ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានក្រើនរំឭកដល់អាជ្ញាធរពាក់ព័ន្ធ និងកងកម្លាំងអនុវត្តច្បាប់ទាំងអស់ ត្រូវយកចិត្តទុកដាក់បំពេញភារកិច្ចប្រកបដោយការអត់ធ្មត់ ប្រកាន់ខ្ជាប់នូវវិន័យ អាកប្បកិរិយាថ្លៃថ្នូរ ម៉ឺងម៉ាត់ និងត្រូវគោរពគោលការណ៍នៃក្រមសីលធម៌វិជ្ជាជីវៈរបស់កងកម្លាំងឲ្យបានជាដាច់ខាត ជាពិសេសត្រូវចៀសវាងការប្រើប្រាស់អំពើហិង្សា ក្នុងការដោះស្រាយបញ្ហា នៅពេលអនុវត្តរាល់បទបញ្ជា ឬវិធានការ នានារបស់រាជរដ្ឋាភិបាល។
លិខិតរបស់លោក ស ខេង ផ្ញើទៅកាន់អាជ្ញាធរ នៅថ្ងៃទី២១ ខែមេសា នេះបានសរសេរថា ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ លោកយល់ច្បាស់អំពីការលំបាក ផលប៉ះពាល់ និងបញ្ហា ប្រឈមផ្សេងៗ ដែលអាជ្ញាធរមានសមត្ថកិច្ច ព្រមទាំងកងកម្លាំងអនុវត្តច្បាប់ទាំងអស់ដែលកំពុងជួបប្រទះ នៅក្នុងស្ថានភាពបច្ចុប្បន្ននេះ។
ក៏ប៉ុន្តែទោះបីជាយ៉ាងណា លោកជំរុញទឹកចិត្តឲ្យបងប្អូនបន្តរក្សា និងប្រកាន់ ខ្ជាប់នូវការអត់ធ្មត់ខ្ពស់ ដើម្បីទទួលបានការគាំទ្រ និងការចូលរួមពីគ្រប់មជ្ឈដ្ឋាន ក្នុងការបំពេញបេសកកម្ម ដ៏មានសារៈសំខាន់លើសមរភូមិប្រយុទ្ធប្រឆាំងជំងឺ Covid-19 យទទួលបានជោគជ័យ។
លោក ស ខេង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តវិធានការនានា របស់រាជរដ្ឋាភិបាល ក៏ដូចជាសហការអនុវត្តតាមការណែនាំរបស់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច ដើម្បីបុព្វហេតុរួម នៃការកាត់ផ្តាច់ និងឈានទៅបញ្ចប់ការឆ្លងរាលដាលក្នុងសហគមន៍ នៃជំងឺ Covid-19 សំដៅនាំឲ្យស្ថានការណ៍ និងគ្រប់សកម្មភាពរបស់សង្គម វិលមករកភាពប្រក្រតីឡើងវិញក្នុងពេលដ៏ឆាប់ខាងមុខនេះ៕