27 C
Phnom Penh

សមត្ថកិច្ចខេត្តព្រះសីហនុ នៅមិនទាន់បានបញ្ជូនជនសង្ស័យក្នុងសំណុំរឿងឆបោកលុយជាង ១០លានដុល្លារ ទៅតុលាការ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋខេត្តព្រះសីហនុ បង្ហាញចម្ងល់ថា តើហេតុអ្វីបានជា លោក ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ មិនបញ្ជូនជនសង្ស័យចំនួន ៣នាក់ ក្នុងសំណុំរឿង ឆបោក រំលោភលើទំនុកចិត្ត ដែលកម្លាំងកងរាជអាវុធហត្ថ ចាប់បានកន្លងមក ទៅតុលាការដើម្បីផ្ដន្ទាទោស។

ជនសង្ស័យទាំង ៣នាក់ ដែលកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ចាប់កាលពីដើមខែមេសានេះ មានឈ្មោះ ឈ្មោះ ហ៊ឹន ត្រឹង ហៅ ហេង សុវណ្ណា ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជាអាជីវករ នៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ និងជនសង្ស័យ ០២នាក់ទៀតត្រូវជាបក្ខពួក។

ជនសង្ស័យឈ្មោះ ហ៊ឹន ត្រឹង ហៅ ហេង វណ្ណា ធ្លាប់បម្រើការងារជាមេការឲ្យលោក សឹម ប៊ុយឡេង គឺត្រូវបាន លោក លឹម ហ៊ុយឡេង ប្ដឹងចោទពីបទ ឆបោក រំលោភលើទំនុកចិត្ត និងកំហែងយក។ ជនសង្ស័យរូបនេះ ត្រូវកម្លាំងកងរាជអាវុធហត្ថ ចាប់បញ្ជូនខ្លួនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ កាលពីថ្ងៃទី០១ ខែមេសា។

ប៉ុន្តែប្រភពមួយចំនួន អះអាងថា ជនសង្ស័យរូបនេះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តនេះ ដោះលែងវិញស្ងាត់ៗ កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១  ដោយមានការឯកភាពពីថ្នាក់ដឹកនាំសាលាដំបូងខេត្តព្រះសីហនុ  តាមរយៈការសម្របសម្រួល រវាងភាគីទំនាស់ នៅក្រៅប្រព័ន្ធច្បាប់។

ពលរដ្ឋស្នើដល់ លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាពិសេសលោក ហ៊ុន សែន ជួយបញ្ជូនមន្ត្រីចុះស៊ើបអង្កេតសំណុំរឿងនេះ ថាតើមានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយដែរឬយ៉ាងណា? ទើបបានជា លោក ហេង ប៊ុនទី និងលោក សៀង សុខ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ មិនព្រមបញ្ជូនសំណុំរឿងនេះបន្តនីតិវិធីនៅតុលាការ។

លោក ហេង ប៊ុន ទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដាក់លិខិតកាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ ជូនលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មការការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺCovid-19 ដោយស្នើសុំពិនិត្យយកសំណាក និងធ្វើចត្តាឡីស័ក លើជនសង្ស័យឈ្មោះ ហ៊ឹន ត្រឹង ហៅ ហេង វណ្ណា ដើម្បីបន្តនីតិវិធីបញ្ជូនសំណុំរឿង ទៅតុលាការ តែផ្ទុយទៅវិញ លោក ហេង ប៊ុនទី បានដោះលែងជនសង្ស័យដោយស្ងាត់ៗ។

ពលរដ្ឋ និងមន្ត្រីឃ្លាំមើលសិទ្ធិមនុស្ស រិះគន់ថា អនុវត្តការងារខុសប្រក្រតី ផ្ទុយពីពលរដ្ឋមានទំនាស់ដីធ្លី ដែលលោកចាប់ គឺត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការដាក់ពន្ធនាគារភ្លាមៗ សូម្បីតែមនុស្សមានជំងឺវង្វេងស្មារតី ឬមនុស្សឆ្កួត ក៏មិនលើកលែងឲ្យដែរ។

សារព័ត៌មាន The Cambodia Daily នៅមិនទាន់អាចមានប្រភពទាក់ទង ឈ្មោះ ហ៊ឹន ត្រឹង ហៅ ហេង សុវណ្ណា ដើម្បីបំភ្លឺលើករណីចោទប្រកាន់ ខាងលើបាននៅឡើយទេ។ ចំណែកឯលោក                            លឹម ប៊ុនហេង អ្នកពាក្យសាលាដំបូងខេត្តព្រះសីហនុ និង លោក ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ក៏មិនទាន់អាចទាក់ទងដើម្បីបំភ្លឺបានដែរនៅថ្ងៃចន្ទ ទី១៩ ខែមេសា នេះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស