26 C
Phnom Penh

លោក ហ៊ុន សែន អួតពីកូនប្រុសរបស់ខ្លួន ប្រាប់មេដឹកនាំបក្សកុម្មុយនិស្ដវៀតណាម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសើរពីកូនប្រុសរបស់លោក ចំពោះគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ដវៀតណាម ថា លោក ហ៊ុន ម៉ាណែត កំពុងប្រឹងប្រែងសម្រាលទុក្ខលំបាក និងផ្តល់ក្តីសង្ឃឹមដល់ពលរដ្ឋកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនៃការរីករាលដាលនៃវីរុសCovid-19 យ៉ាងពេញទំហឹង។

ប្រមុខរដ្ឋាភិបាលកម្ពុជា បានផ្ញើលិខិតមួយច្បាប់ នៅថ្ងៃទី២២ ខែមេសា នេះជូនអគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម លោក ង្វៀន ហ៊្វូចុង ថា ក្នុងការប្រយុទ្ធប្រឆាំងការផ្ទុះវីរុសCovid-19 ក្នុងព្រឹត្តិការសហគមន៍ ២០កុម្ភៈ កន្លងទៅនោះ កូនប្រុសរបស់លោក គឺលោក ហ៊ុន ម៉ាណែត បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តយ៉ាងដុតដៃដុតជើង ដើម្បីទប់ការចម្លងនៃវីរុសនេះបន្តទៀត ដែលនេះជាសកម្មភាពមួយបង្ហាញពីការផ្តល់ក្តីសង្ឃឹមដល់ពលរដ្ឋខ្មែរយ៉ាងខ្លាំង។ លោក ហ៊ុន សែន អះអាងថា ក្នុងនាមគណបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាល ប្រជាជនកម្ពុជា និងរូបលោកផ្ទាល់ តែងយកចិត្តទុកដាក់ដល់ការថែរក្សានូវចំណងមិត្តភាព សាមគ្គីភាព និងរួមសុខរួមទុក្ខជាមួយគ្នានៅគ្រប់កាលៈទេសៈទាំងអស់ ស្របតាមទិសស្លោកថា ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង។

គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម បានផ្ញើលិខិតកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ សួរសុខទុក្ខប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន ស្របពេលកម្ពុជាកំពុងប្រយុទ្ធប្រឆាំងនឹងវីរុសCovid-19។

លិខិតដដែលនោះ បញ្ជាក់ថា ដោយមានប្រពៃណីសាមគ្គី ផ្សារភ្ជាប់យ៉ាងស្អិតល្មួត ការជួយឧបត្ថម្ភគ្នាទៅវិញទៅមករវាងបក្សទាំងពីររដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ វៀតណាមបានត្រៀមខ្លួនជានិច្ចដើម្បីសហការជួយឧបត្ថម្ភ ចែករំលែកតាមដែលអាចធ្វើទៅបាន ដើម្បីប្រកៀកស្មា ជាមួយកម្ពុជា ក្នុងការទប់ស្កាត់ជំងឺឆ្លងនេះឲ្យបានឆាប់រហ័ស។

ទាក់ទិននឹងបញ្ហានេះ រដ្ឋាភិបាលវៀតណាម កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ បានផ្តល់ជំនួយសប្បុរសធម៌ជាថវិកាចំនួន ៣០ម៉ឺនដុល្លារអាមេរិក ដល់រដ្ឋាភិបាលកម្ពុជា ផងដែរ។

អ្នកវិភាគនយោបាយសង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា ការរំលេចឈ្មោះកូនប្រុសរបស់ខ្លួន គឺលោក ហ៊ុន ម៉ាណែត ទៅកាន់បក្សកុម្មុយនីស្តវៀតណាម ទំនងជាចេតនាឲ្យចៅហ្វាយចាស់ ជួយជ្រោមជ្រែងកូនរបស់គាត់ឡើងកាន់អំណាចបន្តពីខ្លួន។

លោកអះអាងថា លោក ហ៊ុន សែន ប្រហែលជាភ្ញាក់ខ្លួន ដឹងថា មិត្តដែកថែបចិន មិនមានបំណងជួយជ្រោមជ្រែង អំណាចបន្តពូជរបស់លោកទេ គឺប្រហែលជាគ្រាន់តែមានទំនាក់ទំនងល្អ ជាមួយរដ្ឋាភិបាលរបស់លោកតែប៉ុណ្ណោះ ព្រោះក្នុងអំឡុងនៃការរីករាលដាលនៃជំងឺCovid-19 ក្នុងសហគមន៍នេះចិន ហាក់ស្ងប់ស្ងាត់ មិនផ្តល់ជំនួយអ្វីផ្សេងដល់រដ្ឋាភិបាលកម្ពុជានោះឡើយ។

លោកថា ទោះចិន បានផ្តល់ជំនួយជាវ៉ាក់សាំងខ្លះ ក៏កម្ពុជា ត្រូវបញ្ជាទិញពីចិន បន្ថែមទៀត ខណៈលោក ហ៊ុន សែន កំពុងខ្វះខាតលុយដើម្បីផ្គត់ផ្គង់រដ្ឋាភិបាលរបស់ខ្លួនផងនោះ។

លោក គឹម សុខ បញ្ជាក់ថា ពេលនេះលោក ហ៊ុន សែន ទំនងជាដឹងច្បាស់ហើយថា ដើម្បីបង្កើតឥទ្ធិពលកូនប្រុសរបស់គាត់ក្នុងជួរគណបក្ស និងមន្ត្រីរដ្ឋាភិបាល ដើម្បីឲ្យគេទទួលស្គាល់ក្នុងការស្នងអំណាចនេះ គ្មានជម្រើសអ្វីផ្សេងណា ក្រៅពីទៅពឹងចៅហ្វាយចាស់របស់ខ្លួននោះទេ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស