40.9 C
Phnom Penh

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា មួយរូបបានទទួលមរណភាពដោយសារតែជំងឺ Covid-19

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជា មួយរូបបានទទួលមរណភាពដោយសារតែជំងឺ Covid-19 កាលពីល្ងាចថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ ក្រោយពេលដែលលោកបានសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត តាំងពីថ្ងៃយប់ទី០៦ ខែមេសា ឆ្នាំ២០២១ កន្លងមក។

លោក ម៉ៅ អាយុទ្ធ វ័យ ៧៧ឆ្នាំ ជារដ្ឋលេខាធិការក្រសួងព័ត៌មាន ត្រូវបានក្រសួងសុខាភិបាល បញ្ជាក់ថា បានទទួលមរណភាព ដោយសារវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងធ្ងន់ធ្ងរ ដោយសារវីរុសCovid-19 ហើយលោកក៏មានជំងឺទឹកនោមផ្អែមប្រចាំកាយដែរ។ ស្ថានភាពអ្នកជំងឺរបស់លោក កាន់តែធ្ងន់ធ្ងរឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ ទោះជាក្រុមគ្រូពេទ្យបានខិតខំប្រើវិធីព្យាបាល តាមលក្ខណៈបច្ចេកទេសយ៉ាងណាក៏ដោយ ប៉ុន្តែមិនអាចជួយសង្គ្រោះជីវិតលោកបាននោះទេ។

ក្រសួងសុខាភិបាល បានប្រកាសនៅថ្ងៃនេះដែរថា គិតត្រឹមថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ចំនួនអ្នកស្លាប់ដោយសារជំងឺCovid-19 មានចំនួន ៣២នាក់ហើយ ចំណែកឯឆ្លងជំងឺCovid-19 ដែលរកឃើញថ្មី មានចំនួន ២៦២នាក់ ដែលជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ធ្វើឲ្យអ្នកផ្ទុកជំងឺCovid-19 សរុប និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមានចំនួន ៣ពាន់ ៤៤នាក់ ហើយអ្នកដែលជាសះស្បើយមានចំនួន ៧៤នាក់។

អង្គការសុខភាពពិភពលោក WHO និងប្រមុខរដ្ឋាភិបាល បានព្រមានថា កម្ពុជា បាននឹងឈានដល់មាត់ជ្រោះមរណៈ ប្រសិនបើរដ្ឋាភិបាល និងប្រជាពលរដ្ឋ មិនសហការគ្នាចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺ  Covid-១៩ ឲ្យបានទាន់ពេលវេលាទេនោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស