រដ្ឋបាលខេត្តព្រះសីហនុ សម្រេចបិទផ្អាកជាបណ្ដោះអាសន្ន អាជីវកម្ម ឬការលក់ដូរនៅក្នុងផ្សារលើ ក្រុងព្រះសីហនុ រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោង ០៣រសៀលថ្ងៃទី១៦ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺCovid-19 បន្ទាប់ពីមន្ត្រីសុខាភិបាល បានរកឃើញអាជីវករលក់ដូរក្នុងផ្សារលើ ចំនួន ១៣នាក់ បានឆ្លងជំងឺCovid-19។
សេចក្តីសម្រេច របស់រដ្ឋបាលខេត្តព្រះសីហនុ ចុះថ្ងៃទី១៦ ខែមេសា បញ្ជាក់ថា ការផ្អាកការធ្វើអាជីវកម្មក្នុងផ្សារលើ រយៈពេល ១៤ថ្ងៃ ក៏ត្រូវលើកលែងចំពោះអាជីវករលក់ដូរគ្រឿងឧបភោគ បរិភោគ រួមមាន បន្លែ ត្រី សាច់ គ្រឿងទេស គ្រាប់ធម្មជាតិ និងអង្ករជាដើម និងអាជីវករដែលលក់ចំណីអាហារមួយចំនួន។
ប៉ុន្តែអាជីវករខាងលើនេះ ត្រូវផ្អាកអាជីវកម្មលក់ដូររបស់ខ្លួនរយៈពេល ០៣ថ្ងៃសិន គឺចាប់ពីថ្ងៃទី១៦ ដល់ទី១៨ ខែមេសា ដើម្បីទុកពេល ឲ្យក្រុមការងារបាញ់ថ្នាំសម្លាប់មេរោគ និងលាងសម្អាតអនាម័យនៅក្នុងផ្សារទាំងមូល។ ជាងនេះទៀត នៅពេលអាជីវករលក់ដូរគ្រឿងឧបភោគបរិភោគទាំងនោះ មានលិខិតបញ្ជាក់អវិជ្ជមានជំងឺCovid-19 លើកទី១ ពីមន្ទីរសុខាភិបាលខេត្តព្រះសីហនុ ទើបអាចអនុញ្ញាតឲ្យចូលលក់ដូរក្នុងផ្សារឡើងវិញបាន។ ដោយឡែក ចំពោះអាជីវករលក់ដូរអាហារឆ្អិនស្រាប់ និងភេសជ្ជៈ អាចអនុញ្ញាតឲ្យលក់ដូរវិញបាន ប៉ុន្តែត្រូវវេចខ្ចប់ជូនអតិថិជន។
រដ្ឋបាលខេត្តព្រះសីហនុ បានព្រមានថា ចំពោះអ្នកដែលមិនអនុវត្តការសម្រេចខាងលើនេះ ត្រូវទទួលទោស ដូចមានកំណត់ក្នុងច្បាប់ស្ដីពី វិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺCovid-19 និងជំងឺឆ្លងកាចសាហាវ និងប្រឈមដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធជាធរមាន។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏បានចាត់ឲ្យមន្ទីរពាណិជ្ជកម្ម និងមន្ត្រីជំនាញពាក់ព័ន្ធ ឲ្យចុះអង្កេតតាមដាន នូវតម្លៃទំនិញគ្រប់ប្រភេទ ដែលបានដាក់លក់នៅលើទីផ្សារ និងទីតាំងផ្សេងៗ ក្នុងខេត្តនេះ ប្រសិនអាជីវករដំឡើងថ្លៃទំនិញរបស់ខ្លួនខុសប្រក្រតី នឹងចាត់វិធានការដាក់ពិន័យរដ្ឋបាលឲ្យបានធ្ងន់ធ្ងរបំផុត៕