲ្យបែកធ្លាយសំឡេងនេះឲ្យបានដាច់ខាត។

ពលរដ្ឋដែលរស់នៅក្នុងទីក្រុងភ្នំពេញ បានផ្អើលទៅទិញអាហារទុកបរិភោគទាំងយប់នៅតាមផ្សារមួយចំនួនដូចជា ផ្សារដើមគរជាដើម ដែលធ្វើឲ្យមានការកកស្ទះយ៉ាងខ្លាំង ក្រោយពួកគេបានសារសំឡេងរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា សម្រេចបិទទីក្រុងភ្នំពេញ និងក្រុងតាខ្មៅដែលគេបានបញ្ចេញនោះ។

អតីតមេបក្សប្រឆាំងលោក សម រង្ស៊ី បានសរសេរលើគណនី Facebook របស់លោកកាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ នេះថា សេចក្តីសម្រេចរបស់លោក ហ៊ុន សែន ឲ្យបិទខ្ទប់ទីក្រុងភ្នំពេញ និងទីក្រុងតាខ្មៅនេះ មិនបានឈរលើមូលដ្ឋានបច្ចេកទេស វេជ្ជសាស្ត្រ និងវិទ្យាសាស្ត្រអ្វីឡើយ ប៉ុន្តែវាបានបង្ហាញពីភាពស្លន់ស្លោទៅវិញ។

លោកបញ្ជាក់ថា ការបិទនេះគ្រាន់តែ បង្ហាញឲ្យឃើញពីគោលបំណងរក្សាអំណាច ដែលគាត់យកជំងឺFacebook  ជាលេស ដើម្បីគាបសង្កត់ និងគំរាមកំហែងពលរដ្ឋ កាន់តែខ្លាំងឡើងថែមទៀត ហើយដើម្បីចៀសវាងការចល័តទ័ព និងការរំជើបរំជួលក្នុងជួរកងកម្លាំងប្រដាប់អាវុធដែល មិនពេញចិត្តពីការដឹកនាំរបស់គាត់ប៉ុណ្ណោះ៕

ប្រដាប់អាវុធ ដែលអាចមិនពេញចិត្តពីការដឹកនាំរបស់គាត់តែប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស