34 C
Phnom Penh

មន្ត្រីបក្សប្រឆាំងថា អ្នកនយោបាយគួរដល់ពេលនាំគ្នាព្យាបាល ជំងឺក្រាញអំណាច នៅកម្ពុជាហើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង លើកឡើងថា អ្នកនយោបាយខ្មែរ គួរដល់ពេលវេលាដឹកដៃគ្នា ព្យាបាល ជំងឺក្រាញអំណាចហើយ ព្រោះវប្បធម៌ក្រាញអំណាចនេះ បានក្លាយជាជំងឺសង្គមដ៏រ៉ាំរ៉ៃដែលពិបាកព្យាបាលរហូតដល់សព្វថ្ងៃនេះ។

មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា បានសរសេរលើគណនីFacebook របស់លោក នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ នេះថា អ្នកនយោបាយនៅកម្ពុជា ពីមួយជំនាន់ទៅមួយជំនាន់មានតែការផ្តួលរំលំគ្នា ដើម្បីដណ្តើមអំណាចតែប៉ុណ្ណោះ។

លោកអះអាងថា មេដឹកនាំបក្សកាន់អំណាចនៅកម្ពុជា បច្ចុប្បន្ន តែង ការពារអំណាចរបស់ខ្លួន រហូតដល់ដំណាក់កាលចុងក្រោយ ដូច្នេះដើម្បីសម្រេចវត្ថុបំណងនេះ គេបានប្រើវិធីគ្រប់បែបយ៉ាង ដើម្បីឈ្នះការបោះឆ្នោតគ្រប់អាណត្តិដែលគេបានរៀបចំ ឲ្យមានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលគ្មានតម្លាភាពមួយ ជាដៃជើងរបស់គេរួចជាស្រេច ព្រោះថា ប្រធានស្ថាប័នអាជ្ញាកណ្ដាលមួយនេះ គឺត្រូវតែគ្រប់គ្រងដោយសមាជិកជាន់ខ្ពស់ដែលមកពីបក្សកាន់អំណាចជាដាច់ខាត។

លោកថា វប្បធម៌ក្រាញអំណាចនេះ មិនមានផលប្រយោជន៍សម្រាប់សង្គមកម្ពុជា នោះទេ តែផ្ទុយទៅវិញ វានឹងធ្វើឲ្យប្រព័ន្ធដឹកនាំរដ្ឋរបស់កម្ពុជាក្លាយជាប្រព័ន្ធផ្ដាច់ការ ប្រព័ន្ធបង្កើតអំពើពុករលួយ អយុត្តិធម៌សង្គម បង្កើតបក្ខពួក គ្រួសារនិយម និងឈានទៅរកការបន្តអំណាចដល់វង្សត្រកូលថែមទៀត។

ប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន បានអួតកាលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅថា គ្មានអ្នកណាអាចមកផ្តួលរំលំលោកបានឡើយ ដូច្នេះលោកនឹងបន្តធ្វើជានាយករដ្ឋមន្ត្រី រហូតដល់ឆ្នាំ២០៣០ ព្រោះថា លើលោកនេះគ្មាននរណា កំណត់អាណត្តិនាយករដ្ឋមន្ត្រីនោះទេ។

មាត្រា ៧៨ នៃរដ្ឋធម្មនុញ្ញបានចែងថា នីតិកាលរបស់រដ្ឋសភា មានកំណត់អាណត្តិ ៥ឆ្នាំ ហើយត្រូវផុតកំណត់ទៅវិញនៅពេលរដ្ឋសភាថ្មីចូលកាន់តំណែង ក្នុងនោះរដ្ឋធម្មនុញ្ញមិនបានចែងពីការកំណត់អាណត្តិនាយករដ្ឋមន្ត្រីនៅត្រង់មាត្រាណាមួយនោះទេ។

គិតចាប់ពីថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ ដល់ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ នេះ លោក ហ៊ុន សែន បានកាន់កាប់អំណាចក្នុងតំណែងជានាយករដ្ឋមន្ត្រីរបស់កម្ពុជាអស់រយៈពេល ៣៦ឆ្នាំហើយ។

កាលពីដើមឆ្នាំ២០២១ នេះ គេហទំព័រ List of current longest-ruling Leaders បានចេញផ្សាយ ថា លោក ហ៊ុន សែន ជាមេដឹកនាំម្នាក់ក្នុងចំណោមមេដឹកនាំផ្តាច់ការទាំង ៥ដែលកាន់កាប់អំណាចយូរជាងគេនៅលើពិភពលោក។

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) ធ្លាប់បានបញ្ចេញរបាយការណ៍របស់ខ្លួន កាលពីខែមិថុនា ឆ្នាំ២០១៨ ដែលមានកម្រាស់ជិត ៣០០ទំព័រ បានបញ្ជាក់ថា ក្រោយការលើកបន្តុបជានាយករដ្ឋមន្ត្រីខ្មែរ ដោយចៃដន្យ ក្នុងឆ្នាំ១៩៨៥ ពីរដ្ឋាភិបាល វៀតណាម។ លោក ហ៊ុន សែន បានរៀបចំពង្រឹងអំណាចតាមរយៈកងកម្លាំងប្រដាប់អាវុធដែលជាសេនាធិការរបស់ខ្លួន។ ក្នុងនោះលោកបានតែងតាំងតួនាទី និងផ្តល់សិទ្ធិអំណាចដល់បុគ្គលដែលស្មោះស្ម័គ្រនឹងលោក ដែលអ្នកទាំងនោះបានដើរតួនាទីជាឆ្អឹងខ្នងដ៏រឹងមាំក្នុងការជួយជ្រោមជ្រែងអំណាចយូរអង្វែងរបស់លោក។

អង្គការ មួយនេះ បានលាតត្រដាងមេទ័ពសំខាន់ៗ ដែលជួយរក្សាអំណាចឲ្យលោក ហ៊ុន សែន រួមមាន លោក ប៉ុល សារឿន លោក ជួន សុវណ្ណ លោក សៅ សុខា និងលោក នេត សាវឿន ជាដើម ព្រមទាំងមេបញ្ជាការ ៩រូបផ្សេងទៀតដែលអ្នកទាំងនេះ សុទ្ធសឹងតែជាអគ្គមេបញ្ជាការ អគ្គមេបញ្ជាការរង និងជាអគ្គស្នងការ អគ្គស្នងការរង នៃកងកម្លាំងប្រដាប់អាវុធរបស់កម្ពុជាទាំងមូល។

ក្រុមអ្នកតស៊ូរមតិរិះគន់ថា អំណាចរបស់លោក ហ៊ុន សែន គឺបានមកពីការប្លន់ ឬជាអំណាចមិនស្របនឹងរដ្ឋធម្មនុញ្ញតែប៉ុណ្ណោះ លើសពីនេះក៏ជាអំណាចដែលបានមកពីការដោះដូរពីការបម្រើផែនការគ្រប់យ៉ាងរបស់បរទេសឈ្លានពានផងដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស