មន្ត្រីជំនាញមន្ទីរពាណិជ្ជកម្ម ខេត្តកណ្ដាល បានចុះស្រង់តម្លៃទំនិញចាំបាច់សម្រាប់ការហូបចុករបស់ពលរដ្ឋប្រចាំថ្ងៃ និងណែនាំឲ្យអាជីវករទាំងអស់ បិទស្លាកតម្លៃទំនិញឲ្យបានច្បាស់លាស់ ដើម្បីចៀសវាងការលក់ឡើងតម្លៃ ក្នុងពេលបិទខ្ទប់នេះ។
ប្រធានមន្ទីរមន្ទីរពាណិជ្ជកម្មខេត្តកណ្ដាល លោក អោម ប៊ុនធឿន នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ នេះ បានចុះត្រួតពិនិត្យនៅតាមស្តង់លក់អីវ៉ាន់បណ្ដោះអាសន្នមួយកន្លែង ដែលអាជ្ញាធរបានរៀបចំឡើង ស្ថិតក្នុងទីលានកីឡាដ្ឋានបាល់ទាត់ក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលជាតំបន់បិទខ្ទប់ ដើម្បីបញ្ចៀសការរាតត្បាតពីជំងឺCovid-19 ។
លោក បានណែនាំឲ្យអាជីវករទាំងអស់ បិទស្លាកតម្លៃទំនិញឲ្យបានគ្រប់ផលិតផលឲ្យបានត្រឹមត្រូវ ច្បាស់លាស់ និងណែនាំកុំឲ្យមាន ការដំឡើងថ្លៃទំនិញ ឲ្យហួសកម្រិតខុសឆ្ងាយពីតម្លៃ ដែលបានលក់មុនពេលបិទខ្ទប់នេះ។
លោកបញ្ជាក់ថា អាជីវករ និងអតិថិជនទាំងអស់ ត្រូវជួយសហការ ផ្ដល់ព័ត៌មាន ឬរាយការណ៍ជូនអាជ្ញាធរ មានសមត្ថកិច្ចពាក់ព័ន្ធនានា ព្រមទាំងមន្ទីរពាណិជ្ជកម្មខេត្តកណ្ដាល ក្នុងករណីមានជនឆ្លៀតឱកាសលក់ដំឡើងតម្លៃទំនិញក្នុងពេលនេះ។
ការណែនាំនេះធ្វើឡើងបន្ទាប់ពីអាជីវករមួយចំនួនបានដំឡើងថ្លៃទំនិញក្រោយរដ្ឋាភិបាលសម្រេចបិទខ្ទប់ទីក្រុងភ្នំពេញ និងក្រុងតាខ្មៅកាលពីពេលថ្មីៗនេះ។
ផ្សារចំនួនបី នៅក្រុងតាខ្មៅត្រូវបានបិទដំណើរការជាបណ្ដោះអាសន្ន ក្នុងនោះរួមមាន ផ្សារតាខ្មៅចាស់ ផ្សារតាខ្មៅថ្មី និងផ្សារកាត់ជ្រុង ឬផ្សារឯកជន ប៉ុន្តែរដ្ឋបាលខេត្តកណ្ដាល បានរៀបចំផ្សារបណ្ដោះអាសន្ន ដែលអាចលក់បន្លែ ត្រី សាច់ ផ្លែឈើនានា នៅក្នុងទីលានកីឡាដ្ឋានបាល់ទាត់ក្រុងតាខ្មៅជំនួសវិញ។
នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៩ ខែមេសា នេះថា លោកគាំទ្រវិធានការចុះធ្វើសវនកម្មលើតម្លៃនៃមុខទំនិញនៅពេលនេះដើម្បី ធានាតម្លៃទំនិញទាំងនោះជូន ពលរដ្ឋក្នុងតំបន់ដែលកំពុងបិទខ្ទប់ និងបញ្ឈប់ការឆ្លៀតឱកាសរបស់ឈ្មួញខិលខូចដែលបានលក់ដំឡើងថ្លៃ។
លោកអះអាងថា ដើម្បីជួយដោះស្រាយការលក់របស់អាជីវករឲ្យបានស្រួលក្នុងស្ថានភាពនេះ រដ្ឋាភិបាលគួរតែដាក់វិធានការបាញ់សម្លាប់មេរោគនៅតាមទីផ្សារឲ្យបានឆាប់។
ជាងនេះទៀត រដ្ឋត្រូវជួយសម្រួលដល់ការដឹកទំនិញដែលបម្រើឲ្យសេចក្តីត្រូវការចាំបាច់របស់ ពលរដ្ឋចូលដល់ទីផ្សារគ្រប់កន្លែង និងរឹតបន្តឹងវិធានការលើមន្ត្រីខិលខូចមួយចំនួន ដែលបានឆ្លៀតឱកាសប្រព្រឹត្តអំពើពុករលួយ ដោយការយកប្រាក់ពីអាជីវករជាថ្នូរ និងបើកឲ្យនាំទំនិញចូលក្នុងផ្សាផងដែរ។
លោកបញ្ជាក់ថា ដើម្បីឲ្យស្ថានភាពទីផ្សារនៅកម្ពុជា អាចរក្សាលំនឹងមិនឡើងថ្លៃគ្រប់មុខទំនិញ រដ្ឋាភិបាលត្រូវតែគ្រប់គ្រងឲ្យបាននូវតម្លៃទំនិញគ្រប់មុខលើទីផ្សារជាពិសេសថ្លៃសាំង រដ្ឋគួរតែពិចារណាបញ្ចុះតម្លៃឥន្ធនៈក្នុងស្ថានភាព ព្រោះថា បើសាំងនៅតែបន្តរក្សាតម្លៃខ្ពស់
នោះទំនិញគ្រប់មុខនឹងបន្តឡើងថ្លៃដូចគ្នាដែរមិនខាន៕