29 C
Phnom Penh

មន្ត្រីរដ្ឋាភិបាលកម្ពុជាថា ការអនុវត្តច្បាប់មិនត្រូវភ្ជាប់ជាមួយអំពើហិង្សានោះទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កញ្ញារិទ្ធិ បានលើកឡើងថា៖ «ការអនុវត្តច្បាប់មិនមែនជាស្វ័យប្រវត្តិ ភ្ជាប់ជាមួយអំពើហិង្សាទេ បើអ្នកប្រព្រឹត្តខុសមិនប្រតិកម្មដោយអំពើហិង្សា។ កុំភ្លេចពាក្យ «បម្រើប្រជាជន»។ លោកបានសរសេរបែបនេះ នៅលើទំព័រFacebook របស់លោកដោយភ្ជាប់រូបភាពអាជ្ញាធរ កាន់ដំបងឫស្សីសម្រាប់បង្ក្រាប ប្រជាពលរដ្ឋ នៅថ្ងៃទី២១ ខែមេសា នេះ។

លោកបញ្ជាក់ថា សូមកុំភ្លេចពាក្យថា បម្រើប្រជាជន ឲ្យសោះក្នុងនាមខ្លួនជាមន្ត្រីរបស់រាជរដ្ឋាភិបាលកម្ពុជា។ លោកបានទាញការប្រៀបធៀបទៅនឹងប្រទេសឥណ្ឌា ថា ដោយសារប៉ូលិសវាយអ្នកប្រព្រឹត្តខុសនេះហើយ ទីបំផុតពលរដ្ឋមួយសង្កាត់ បាននាំគ្នាងើបឡើងតបតរហូតប៉ូលិសបង្ក្រាបលែងបាន។

លោក ខៀវ កញ្ញារិទ្ធិ សង្កត់ធ្ងន់ថា បើមានអ្នកប្រព្រឹត្តខុសតិចតួច ហើយអាជ្ញាធរប្រើអំពើហិង្សានោះ គឺអាជ្ញាធរជាអ្នកខុសទាំងស្រុង។

ការអះអាងនេះធ្វើឡើង បន្ទាប់ពីមានការបង្ហោះវីដេអូ ព្រោងព្រាតលើបណ្ដាញសង្គម Facebook ពីសកម្មភាពអាជ្ញាធរកំពុងប្រតិបត្តិការក្នុងតំបន់បិទខ្ទប់ដោយការប្រើហិង្សា ទៅលើពលរដ្ឋដែលពួកគេអះអាងបានបំពានសេចក្តីណែនាំរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា។

នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ នេះ អ្នកលេងបណ្ដាញសង្គមFacebook បានចែកចាយវីដេអូដែលសមត្ថកិច្ចប្រើអំពើហិង្សាលើ ពលរដ្ឋដែលបានធ្វើដំណើរលើដងផ្លូវ ដោយការវាយនឹងដំបងឫស្សី ស្ថិតក្នុងទីតាំងមុខវិមានសន្តិភាព ក្នុងទីក្រុងភ្នំពេញ និងមានការបង្ហោះរូបភាពដែលសមត្ថកិច្ចចែកចាយ ដំបងឫស្សីទាំងនោះ តាមទីតាំងយាមកាម របស់សមត្ថកិច្ចផងដែរ។

ករណីនេះត្រូវបានគេមើលឃើញថា ពួកគេបាននាំគ្នាអនុវត្តបន្ទាប់ពី ប្រមុខរដ្ឋាភិបាលកម្ពុជា បានចេញបទបញ្ជាតាមរយៈខ្សែអាត់សំឡេងបន្ទាន់មួយ កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ដោយជំរុញឲ្យអាជ្ញាធរអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ និងត្រូវចាត់វិធានលើបុគ្គលដែលល្មើសនឹងការណែនាំរបស់ប្រមុខរដ្ឋាភិបាល ដោយគ្មានករណីលើកលែងនោះឡើយ។

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស អាដហុក លោក សឹង សែនករុណា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី ២១ មេសា នេះថា អាជ្ញាធរដែលចុះប្រតិបត្តិការនៅតាមតំបន់បិតខ្ទប់ ឬតំបន់ក្រហម ជាដើម គួរឃាត់ខ្លួនពលរដ្ឋដែលបានប្រព្រឹត្តល្មើសក្នុងកម្រិតស្រាល មកធ្វើការអប់រំណែនាំ ជាជាងការប្រើហិង្សាលើពួកគេ។

លោកអះអាងថា ការអនុវត្តវិធានការដោយហិង្សានេះទំនងមិនមែនជាបទបញ្ជាមន្ត្រីថ្នាក់លើណែនាំឲ្យអនុវត្តបែបនេះទេ ប៉ុន្តែអាចជាការអនុវត្តដោយខ្លួនឯងច្រើនជាង ដូច្នេះថ្នាក់ដឹកនាំត្រូវពិនិត្យឡើងវិញពីប្រសិទ្ធភាពនៃអនុវត្តបទបញ្ជានូវមន្ត្រីរបស់ខ្លួន។ 

ចំណែកនាយកប្រតិបត្តិ នៃអង្គការអភិវឌ្ឍន៍ផ្នត់គំនិត បណ្ឌិត សេក សុជាតិ បានលើកឡើងថា  ក្នុងកាលៈទេសៈដ៏គួរឱ្យភ័យខ្លាចនេះ ទាំង ពលរដ្ឋ និងអាជ្ញាធរមានសមត្ថកិច្ច រួមជាមួយរដ្ឋាភិបាល និងភាគីពាក់ព័ន្ធទាំងអស់ គួរតែជួយគ្នាប្រយុទ្ធប្រឆាំងវីរុស Covid-19 វិញ ជាជាងចាប់ទោសកំហុសគ្នាទៅវិញទៅមក។

លោកអះអាងថា មនុស្សម្នាក់ៗ គួរតែគិតពីសង្គមជាតិរបស់ខ្លួន បើមិនដូច្នោះទេ វីរុសCovid-19  នឹងសម្លាប់ប្រជាជាតិខ្មែរកាន់តែច្រើនឡើងៗ ដោយសារការបែកបាក់សាមគ្គីគ្នា ដូច្នេះក្នុងនាមជាពលរដ្ឋល្អត្រូវចូលរួមអនុវត្តតាមវិធានការនានា របស់ក្រសួងសុខាភិបាល និងរដ្ឋាភិបាល ឲ្យបានត្រឹមត្រូវជាដាច់ខាត។

លោកក៏បញ្ជាក់ដែរថា អាជ្ញាធរមានសមត្ថកិច្ច ត្រូវប្រើវិធីអប់រំ ណែនាំទៅដល់ពលរដ្ឋ ជាជាងការបង្ខិតបង្ខំ និងការប្រើអំពើហិង្សានានាដែលជាហេតុបណ្តាល ឲ្យមានភាពចលាចលនៅតាមតំបន់បិទខ្ទប់ កាន់តែធ្ងន់ធ្ងរជាងនេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស