40.9 C
Phnom Penh

មន្ត្រីបក្សប្រឆាំងថា ការសុំសិទ្ធិធ្វើ​នយោបាយ​របស់បក្សប្រឆាំងស្មើនឹងកំពុងជួយយកឆ្អឹងដែលបានស្លាក់ក្នុងបំពង់កបក្សកាន់អំណាច

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង អះអាងថា ការសុំសិទ្ធិធ្វើនយោបាយរបស់មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ គឺជាការជួយដកឆ្អឹងដែលកំពុងតែស្លាក់ក្នុងបំពង់កបក្សកាន់អំណាច ឬដូចជាការបើកផ្លូវឈាមឲ្យដើរស្រួលឡើងវិញដូច្នោះដែរ។

មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា ការរំលាយមន្ត្រីឃុំសង្កាត់ទាំង ៥ពាន់ ៧នាក់ របស់បក្សប្រឆាំង បានក្លាយជាឆ្អឹងតូចជាច្រើនៗចាក់ស្រេះពេញបំពង់ក របស់គណបក្សប្រជាជនកម្ពុជា ហើយការរំលាយគណបក្សសង្គ្រោះជាតិទាំងមូលក៏ បានក្លាយជាឆ្អឹងទទឹងកដ៏ធំ ដែលកំពុងតែចាក់ដោតបំពង់កបក្សកាន់អំណាចឲ្យគាំងមិនអាចធ្វើអ្វីបន្តទៀតបាន។

លោកអះអាងថា ការរំលាយបក្សប្រឆាំងនេះ ធ្វើឲ្យមន្ត្រីជាច្រើនរបស់បក្សកាន់អំណាចបានទទួលរងភាពអាម៉ាស់យ៉ាងខ្លាំង ដោយការដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ និងទិដ្ឋាការជាបន្តបន្ទាប់ ពីសំណាក់          សហរដ្ឋអាមេរិក យ៉ាងធ្ងន់ធ្ងរ។

ជាងនេះទៀត សហគមន៍អឺរ៉ុប ក៏បានស្នើឲ្យបក្សកាន់អំណាច ផ្តល់អ្វីៗឡើងវិញដល់គណបក្សសង្គ្រោះជាតិ តាមរយៈការផ្សះផ្សាជាតិដោយការដោះលែងប្រធានបក្សប្រឆាំង លោក កឹម សុខា ឲ្យមានសេរីភាព និងមានសិទ្ធិធ្វើនយោបាយឡើងវិញផងដែរ។

លោកបញ្ជាក់ថា ការតម្រង់ជួរគ្នាទៅសុំសិទ្ធិដើម្បីធ្វើនយោបាយឡើងវិញដោយក្រុមមន្រ្តីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិនោះ ទោះជាមិនខុសទៅនឹងផ្លូវច្បាប់ក៏ដោយ ឬពួកគេចេញទៅក្នុងគោលបំណងអ្វីក៏ដោយ ឲ្យតែផ្ទុយពីស្មារតីសង្គ្រោះជាតិ នោះមានន័យថា ពួកគេបានធ្វើខុសពីការចង់បានរបស់ពលរដ្ឋជាងកន្លះនគរ ដែលទន្ទឹងរង់ចាំការផ្លាស់ប្ដូរជាយូរមកហើយ។ ជាងនេះទៀត ប្រសិនបើអ្នកទាំងនោះសុំសិទ្ធិនយោបាយឡើងវិញ ព្រោះចង់ទៅបង្កើតបក្សថ្មី ឬចុះចូលនឹងបក្សកាន់អំណាចដើម្បីប្រយោជន៍ផ្ទាល់ខ្លួន នោះពួកគេនឹងមិនទទួលបានការគាំទ្រពីប្រជាពលរដ្ឋម្ចាស់ឆ្នោតឡើយ។

ការអះអាងនេះធ្វើឡើងបន្ទាប់ពីមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ជាច្រើនរូបបានសម្រេចចិត្តបោះបង់គោលជំហរបក្សប្រឆាំងនាំគ្នាទៅសុំសិទ្ធិនយោបាយឡើងវិញពីព្រះមហាក្សត្រកាលពីពេលថ្មីៗនេះ។

មន្ត្រីបក្សប្រឆាំងចំនួន ៧រូបបាននាំគ្នាដាក់លិខិតដើម្បីសុំសិទ្ធិធ្វើនយោបាយឡើងវិញពីព្រះមហាក្សត្រតាមរយៈក្រសួងមហាផ្ទៃកាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១។ ក្រោយដាក់លិខិតស្នើសុំបាន៣ថ្ងៃ គឺនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យផ្តល់នីតិសម្បទានយោបាយឡើងវិញដល់មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិទាំងនោះភ្លាមៗ។

មន្ត្រីបក្សប្រឆាំងដែលបានស្នើសុំសិទ្ធិធ្វើនយោបាយទាំងនោះ រួមមាន លោក មុត ចន្ថា លោក យ៉ែម ប៉ុញ្ញាឫទ្ធិ លោក ជុំ ចន្ទដារិន លោក ទួត ឃឿន លោក ឡាត់ លីតេយ្យ លោក ឡុង គឹមឃន និងលោក យ៉ង់ ផាន់ណេត។ គិតត្រឹមខែមេសា ឆ្នាំ២០២១ នេះ មន្ត្រីបក្សប្រឆាំងដែលបានសុំសិទ្ធិនយោបាយឡើងវិញមានចំនួនជាង ២០នាក់ហើយ។

មន្ត្រីបក្សប្រឆាំងដែលបានសុំសិទ្ធិនយោបាយឡើងវិញកន្លងមក មួយចំនួន បានសម្រេចចាកចេញទៅបើកគណបក្សនយោបាយដោយខ្លួនឯង ក្នុងនោះរួមមាន លោក គង់ គាំ និងលោក គង់ មុនីកា បង្កើតគណបក្សឆន្ទៈខ្មែរ លោក រៀល ខេមរិន្ទ បើកគណបក្ស ខ្មែរអភិរក្ស លោក ជីវ កត្តា និងលោក កង គឹមហាក់ ដឹកនាំបក្ស ខ្មែរស្រលាញ់ជាតិ និងលោក អ៊ូ ចន្ទរ័ត្ន សម្រេចបើកបក្ស កែទម្រង់កម្ពុជា។

ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៩ មេសា នេះថា ការចាកចេញទៅសុំសិទ្ធិនយោបាយឡើងវិញ គឺដោយសារទំនាស់ផ្ទៃក្នុងរបស់ពួកគេ ដែលទាមទារឲ្យមានសកម្មភាពនយោបាយបន្តទៀត ខណៈប្រធានបក្សប្រឆាំង លោក កឹម សុខា ត្រូវរងការរឹតត្បិតសេរីភាពទាក់ទិននឹងរឿងនយោបាយទាំងស្រុង។

លោក អះអាង ថា ការចេញទៅសុំសិទ្ធិនយោបាយឡើងវិញនេះ គឺស្មើនឹងសារភាពថា ពួកគេចុះចាញ់បក្សកាន់អំណាចទាំងស្រុង។ បញ្ហានេះកម្លាំងអ្នកប្រជាធិបតេយ្យនឹងបាក់ស្រុតជាបន្តបន្ទាប់ ប្រសិនបើមន្ត្រីបក្សប្រឆាំងនៅតែមិនអាចរួមចិត្តរួមកាយគ្នាបន្តទៀត។ លោក អំពាវនាវ ឲ្យអ្នកដែលនៅបន្តស្មារតីសង្គ្រោះជាតិ ត្រូវរួបរួមកម្លាំងសាមគ្គីបន្តទៀត ដោយឡែក ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ក៏ត្រូវធ្វើនយោបាយការទូតឲ្យកាន់តែខ្លាំងបន្ថែមទៀត មិនអាចបន្តនៅស្ងៀមនោះឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស