អភិបាលខេត្តកោះកុង ចេញបទបញ្ជាទៅសមត្ថកិច្ចខេត្ត ចុះពង្រឹងការត្រួតពិនិត្យ ការធ្វើដំណើរចេញ-ចូល នៅតាមច្រកព្រំដែនទាំងអស់ ដើម្បីចាប់មេខ្យល់ នាំពលករចេញចូលប្រទេសទាំងពីរ ដោយខុសច្បាប់ ដើម្បីចាត់វិធានការតាមច្បាប់។
បទបញ្ជារបស់អ្នកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានធ្វើឡើងក្រោយពេល កម្លាំងសមត្ថកិច្ចចម្រុះខេត្តនេះ បានចាប់មេខ្យល់ និងពលករខ្មែរ ដែលលួចឆ្លងដែនចេញចូលពីកម្ពុជា-ថៃ ដោយលួចបង្កប់មនុស្សក្នុងរថយន្ត និងមធ្យោបាយផ្សេងៗទៀតប្រមាណ ២០នាក់ ជាបន្តបន្ទាប់មកនេះ។
មន្ត្រីរដ្ឋបាលខេត្តកោះកុង បានឲ្យដឹងថា ប៉ុន្មានសប្តាហ៍កន្លងមកនេះ កម្លាំងចម្រុះ បានចាប់ឃាត់ខ្លួនពលករខ្មែរ ចំនួន ១៨នាក់ បញ្ជូនទៅសាលាដំបូងខេត្តកោះកុង ផ្ដន្ទាទោស ក្រោយពលករទាំងនោះ បានបញ្ចប់ធ្វើចត្តាឡឺស័កគម្រប់ ១៤ថ្ងៃ តាមការកំណត់ របស់ក្រសួងសុខាភិបាលរួចមក។
ពលករទាំង ១៨នាក់នោះ ត្រូវបានមេខ្យល់លួចបង្កប់ក្នុងរថយន្ត រួចដឹកឆ្លងដែន ចេញពីប្រទេសថៃ ដោយខុសច្បាប់ ឆ្លងចូលក្នុងភូមិសាស្ត្រខេត្តកោះកុង ជាបន្តបន្ទាប់មកនេះ។
អ្នកស្រី មិថុនា ភូថង ព្រមានថា នឹងមិនលើកលែងជាដាច់ខាតចំពោះបុគ្គលគ្រប់ៗរូប ដែលធ្វើសកម្មភាពល្មើស នឹងបទបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហាមឃាត់ដាច់ខាត មិនឲ្យមានការលួចឆ្លងដែនដោយខុសច្បាប់ ក្នុងដំណាក់កាល នៃការឆ្លងរាតត្បាតជំងឺCovid-19 ឆ្លងចូលក្នុងសហគមន៍កាន់តែធ្ងន់ធ្ងរ ពីមួយថ្ងៃទៅមួយថ្ងៃ។
ទោះយ៉ាងណាអ្នកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ជំរុញសមត្ថកិច្ចជំនាញ ពន្លឿននីតិវិធីបញ្ជូនមេខ្យល់ និងពលករខ្មែរចំនួន ០២នាក់ទៀត ដែលសមត្ថកិច្ច ទើបចាប់ខ្លួនបាន កាលពីថ្ងៃទី១៥ ខែមេសា បញ្ជូនទៅកាន់តុលាការផ្ដន្ទាទោសឲ្យបានឆាប់ ក្រោយជនល្មើសទាំង០២នាក់នេះ បញ្ចប់ធ្វើចត្តាឡឺស័ក៕