នៅក្នុងប្រទេសរុស្ស៊ី មានតែបុរសម្នាក់គត់ខ្លាំងជាងគេហ៊ានចង្អុលមុខ បុរសខ្លាំង ផ្លាឌីមៀពូទីន ដែលជា ប្រធានាធិបតីឡើងកាន់អំណាចដ៏ចម្រូងចម្រាស់កើតចេញពីការបោះឆ្នោត ដែលអ្នកសង្កេតការណ៍រកឃើញអំពីភាពមិនប្រក្រតី ជាច្រើនកើតឡើង។
មេដឹកនាំបក្សប្រឆាំង Alexei Navalny, មានអាយុ៤៤ឆ្នាំ។ ចំណែកលោកពូទីនមានអាយុ ៦៨ឆ្នាំ។ បុរសទាំង២រូបនេះ ទោះជាជាតិសាសន៍តែមួយមែន តែមិនដែលបានរាប់គ្នាជាសាច់ឈាមនឹងគ្នាបានឡើយ។ កត្តាដែលអ្នកនយោបាយទាំង២នេះ មិនអាចក្លាយជាបងប្អូនជាតិសាសន៍នឹងគ្នា គឺដោយសារតែអំណាច។
លោក Alexei Navalny, ជាអ្នកនយោបាយ ព្យាមយាមដណ្ដើមអំណាច ហើយ លោកពូទីន កាន់តែក្រាញអំណាច ដែលទីបំផុតលោកនៅបន្តកាន់អំណាចបាន ដោយ បានកំណត់អោយចែងក្នុងរដ្ឋធម្មនុញ្ញអំពីអំណាចរបស់លោកទៀតផង គឺលោកត្រូវកាន់អំណាចជាប្រធានាធិបតី ដល់ឆ្នាំ២០៣៦។
សម្រាប់មេបក្ស ប្រឆាំង Navalny, ដែលកំពុងជាប់ពន្ធនាគារ នៅតែសង្ឃឹមថា ប្រទេសរុស្ស៊ីនឹងមានមេដឹកនាំ ថ្មី អោយតែប្រទេសនេះ មានស្ថាប័នបោះឆ្នោតមួយ មិនលំអៀង មិនជួយលួចបន្លំសន្លឹកឆ្នោត អោយ លោកពូទីន។
ប្រទេសរុស្ស៊ីនឹងធ្វើការបោះឆ្នោតប្រធានាធិបតី មួយអាណត្តិទៀតនៅ ឆ្នាំ២០២៤ ដែលលោកពូទីន នឹងក្លាយជាបេក្ខជនដោយស្វ័យប្រវត្តិប្រសិនបើមានការបោះឆ្នោត។ សម្រាប់លោក Navalny, ក៏នឹងក្លាយជាបេក្ខជន ប្រធានាធិបតីផងដែរ បើលោកនៅមានជីវិត។ តែពេលនេះ មេបក្សប្រឆាំង ដ៏ល្បីនិងជាអ្នកនយោបាយដែលជាក្ដីសង្ឃឹមរបស់សហរដ្ឋអាមេរិក និងលោកខាងលិច កំពុងស្ថិតក្នុង បន្ទប់សង្រ្គោះបន្ទាន់ ដោយសារតែលោកធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ព្រោះតែលោកធ្វើកូដកម្មមិនទទួលអាហារ រយៈពេល២០ថ្ងៃនៅក្នុងពន្ធនាគារ ។
គ្រូពេទ្យ ប្រចាំការនៅពន្ធនាគារព្រមានថា មេបក្សប្រឆាំងរូបអាចនឹងស្លាប់ព្រោះតែក្រពះរបស់លោក សឹងតែលែងកម្រើកទៅហើយ។ ដោយសារតែបារម្ភអំពីសុខភាពរបស់ មេបក្សប្រឆាំង រូបនេះ បាននាំអោយអាមេរិក និងសហភាពអឺរ៉ុបព្រមានធ្ងន់ៗថា នឹងដាក់ទណ្ឌកម្ម ថែមទៀតបើលោក Navalny, ស្លាប់ក្នុងពន្ធនាគារ។
ក្រៅតែពីបានចាត់ទុកថាសុវត្ថិភាពរបស់មេបក្សប្រឆាំងរុស្ស៊ីគឺជាទំនួលខុសត្រូវរបស់រដ្ឋាភិបាលរុស្ស៊ី សហរដ្ឋអាមេរិកព្រមានថា បើសិនជាលោកណាវ៉ាល់នី មានគ្រោះថ្នាក់ដល់ជីវិតនោះ គឺរុស្ស៊ីត្រូវតែដោះស្រាយជាមួយសហរដ្ឋអាមេរិក។ នេះជាប្រសាសន៍របស់ទីប្រឹក្សាសន្ដិសុខជាតិអាមេរិក Jake Sullivan ដែលបានស្រង់សម្ដីដោយបណ្ដាញផ្សាយព័ត៌មានCNN។
លោក Sullivan បានឱ្យដឹងថា សហរដ្ឋអាមេរិកបានប្រាប់រុស្ស៊ីថានឹងមានផលវិបាកធ្ងន់ធ្ងរបើសិនជាមេបក្សប្រឆាំងរិះគន់វិមានក្រឹមឡាំង ត្រូវស្លាប់នៅក្នុងពន្ធនាគារ ឬទីណាក៏ដោយ។
លោកបានប្រាប់ CNNថា លោកបានទាក់ទងទៅកាន់រដ្ឋាភិបាលរុស្ស៊ីថាបើមានអ្វីកើតឡើងទៅលើលោក Navalny, នៅពេលកំពុងឃុំខ្លួនគឺជាការទទួលខុសត្រូវរបស់រដ្ឋាភិបាល ។ លោកបន្ដថាអាមេរិក កំពុងពិនិត្យមើល វិធានការមួយចំនួនទៀតដើម្បីដាក់ទណ្ឌកម្ម បើអោយតែ Navalny ស្លាប់។ វេជ្ជបណ្ឌិតរុស្ស៊ីម្នាក់បានឱ្យដឹងថា ស្ថានភាពរបស់លោក Navalny នេះអាចស្លាប់បានគ្រប់ពេលទាំងអស់។ លោកវេជ្ជបណ្ឌិតបានបន្តទៀតថា លោក Navalny បានធ្វើកូដកម្មមិនបរិភោគអាហារអស់ពេល៣សប្ដាហ៍មកហើយ ដែលនាំអោយសុខភាពរបស់អ្នកនយោបាយវ័យ៤៤ឆ្នាំនេះធ្ងន់ធ្ងរណាស់គឺអាចនឹងធ្លាក់ចូលក្នុងគ្រោះមរណៈ។
លោកNavalny ត្រូវបានអាជ្ញាធរចាប់ឃុំខ្លួនតាំងពីថ្ងៃទី១៧ ខែមករា មកម្លេះ គឺពេលដែលលោកត្រឡប់មកពីប្រទេសអាល្លឺម៉ង់ដែលជាទីដែលលោកចំណាយពេលដល់ទៅ ៥ខែឯណោះដើម្បីព្យាបាលជំងឺសរសៃប្រសាទ ដែលកើតចេញពីការបំពុល ដែលលោកចោទថាបង្កឡើងដោយវិមានក្រឹមឡាំង និងបញ្ជាផ្ទាល់ពីលោកពូទីន។ ចំពោះការចោទថារដ្ឋការលោកពូទីន ជាអ្នកបំពុល លោកNavalny គឺវិមានក្រឹមឡាំងបានបដិសេធរួចទៅហើយ។
វេជ្ជបណ្ឌិតរបស់លោក Navalny គឺ Yaroslav Ashikhmin បានឱ្យដឹងថា ជាតិប៉ូតាស្យូមក្នុងរាងកាយរបស់លោក Navalny បានកើនឡើងដែលអាចងាយនឹងប៉ះពាល់ដល់បេះដូង ហើយការកើនឡើងខ្ពស់ដល់កម្រិត ងាយនឹងខូចដល់លំពែងរបស់មេបក្សប្រឆាំងនេះទៀតផង។លោកវេជ្ជបណ្ឌិតបន្តព្រមានថា អ្នកជំងឺរូបនេះអាចស្លាប់បានគ្រប់ពេល។
លោក Navalny បានធ្វើកូដកម្មអត់អាហារដោយតវ៉ាចំពោះការដែលពន្ធនាគារមិនអនុញ្ញាតឱ្យគ្រូពេទ្យចូលព្យាបាលជំងឺរូបលោក ដែលដំបូងឡើយ លោកមានជំងឺឆ្អឹងខ្នង និងមានអារម្មណ៍ថាជើងរបស់លោកដើរលែងរួច។ លោក Navalny ត្រូវបានរាយការណ៍ថាអាជ្ញាធរពន្ធនាគារបានដាក់លោកចូលក្នុងអាវរុំខ្លួនមិនឱ្យលោកកម្រើកខ្លួនបើលោកមិនព្រមឈប់បង្អត់អាហារខ្លួនឯង។
បើតាមច្បាប់របស់រុស្ស៊ីគឺថា លោក Navalny បានទទួលជំនួយសុខាភិបាលតាមអ្វីដែលលោកអាចត្រូវការទាំងអស់។ លោកNavalny ត្រូវជាប់ពន្ធនាគាររយៈពេល២ឆ្នាំកន្លះពីបទបំពានការនៅក្រៅឃុំដោយចោទលោកបន្ថែមមួយករណីទៀតគឺការលាងលុយ កង្វក់ដោយសារតែរូបលោក ចេញទៅកាន់ប្រទេសអាល្លឺម៉ង់ដើម្បីព្យាបាលជំងឺកាលពីចុងឆ្នាំ២០២០។ មិនថាឡើយតែសហរដ្ឋអាមេរិកទេ គឺសហភាពអឺរ៉ុបដែលមាន២៧ប្រទេសក៏បានបង្ហាញការព្រួយបារម្ភជាខ្លាំងចំពោះរបាយការណ៍ដែលថាលោក Navalny មានជំងឺធ្ងន់ធ្ងរដែលអាចប៉ះពាល់ដល់អាយុជីវិត ។
ករណីនេះ កាលពីថ្ងៃអាទិត្យទី១៨មេសា សហភាពអឺរ៉ុបក៏បានអំពាវនាវឱ្យមានការដោះលែង លោកNavalny ជាបន្ទាន់ដោយឥតលក្ខខណ្ឌ។ ប្រមុខអ្នកការទូតរបស់សហភាពអឺរ៉ុប លោក Josep Borrellបានចេញសេចក្ដីថ្លែងការណ៍ថា អាជ្ញាធររុស្ស៊ី ត្រូវតែទទួលខុសត្រូវអំពីសុវត្ថិភាព នឹង សុខភាពរបស់លោកNavalny។
លោក Josep Borrellបញ្ជាក់ថារឿងរ៉ាវរបស់លោកណាល់វ៉ានីស្ថិតក្នុងរបៀបវារៈរបស់រដ្ឋមន្រ្ដីការបរទេសសហភាពអឺរ៉ុបដែលនឹងជួបប្រជុំគ្នានៅពេលខាងមុខនេះ។ តែបែបនេះក្ដីឯកអគ្គរដ្ឋទូតរុស្ស៊ី នៅទីក្រុងឡុដប្រទេសអង់គ្លេសបានប្រាប់សារព័ត៌មាន BBCថា លោកNavalny នឹងមិនត្រូវឱ្យស្លាប់នៅក្នុងពន្ធនាគារនោះទេ៕