31 C
Phnom Penh

អ្នកបើករថយន្តដឹកទំនិញ ចេញ-ចូលកំពង់ផែក្រុងព្រះសីហនុ ត្អូញត្អែរពីការរាំងស្ទះដឹកជញ្ជូនដោយសារការរឹតបន្តឹងចរាចរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមអ្នកបើកបររថយន្តដឹកទំនិញតាមផ្លូវជាតិលេខ៤ ចេញចូលខេត្តព្រះសីហនុ បានរអ៊ូរទាំថា ពួកគេមានផលវិបាក និងមានការរាំងស្ទះ ក្នុងការដឹកជញ្ជូនទំនិញចេញចូលកំពង់ផែក្រុងព្រះសីហនុ និងទៅកាន់គោលដៅផ្សេងៗ ដោយសារតែការរឹតបន្តឹង និងការត្រួតពិនិត្យរាល់ការដឹកជញ្ជូនឆ្លងកាត់ខេត្តនីមួយៗ។

ប្រភពអ្នកបើកបររថយន្តដឹកទំនិញបានឲ្យសារព័ត៌មាន The Cambodia Daily ដឹងនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះថា ការរឹតបន្តឹងការឆែកឆេរមានការយឺតយ៉ាវ និងការកំណត់ចំនួនមនុស្ស របស់សមត្ថកិច្ចចម្រុះ នៅតាមបណ្តាលខេត្តមួយចំនួន បានបង្កផលវិបាកដល់ការលើកដាក់ទំនិញ នៅពេលជួបញ្ហានៅតាមផ្លូវជាដើម។

ក្រុមហ៊ុនដែលមានរថយន្តដឹកទំនិញធំៗ បានសំណូមពរដល់សមត្ថកិច្ចចម្រុះ ដែលប្រចាំការនៅតាមព្រំប្រទល់ឆ្លងកាត់ខេត្តនីមួយៗ សូមអនុគ្រោះដល់រថយន្តដឹកទំនិញទាំងអស់ ដើម្បីជួយពន្លឿនសកម្មភាពចរាចរណ៍ដឹកជញ្ជូនទំនិញ ឲ្យមានដំណើរការបានរលូន ឆាប់រហ័ស និងកុំឲ្យរាំងស្ទះ ដល់សេវាដឹកទំនិញ ដែលជាដង្ហើមសេដ្ឋកិច្ចជាតិ និងជាប្រភពចំណូលជាតិ ដ៏សំខាន់បំផុតរបស់ប្រទេស។

តំណាងក្រុមហ៊ុនដឹកជញ្ជូនទំនិញ ក៏បានសំណូមពរដល់លោក ហ៊ុន សែន ជួយពិនិត្យពិចារណា អំពីការកំណត់ចំនួនមនុស្ស ចំពោះរថយន្តដឹកទំនិញ យ៉ាងហោចអាចមានមនុស្សចំនួន ០២នាក់ឡើងទៅ គឺតៃកុងឡានម្នាក់ និងព្រូឡានម្នាក់ ឬក៏ពីរនាក់ ដើម្បីបង្កការងាយស្រួលដល់ការលើកដាក់ទំនិញ។

ក្រុមហ៊ុនរថយន្តដឹកជញ្ជូនធនធំទាំងនោះឲ្យដឹងទៀតថា ពួកគាត់នឹងអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល និងគោលការ ០៣ កុំ ០៣ ការពារឲ្យបានខ្ជាប់ខ្ជួនបំផុត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស