គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ហៅកាត់ថា GDP រិះគន់ថា ប្រសិនបើរដ្ឋាភិបាលនៅតែបន្ត បម្រាមគោចរ ការធ្វើដំណើរឆ្លងខេត្ត ឬបិទទីក្រុងភ្នំពេញរយៈពេលវែង នឹងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ និងជីវភាពរបស់ពលរដ្ឋកាន់តែធ្ងន់ធ្ងរជាងនេះបន្ថែមទៀត។
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានសរសេរលើទំព័រ Facebook របស់ខ្លួននៅថ្ងៃទី២០ ខែមេសា នេះថា ដើម្បីគ្រប់គ្រងជំងឺ Covid-19 ឲ្យមានប្រសិទ្ធភាព ដែលអាចប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ និងជីវភាពរបស់ពលរដ្ឋតិចតួច រដ្ឋាភិបាលគួរតែដាក់ចេញនូវវិធានការមួយចំនួនដូចជា ការបិទខ្ទប់តំបន់ដែលមានហានិភ័យខ្ពស់ ឬតំបន់ក្រហមដូចជា រោងចក្រ ផ្សារលក់ទំនិញ កាស៊ីណូ និងក្លឹបកម្សាន្ត ជាដើម។
គណបក្សនេះ អះអាង ក្រោយបិទខ្ទប់តំបន់ទាំងនោះហើយ រដ្ឋាភិបាលត្រូវតែបង្កើនសមត្ថភាពធ្វើតេស្ត ដោយធ្វើតេស្តអ្នកពាក់ព័ន្ធ និងគ្រប់គ្រងចង្កោមអ្នកឆ្លងវីរុសនេះ ឲ្យបានច្បាស់លាស់ ហើយអាជ្ញាធរមូលដ្ឋានត្រូវ ត្រៀមកន្លែងធ្វើចត្តាឡីស័ក និងព្យាបាលដោយបែងចែកជាក្រុមដូចជា អ្នកជំងឺកម្រិតស្រាល ធ្ងន់ និងសង្គ្រោះបន្ទាន់ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង។
ប្រភពដដែលបញ្ជាក់ថា រដ្ឋាភិបាលត្រូវតែបង្កើនយុទ្ធនាការអប់រំ និងអនុវត្តវិធានការសុខាភិបាល ៣កុំ ៣ការពារ ជាពិសេសការពាក់ម៉ាស់ ការរក្សាគម្លាតសង្គម។ លោកបន្តថា រដ្ឋាភិបាលត្រូវអនុវត្តផែនការ ចាក់វ៉ាក់សាំងដល់ក្រុមគោលដៅសំខាន់ៗ ដូចជា អាជីវករ អ្នកដឹកជញ្ជូន កម្មកររោងចក្រ និងពលរដ្ឋដែលរស់នៅតំបន់ងាយរងគ្រោះជាដើម។
គណបក្ស GDP បញ្ជាក់ថា ដើម្បីឲ្យវិធានការនេះមានប្រសិទ្ធភាពការចូលរួមរបស់ពលរដ្ឋពិតជាសំខាន់ណាស់ ដូច្នេះរដ្ឋាភិបាលត្រូវតែធានាដោះស្រាយបញ្ហាទាក់ទង នឹងជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ រួមទាំងបញ្ហាស្បៀង និងបំណុលធនាគារ ចំពោះអ្នកធ្វើចត្តាឡីស័ក និងពលរដ្ឋដែលកំពុងរងគ្រោះ ដោយសារវិបត្តិសកលមួយនេះ។
សាលារាជធានីភ្នំពេញ បានចេញសេចក្តីសម្រេចកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ នេះ កំណត់តំបន់ក្រហម ក្នុងទីក្រុងភ្នំពេញ ដែលត្រូវដាក់បម្រាមគោចរ ចំពោះពលរដ្ឋក្នុងតំបន់នេះ ទាំងស្រុងមិនឲ្យចាកចេញពីផ្ទះដាច់ខាត លើកលែងតែករណីចាំបាច់ និងមានលិខិតអនុញ្ញាតពីអាជ្ញាធរត្រឹមត្រូវ។ តំបន់ក្រហម គឺសំដៅដល់ទីតាំងដែលមានជំងឺ Covid-19 កំពុងរាតត្បាតធ្ងន់ធ្ងរ។
ទីតាំងដែលបានចាត់ទុកថាជា តំបន់ក្រហម រួមមាន សង្កាត់ស្ទឹងមានជ័យ១ ស្ទឹងមានជ័យ២ ស្ទឹងមានជ័យ ៣ នៃខណ្ឌមានជ័យ រីឯ សង្កាត់ចោមចៅ១ នៃខណ្ឌពោធិសែនជ័យ និងភូមិលេខ ១៤ លេខ១៦ និងភូមិលេខ ១៧ នៃសង្កាត់បឹងសាឡាង ក្នុងខណ្ឌទួលគោក ក៏ត្រូវបានដាក់ជា តំបន់ក្រហម ផងដែរ។
ក្រុមអ្នកសង្កេតការណ៍ រិះគន់ថា ក្រោយពេលពលរដ្ឋខ្មែរបានរងវិបត្តិសេដ្ឋកិច្ចដោយសារជំងឺ Covid-19 អស់រយៈពេលប្រមាណ១ឆ្នាំកន្លងទៅនេះ រដ្ឋាភិបាលលោក ហ៊ុន សែន មកទល់នឹងពេលនេះ នៅតែមិនទាន់ដាក់ចេញនូវផែនការ និងការអនុម័តសាច់ប្រាក់ដើម្បីឧបត្ថម្ភពលរដ្ឋដែលរងគ្រោះពីវិបត្តិសកលនេះ នៅឡើយទេ ប៉ុន្តែរដ្ឋាភិបាល បែរជាធ្វើកម្មវិធីរៃលុយពីពលរដ្ឋ និងឈ្មួញធំៗ ក្រោមលេសថា ខ្មែរជួយខ្មែរ។
ក្រុមអ្នកសង្កេតការណ៍សង្កត់ធ្ងន់ថា ការបិទទីក្រុងភ្នំពេញនេះជាឱកាស ដែលពួកគេអាចលេងល្បែង កើបលុយដោយព្យាយាមលក់ទំនិញបាតឃ្លាំងគ្មានគុណភាព ឲ្យពលរដ្ឋ និងការធ្វើប្រជាភិថុតិនយោបាយ ក្នុងរូបភាពចែកអំណោយបន្តិចបន្តួច ដាក់ឈ្មោះលោក ហ៊ុន សែន ដើម្បីយកមុខតែប៉ុណ្ណោះ៕