បញ្ញវន្តខ្មែរនៅក្រៅស្រុក ប្រតិកម្មថា ការបង្កើតព្រឹត្តិការណ៍ធំៗនៅកម្ពុជា ជាពិសេសព្រឹត្តិការណ៍សហគមន៍Covid-19 នោះ គឺគ្រាន់តែជាផែនការដែលលោក ហ៊ុន សែន រៀបចំឡើងដើម្បីរំលេចឈ្មោះលោក ហ៊ុន ម៉ាណែត កូនប្រុសរបស់គាត់តែប៉ុណ្ណោះ។
អ្នកវិភាគនយោបាយសង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា មានទំនាស់ខ្លាំងណាស់រវាងក្រុមលោក ហ៊ុន សែន និងក្រុមលោក ស ខេង ត្បិត ក្រុមលោក ស ខេង បានជំទាស់ទៅនឹងលោក ហ៊ុន សែន ដែលបំពានបទបញ្ជាផ្ទៃក្នុងបក្សលើកបន្តុបលោក ហ៊ុន ម៉ាណែត ឲ្យកាន់អំណាចបន្តពីខ្លួន។
លោក អះអាងថា ការអូសបន្លាយក្នុងការកាន់អំណាចរបស់លោក ហ៊ុន សែន សព្វថ្ងៃនេះ គឺមានបំណងជួយបណ្តុះបណ្តាលកូនគាត់ឲ្យកាន់តែមានមុខមាត់ក្នុងជួរគណបក្សផង និងអាចឈោនទៅកាន់តំណែងក្នុងបក្សកាន់តែជ្រៅផង។ ជាងនេះទៀត ក៏ជាឱកាសដែលលោក ហ៊ុន សែន ពន្យារពេលឲ្យមន្ត្រីធំៗក្នុងបក្សដែលមានប្រជាប្រិយភាព ដូចជា លោក ស ខេង និងអ្នកស្រី ម៉ែន សំអន ជាដើម កាន់តែចាស់ដល់អាយុចូលនិវត្តផងដែរ។
លោកបញ្ជាក់ថា នៅពេលដែលមន្ត្រីមានប្រជាប្រិយភាពក្នុងជួរគណបក្សកាន់អំណាចដល់អាយុចូលនិវត្តន៍ហើយ នោះក៏ជាពេលវេលា សមរម្យអាចឲ្យលោក ហ៊ុន សែន ផ្ទេរអំណាចឲ្យកូនប្រុសរបស់គាត់ដោយគ្មានការភ័យព្រួយដែរ ដូច្នេះដើម្បីឲ្យលោក ហ៊ុន ម៉ាណែត មានប្រជាប្រិយភាពក្នុងជួរគណបក្សរហូតគេទទួលស្គាល់ លោក ហ៊ុន សែន ព្យាយាមបង្កើតព្រឹត្តិការណ៍ធំៗ ដូចជាបំប៉ោងបញ្ហាCovid-19 ជាដើម ដើម្បីលើកស្ទួយកូនប្រុសរបស់គាត់ឲ្យដើរតួជំនួស ធ្វើជាវីរបុរសក្លែងក្លាយ ដើម្បីកាន់កាប់អំណាចបន្ត។
លោកសង្កត់ធ្ងន់ថា ជំងឺCovid-19 ផ្ទុះឡើងនៅកម្ពុជា ស្ថិតក្នុងពេលវេលាដ៏ចម្លែក ព្រោះពិភពលោកបានគ្រប់គ្រងការឆ្លងនៃវីរុសនេះបានបណ្តើរៗហើយ ខណៈកម្ពុជា បែរជាផ្ទុះព្រឹត្តិការណ៍សហគមន៍ ទាំងដែលមិនធ្លាប់មានស្ថានភាពធ្ងន់ធ្ងរ នៃការឆ្លងវីរុសនេះពីមុនមក។
ជាងនេះទៀត ក្នុងស្ថានភាពនេះ លោក ហ៊ុន ម៉ាណែត និងភរិយារបស់គាត់បានចេញមុខទទួលភារកិច្ចនេះ ស្ទើរតែជំនួសឪពុករបស់ខ្លួនទៅហើយ។
ក្រុមអ្នកឃ្លាំមើលសង្គម រិះគន់ថា ក្នុងអំឡុងនៃការផ្ទុះឡើងនៃព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នេះ លោក ហ៊ុន សែន បានបញ្ចេញមន្ត្រីដែលគាត់ទុកចិត្ត និងគ្រួសារសាច់ញាតិរបស់គាត់ចេញអន្តរាគមន៍ជាបន្តបន្ទាប់ ខណៈក្រុមរបស់លោក ស ខេង និងមន្ត្រីដែលជាសេណារីយូរបស់គាត់មិនត្រូវបានគេឃើញចេញមុខបំពេញប្រតិបត្តិការនេះឡើយ។
កាលពីពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២០ រដ្ឋមន្រ្តីក្រសួងសេដ្ចកិច្ច និងហិរញ្ញវត្ថុលោក អូន ព័ន្ធមុនីរ័ត្ន ត្រូវបានតែងតាំងជាតំណាងនាយករដ្ឋមន្ត្រី ចូលប្រជុំអាស៊ាន ក្នុងអំឡុងពេលដែលលោក ហ៊ុន កំពុងធ្វើចត្តាឡីស័ក លើសពីនេះ លោកក៏ត្រូវបានតែងតាំងជាគណកម្មាធិការចំពោះកិច្ចដឹកនាំសមាជិកមួយចំនួនដើម្បីចរចា និងទិញមន្ទីពេទ្យនគរទេព្យ ដើម្បីរៀបចំអ្នកជំងឺក្នុងអំឡុងវិបត្តិកូវីដ១៩នេះ។
កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២១ នេះ លោក ហ៊ុន ម៉ាណែត ត្រូវបានតែងតាំងជាប្រធានថា អនុគណៈកម្មការគ្រប់គ្រងសន្តិសុខនិងសណ្តាប់ធ្នាប់នៅតាមគោលដៅ និងតំបន់ចត្តាឡីស័កដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលមានមន្ត្រីយោធា នគរបាល និងមន្រ្តីស៊ីវិលជាន់ខ្ពស់ចំនួន ១៣នាក់ ជាអនុប្រធាន និងសមាជិក៕