38.1 C
Phnom Penh

សមត្ថកិច្ចខេត្តកោះកុង ឃាត់ទូកនេសាទសមុទ្រ ២គ្រឿង និងមនុស្ស ១៤នាក់មិនឲ្យចូលចត បារម្ភមានផ្ទុកមេរោគCovid-19

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋបាលស្រុកគីរីសាគរ ខេត្តកោះកុង នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែមេសា ឆ្នាំ២០២១ នេះ បានឃាត់ទូកនេសាទចំនួន ០២គ្រឿង និងអ្នកនេសាទចំនួន ១៤នាក់ ក្រោយពីបានស៊ើបអង្កេតដឹងថា ទូកនេសាទទាំង ០២គ្រឿងនេះ បានដឹកផលនេសាទ ចេញទៅលក់នៅកំពង់ផែប្រទេសថៃ ជាញឹកញាប់ ដែលបារម្ភដល់ការចម្លងមេរោគCovid-19 ចូលមកក្នុងមូលដ្ឋានស្រុកគីរីសាគរ ខេត្តកោះកុង។

គេហទំព័រក្នុងស្រុកឈ្មោះ “កម្ពុជាថ្ងៃនេះ” បានស្រង់សំដី លោក ចេង មុនីរិទ្ធ អភិបាលស្រុកគីរីសាគរ មកចុះផ្សាយថា  មុនឈានទៅឃាត់ទូកនេសាទទាំង ០២គ្រឿង និងមនុស្សទាំង ១៤នាក់ ខាងលើនេះ សមត្ថកិច្ចជំនាញបានតាមដានដឹងថា ទូកនេសាទទាំង ០២គ្រឿងនេះ បានធ្វើដំណើរចេញ-ចូលតាមសមុទ្រ ដើម្បីនាំផលនេសាទ របស់ពួកគេ ទៅលក់នៅប្រទេសថៃ ជាបន្តបន្ទាប់នាពេលកន្លងមក។

មន្ត្រីរូបនោះបានបញ្ជាក់ទៀតថា ករណីនេះ រដ្ឋបាលស្រុកគីរីសាគរ ក៏សម្រេចហាមទូកនេសាទទាំង ០២គ្រឿង និងមនុស្សចំនួន ១៤នាក់ ចូលចត ហើយហាមមនុស្សទាំង១៤នាក់ ឡើងលើដីគោក។ 

លោក ចេង មុនីរិទ្ធ បានបន្តថា ទូកនេសាទដែលសង្ស័យធ្វើដំណើរចេញ-ចូល លក់ផលនេសាទ នៅប្រទេសថៃ តាមលម្ហសមុទ្រខាងលើនេះ គឺជាទូកនេសាទ របស់ពលរដ្ឋ រស់នៅឃុំកោះស្តេច ដែលតែងតែចេញ ចូល ទៅលក់ផលនេសាទនៅប្រទេសថៃ។

អាជ្ញាធរ ក៏បានហាមទូកនេសាទទាំង ០២គ្រឿងនេះ ចាកចេញពីទីកន្លែង ដែលអាជ្ញាធរឲ្យឈប់សំចតដាច់ខាត ដោយត្រូវរង់ចាំមន្ត្រីសុខាភិបាលខេត្តកោះកុង ចុះមកយកវត្ថុសំណាក ដើម្បីទៅវិភាគរកមេរោគ Covid19 ឲ្យស្របតាមការណែនាំរបស់ក្រសួងសុខាភិបាលជាមុនសិន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស