អគ្គនាយកដ្ឋានគយ រងរដ្ឋាករកម្ពុជា បានឲ្យដឹងថា លោក គិន លី មន្ត្រីចូលនិវត្តន៍ ដែលជាអតីតប្រធានសាខាគយ និងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ បានទទួលមរណភាព នៅម៉ៅង ០៨ព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ដោយសារជំងឺកូវីដ-១៩។
សេចក្តីជូនដំណឹង របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១បានឲ្យដឹងថា មរណភាព របស់លោក គិន លី គឺទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចូលរួមសោកស្តាយ និងចូលរំលែកមរណទុក្ខជាមួយក្រុមគ្រួសារ ព្រមទាំងញាតិមិត្តទាំងអស់នៃសព ដែលបានបាត់បង់មនុស្សជាទីស្រឡាញ់របស់ខ្លួននាពេលនេះ។ ហើយក៏បានរៀបចំទីសក្ការដុតធូបបួងសួង សូមវិញ្ញាណក្ខន្ធ លោក គិន លី បានបដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល បានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ៧០១៣នាក់, អ្នកជាសះស្បើយចំនួន ២៥២៤នាក់, អ្នកកំពុងព្យាបាលចំនួន ៤៤៣៩នាក់ និង អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ មានចំនួន ៤៥នាក់៕