30 C
Phnom Penh

រដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជា ព្រមានមន្រ្តីជាន់ខ្ពស់នៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិថា ការដាក់វិធានការCovid-19 ដើម្បីការពារកុំឲ្យខ្មែរងាប់ មិនមែនជាការរំលោភសិទ្ធិមនុស្សទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីរដ្ឋាភិបាលកម្ពុជា បានប្រតិកម្មថាកម្ពុជា ដាក់វិធានការCovid-19ដើម្បីការពារកុំឲ្យខ្មែរងាប់ មិនមែនដូចពួកច្រមុះស្រួចចោទប្រកាន់ថា រំលោភសិទ្ធិមនុស្សនោះទេ។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កញ្ញឫទ្ធិ បានសរសេរលើគណនីFacebook របស់លោកកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ នេះ ដោយរិះគន់ពីការលើកឡើងរបស់អ្នកជំនាញ សិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិថា «ការរាំងខ្ទប់ដើម្បីការពារកុំឲ្យខ្មែរងាប់ បែជាត្រូវបានពួកច្រមុះស្រួចទាំងនោះចាត់ទុកថាជាការបំពានសិទ្ធិមនុស្សទៅវិញ? ឬមួយទាល់តែទុកឲ្យខ្មែរងាប់ដូចនៅប្រទេសរបស់ពួកវា ទើបគេហៅថា គោរពសិទ្ធិមនុស្ស? តែនោះគ្រាន់តែជាការគោរពសិទ្ធិមនុស្សងាប់ តែប៉ុណ្ណោះ។» ប្រតិកម្មរបស់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ដែលល្បីរន្ទឺខាងពូកែផឹកស្រា វីស្គី រូបនេះ ធ្វើឡើងបន្ទាប់ពីអង្គការសង្គមស៊ីវិល និងអ្នកជំនាញផ្នែកសិទ្ធិមនុស្សបានទិតៀនយ៉ាងខ្លាំងលើច្បាប់នានារបស់រដ្ឋាភិបាលកម្ពុជា ស្ដីពីការទប់ស្កាត់វីរុសCovid-19 ថា មានចេតនារំលោភសិទ្ធិពលរដ្ឋ និងជាការពង្រឹងអំណាចខ្លួនឯង។

ការសែត The Guardian បានដកស្រង់សន្តី នាយករងទទួលបន្ទុកកិច្ចការតំបន់អាស៊ីរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch លោក Phil Robertson កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ថា ការរីករាលដាលនៃជំងឺ Covid-19 មិនត្រឹមតែជាសោកនាដកម្ម   សុខភាពសាធារណៈ និងសេដ្ឋកិច្ចសម្រាប់ប្រជាជនកម្ពុជា ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាគ្រោះមហន្តរាយសិទ្ធិមនុស្សផងដែរ ដែលរដ្ឋាភិបាលបានប្ដេជ្ញាចិត្តផ្លាស់ប្ដូរប្រទេសមួយជំហានម្តងៗ ឆ្ពោះទៅរករបបផ្ដាច់ការ។

លោក Phil Robertson បញ្ជាក់ថា ច្បាប់Covid-19 របស់រដ្ឋាភិបាលកម្ពុជា គឺជាផែនការដែលត្រូវអនុវត្ត ជាបន្តបន្ទាប់របស់លោក ហ៊ុន សែន ក្នុងការប្រើប្រាស់វិបត្តិ Covid-19 ដើម្បីបង្កើនសិទ្ធិអំណាច និងការគ្រប់គ្រងលើប្រទេសកម្ពុជា។ លោកបន្តថា ខ្លឹមសារនៃច្បាប់នេះមានអានុភាពទូលំទូលាយដែលអាចឲ្យលោក ហ៊ុន សែន ប្រើប្រាស់តាមឆន្ទៈគាត់ទាំងស្រុង។

ទោះជាយ៉ាងណាក៏ដោយ លោក Phil Robertson ចាត់ទុកការលើកឡើងរបស់លោក ខៀវ កាញ៉ារិទ្ធិ ថាជាការរើសអើងជាតិសាសន៍។

លោកបានប្រាប់សាព័ត៌មាន The Cambodia Daily ថា គួរឱ្យស្តាយដែលរដ្ឋមន្រ្តីក្រសួងព័ត៌មាន មិនមានសីលធម៌ និងមិនមានឆន្ទៈក្នុងការឆ្លើយតប ចំពោះការរិះគន់ដែលថាវាមិនមែនជាគំនិតល្អក្នុងការដាក់ទណ្ឌកម្មមនុស្ស ពាក់ព័ន្ធនឹងបញ្ហាសុខភាព និងយុទ្ធនាការនោះទេ ព្រោះពួកគេគ្រាន់តែចង់ជៀសវាងការសាកល្បង និងបដិសេធកិច្ចសហប្រតិបត្តិការជាមួយរដ្ឋលើបញ្ហា Covid-19 ប៉ុណ្ណោះ។

លោកបន្តថា មិនមានហេតុផលល្អសោះ សម្រាប់រដ្ឋាភិបាលកម្ពុជាក្នុងការគំរាមកំហែងដល់ពលរដ្ឋដាក់ពន្ធនាគាររាប់ឆ្នាំលើបញ្ហានេះ។ លោកបន្តថា លោកបានឃើញរួចហើយនូវរបៀបនៃការដាក់ទោសអ្នកដែលហ៊ានរិះគន់វិធានការរបស់រដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំង Covid-19 សូម្បីតែនៅលើហ្វេសប៊ុកឯកជនក៏ដោយ។

លោក Phil Robertson បន្តថា វាហាក់ដូចជាលោកខៀវ កាញារីទ្ធធ្វើការក្នុងតំណែងសព្វថ្ងៃយូរហើយ ហើយគាត់ភ្លេចគិតថា គាត់នឹងផ្តល់ព័ត៌មានអំពីគោលនយោបាយរដ្ឋាភិបាល ជាជាងការឆ្លើយតបតាមរបៀបជេរប្រមាថប្រកបដោយការរើសអើងជាតិសាសន៍។ លោកបន្តថា ភាពគ្មានត្រាប្រណីនេះ គឺជាអ្វីដែលអ្នកនាំពាក្យរដ្ឋាភិបាលរូបនេះចេះឆ្លើយតបប៉ុណ្ណោះ នៅពេលគាត់មិនមានហេតុផលសមរម្យដើម្បីពន្យល់ពីគោលនយោបាយ។

លោកបន្តថា វាពិតជាគួរឱ្យសោកស្តាយណាស់ ប្រហែលជាដល់ពេលដែលគាត់ត្រូវចូលនិវត្តន៍ ហើយទុកឱកាសឲ្យអ្នកផ្សេងដែលមានសមត្ថភាព អាចកាន់កាប់តំណែងនេះជំនួសទៅ។

ក្រុមអ្នកឃ្លាំមើលនិយាយថា ការគោរពសិទ្ធិមនុស្សគេមិនមែនមើលគ្រាន់តែគោលបំណងចុងក្រោយប៉ុណ្ណោះទេ ប៉ុន្តែគេមើលអំពីវិធីសាស្រ្តក្នុងការអនុវត្ត ឬអំពើ ឬសកម្មភាពផងដែរ។

អ្នកស្រាវជ្រាវអំពីការអភិវឌ្ឍន៍សង្គមបណ្ឌិត សេង សារី បានប្រាប់សាព័ត៌មាន The Cambodia Daily នៅមុនការផ្សាយនេះបន្តិចថា រដ្ឋាភិបាល មិនអាចធ្វើទារុណកម្ម ជេរប្រមាទ ឬបង្អត់អាហារមនុស្ស ដោយសារ ចង់ឲ្យមនុស្សបានរស់នៅ ឬចង់អោយពួកគេក្លាយជាមនុស្សល្អបានទេ។ លោបន្តថា មានវិធីសាស្រ្តច្រើនណាស់ ដែលអាចធ្វើអោយមនុស្សក្លាយជាមនុស្សល្អ ឬការគោរពសិទ្ធិមនុស្ស។ លោកបន្តថា លោកទទួលស្គាល់ថា ការបិទខ្ទប់គឺក្នុងគោលបំណងជួយការពារការីករាលដាលជំងឺកូវីដ១៩ និងការពារជិវិតរបស់ពលរដ្ឋ តែត្រូវមានវិធីសាស្រ្តដែលល្អជាងនេះ។ ជាក់ស្តែងរដ្ឋាភិបាល ត្រូវគិតគូរអំពីស្បៀងអាហារសម្រាប់ពលរដ្ឋ ការប្រើយន្តការដោះស្រាយឲ្យមានការចូលរួមតាមរយៈការលើកទឹកចិត្ត មិនមែនដឹងតែពីការផាកពិន័យ ដាក់ទោស ឬចាប់ដាក់គុកនោះទេ។

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាឯកបក្សរបស់គណបក្សកាន់អំណាច កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ បានអនុម័តលើសេចក្តីព្រាងច្បាប់ស្ដីពី វិធានការទប់ស្កាត់ការ ឆ្លងរាលដាល នៃជំងឺCovid-19 និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀតដើម្បីអនុវត្តទប់ស្កាត់ការរីករាលដាលនៃជំងឺCovid-19 តាមសំណើរបស់លោក ហ៊ុន សែន។

ច្បាប់នេះមាន ៦ ជំពូក ១៨ មាត្រា ដែលបានចែងពីការដាក់ទណ្ឌកម្មរដ្ឋបាល និងព្រហ្មទណ្ឌលើ បុគ្គលដែលមិនអនុវត្តតាមវិធានការសុខាភិបាល ឬសេចក្តីណែនាំរបស់រដ្ឋាភិបាលផ្សេងៗ ដែលនឹងត្រូវផាកពិន័យជាទឹកប្រាក់ និងដាក់ពន្ធនាគារថែមទៀត។

ចាប់ពីដើមខែមីនា ឆ្នាំ២០២១ លោក ហ៊ុន សែន បានដាក់ចេញនូវវិធានការច្បាប់នានារួមមាន អនុក្រឹត្យ សេចក្តីសម្រេច និងសេចក្តីណែនាំ ជាបន្តបន្ទាប់ក្រោមហេតុផលទប់ស្កាត់ការរីករាលដាលនៃជំងឺCovid-19។ ច្បាប់នេះ បានអនុវត្តលើមន្ត្រីយោធាជាន់ខ្ពស់២រូបហើយគឺ អតីតអធិការនគរបាលស្រុកកំរៀងខេត្តបាត់ដំបង លោក គឹម ពន្លក និងលើអនុប្រធានសេនាធិការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោក អ៊ុង ចាន់ធួក ដែលត្រូវបាននាយករដ្ឋមន្ត្រីស្នើសុំព្រះមហាក្សត្រដកចេញពីក្របខណ្ឌមន្ត្រីរាជការ កាលពីពាក់កណ្តាល ខែមេសា ឆ្នាំ២០២១ នេះ។

លើសពីនេះ មានប្រជាពលមួយចំនួនក៏បានទទួលរងពិន័យនៃច្បាប់នេះផងដែរ ខណៈលោក ហ៊ុន សែន ជំរុញឲ្យអាជ្ញាធរអនុវត្តដោយការចាប់បញ្ជូនអ្នកល្មើសច្បាប់ទាំងនេះទៅតុលាការដោយគ្មានករណីលើកលែង។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសេចក្តីណែនាំបន្ថែមទៀតកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ នេះដោយបន្ថែមខ្លឹមសារលម្អិតលើការរឹតបន្តឹងពីលើខ្លឹមសារនៃសេចក្តីសម្រេចបិទទីក្រុងភ្នំពេញ និងក្រុងតាខ្មៅ ដែលលោកបានដាក់ឲ្យអនុវត្តកាលពីពេលថ្មីៗនេះ។

កាលពីដើមឆ្នាំ២០២១ អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ចោទថា លោកហ៊ុន សែន បានប្រើលេសបង្កើតច្បាប់ទប់ស្កាត់ការរីករាលដាលនៃជំងឺCovid-19 ដើម្បីបិទសិទ្ធិសេរីភាពពលរដ្ឋ ក្នុងចេតនាពង្រឹង និងរក្សាអំណាចរបស់ខ្លួនឲ្យកាន់តែខ្លាំងប៉ុណ្ណោះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស