សមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានឲ្យដឹងថា កម្លាំងអធិការដ្ឋាននគរបាលស្រុកឈូក បានឃាត់រថយន្តមួយគ្រឿង ប្រភេទផ្ទុក ១២កៅអី នៅចំណុចភូមិអង្គឃ្លៃ ឃុំត្រម៉ែង ស្រុកឈូក កាលពីម៉ោង ០៩ព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ដែលបានដឹកបុរសជនជាតិចិនចំនួន ១១នាក់ ចេញពីខេត្តព្រះសីហនុ ឆ្ពោះមកភូមិសាស្ត្រខេត្តកំពត ល្មើសទៅនឹងបម្រាមរបស់រាជរដ្ឋាភិបាល ស្ដីពីវិធានការទប់ស្កាត់ការរាតត្បាតជំងឺCovid-19។
សមត្ថកិច្ចនគរបាលស្រុកឈូក បានឲ្យដឹងថា ក្រោយសមត្ថកិច្ចឃាត់រថយន្តខាងលើនេះ ដើម្បីឆែកឆេរ ក៏ស្រាប់តែអ្នកបើកបររថយន្តនេះ បម្រុងបើកគេចចេញពីកម្លាំងសមត្ថកិច្ច រួចក៏ទុកឡានចោល ហើយរត់គេចខ្លួនបាត់ស្រមោល។
សមត្ថកិច្ច នៃអធិការដ្ឋាននគរបាលស្រុកឈូក បញ្ជាក់បន្ថែមថា បច្ចុប្បន្ន ជនជាតិចិន ទាំង១១នាក់ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីសាកសួរ និងឈានទៅបន្តនីតិវិធីតាមផ្លូវច្បាប់៕