31 C
Phnom Penh

លោក ហ៊ុន សែន ហាមមិនពលរដ្ឋមិនឱ្យចាកចេញពីផ្ទះ ឬភូមិនិងឆ្លងខេត្តរយៈពេល១៤ថ្ងៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន បានដាក់បទបញ្ជាបន្ថែមទៀត ទៅកាន់អាជ្ញាធរឲ្យអនុវត្តវិធានការបានតឹងរឹង ដោយមិនឱ្យពលរដ្ឋចេញពីផ្ទះមួយទៅផ្ទះមួយ ឬពីភូមិមួយទៅភូមិមួយទៀតឡើយ។

ការដាក់បទបញ្ជាបន្ថែមថ្មីទៀតនេះ បានធ្វើឡើងក្រោយពីចំនួនអ្នកឆ្លង និងស្លាប់ ដោយសារ ជំងឺកូវីដ-១៩ នៅតែមិនថយចុះ។ ជាក់ស្ដែងនៅថ្ងៃនេះ ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ចំនួន ២៦១នាក់ និងស្លាប់ចំនួន ៣៨ នាក់ ខណៈអ្នកឆ្លងសរុបកើនដល់ ៤ពាន់ ៩៣៨នាក់ គិតត្រឹមថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ។

ថ្លែងសារពិសេសនៅថ្ងៃទី១៦ខែមេសាឆ្នាំ២០២១ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើកថា  អំឡុងពេលបិទខ្ទប់រយៈពេល ២ថ្ងៃនេះ លោកនៅតែឃើញមានពលរដ្ឋ ធ្វើចរាចរ ហើយអាចប្រាស្រ័យទាក់ទងគ្នា និងឆ្លងរាជធានីភ្នំពេញទៅខេត្តបានដដែល។

ករណីនេះ លោកបញ្ជាទៅកាន់អាជ្ញាធរ និងសមត្ថកិច្ចត្រូវអនុវត្តវិធានការឱ្យបានតឹងរឹង ដោយបិទមិនឱ្យពលរដ្ឋចេញពីផ្ទះមួយទៅផ្ទះមួយ ឬ ពីភូមិមួយទៅភូមិមួយទៀតឡើយ។

ក្រៅពីឱ្យពង្រឹងការអនុវត្តហើយ  លោក ហ៊ុន សែន ក៏បានបញ្ជាទៅអាជ្ញាធមិនឱ្យពលរដ្ឋដែល ចេញពីរាជធានីភ្នំពេញទៅលេងស្រុកកំណើតអំឡុងពេលបុណ្យឆ្នាំនោះ  មិនឲ្យចូលទីក្រុងភ្នំពេញវិញឡើយ  ដោយត្រូវឱ្យត្រឡប់ទៅនៅស្រុកកំណើតវិញ រហូតដល់ការឆ្លងជំងឺកូវីដ-១៩ធូរស្រាល។

លោក ហ៊ុន សែន  បន្តថា បើការបិទខ្ទប់រយៈពេល ១៤ថ្ងៃ នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៅតែមិនមានប្រសិទ្ធភាព ក្នុងការកាត់បន្ថយការចម្លងជំងឺបានទេនោះ លោកនឹងបន្តដោយ បិទខ្ទប់រហូតដល់ ២៨ថ្ងៃ ឬអាចឈានទៅលើសពីនេះ ដូចប្រទេសមួយចំនួនបាន និងកំពុងធ្វើការអូសបន្លាយការបិទប្រទេស ឬបិទរដ្ឋធានីជាដើម។

កាលពីថ្ងៃទី១៤ ខែមេសា រដ្ឋាភិបាល បានសម្រេចបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ រយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ដោយថា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ទៅតំបន់ផ្សេងទៀតដែលធ្វើឱ្យពិបាកគ្រប់គ្រង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស