31 C
Phnom Penh

លោក សយ​ សុភាព អំពាវនាវកុំឲ្យថ្នាក់ដឹកនាំកម្ពុជា ចាប់កំហុសរបស់លោក ពីការបកស្រាយប្រវត្តិសាស្ត្រ កម្ពុជា-វៀតណាម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយកមជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល អំពាវនាវសុំឲ្យអ្នកដឹកនាំខ្មែរ កុំខឹង និងចាប់កំហុសរបស់លោក ប្រសិនបើលោកនិយាយមិនត្រូវកាលៈទេសៈអំពីប្រវត្តិសាស្ត្រពិតរវាងកម្ពុជា និងវៀតណាម។

លោក សយ សុភាព នាយកមជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល  អះអាងថា យួនត្រូវតែដឹងគុណខ្មែរជានិច្ចព្រោះថា បើគ្មានមេដឹកនាំខ្មែរ ប្រជាជនខ្មែរ និងទឹកដីខ្មែរឱ្យជ្រកកោន ឆ្លងកាត់ និងស្នាក់នៅទេ យួនមិនអាចរួបរួមគ្នាដូចសព្វថ្ងៃនេះទេ។ ដូច្នេះក្នុងកាលៈទេសៈណាក៏ដោយយួនត្រូវគោរពដឹងគុណខ្មែរ ជាដរាប ឬយ៉ាងហោចណាស់មិនត្រូវដល់ត្រើយ ហើយឱ្យគ្រាប់ស្លែងមកខ្មែរ នោះទេ ឬពាក្យខ្មែរបុរាណហៅថា ដល់ត្រើយសើយគូទនោះដែរ។

លោកអះអាងថា នៅក្នុងសង្គ្រាមឥណ្ឌូចិន លើកទី២ ឬហៅថា សង្គ្រាមកងទ័ពវៀតណាម និងសហរដ្ឋអាមេរិក អ្នកឈ្នះពិតប្រាកដ គឺប្រទេសវៀតណាម រីឯអ្នករងគ្រោះ និងចាញ់ពិតប្រាកដ គឺប្រទេសខ្មែរ ព្រោះរដ្ឋាភិបាលកម្ពុជា នៅពេលនោះបានអនុញ្ញាតឱ្យ កងទ័ពយៀកកុង លាក់ខ្លួននៅស្រុកខ្មែរ ដើម្បីគេចពីការវាយប្រហាររបស់សហរដ្ឋអាមេរិក ដែលបានគាំទ្រវៀតណាមខាងត្បូង។

លោកបញ្ជាក់ថា ដោយសារមានការជួយជ្រោមជ្រែងពីរដ្ឋាភិបាលខ្មែរ នេះហើយ ទើបវៀតណាមខាងជើង ដែលដឹកនាំដោយ ហូជីម៉ិញ អាចវាយរំដោះយួនខាងត្បូង ឬកម្ពុជាក្រោម បានជោគជ័យ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ ដែលធ្វើឲ្យវៀតណាមខាងជើង និងវៀតណាមខាងត្បូង ឯកភាពជាតិទាំងមូលបានដល់សព្វថ្ងៃ។

លោក សយ សុភាព អះអាងថា យោងលើព្រឹត្តិការនេះ ប្រវត្តិសាស្ត្របានបង្ហាញយ៉ាងច្បាស់ថា ប្រជាជនខ្មែរ និងមេដឹកនាំខ្មែរ គឺសម្តេចព្រះបាទ នរោត្តម សីហនុ និងអ្នកស្នេហាជាតិខ្មែរ ដែលបានចូលព្រៃម៉ាគីដង្ហែតាមព្រះអង្គ គឺជាអ្នកមានគុណលើកងទ័ពយួន ពិតប្រាកដ ហើយយួន ត្រូវតែដឹងគុណមេដឹកនាំខ្មែរ និងប្រជាជនខ្មែរ មិនអាចប្រកែកបានឡើយ។

ការអះអាងនេះធ្វើឡើង ដើម្បីរិះគន់ទៅកាន់រដ្ឋាភិបាលវៀតណាម ដែលអះអាងថាវៀតណាម ជាអ្នកមានគុណរបស់កម្ពុជា ដែលតែជួយរដ្ឋាភិបាលខ្មែរ រំដោះប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត កាលពីឆ្នាំ១៩៧៩ កន្លងទៅ។

កាលពីឆ្នាំ១៩៦៥ រដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឲ្យកងទ័ពយៀកកុង លាក់ខ្លួននៅស្រុកខ្មែរ និងអនុញ្ញាតឱ្យឆ្លងកាត់ ទៅវាយរំដោះយួនខាងត្បូង ឬកម្ពុជាក្រោម ទទួលបានជោគជ័យនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ បើទោះបី កម្ពុជា នៅពេលនោះបានប្រកាន់ជំហរអព្យាក្រឹត្យមិនចូលបក្សសម្ព័ន្ធណាមួយក៏ដោយ។

ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា បានសរសេរនៅលើទំព័រFacebook របស់ខ្លួនកាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ ថា រយៈពេល ៤១ឆ្នាំ បន្ទាប់ពីទទួលបានជ័យជំនះ លើរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដោយមានការជួយជ្រោមជ្រែងពីសំណាក់កងទ័ពស្ម័គ្រចិត្តនៃប្រជាជនវៀតណាម ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយលោក ហ៊ុន សែន និងប្រទេសកម្ពុជា អាចទទួលបានសមិទ្ធិផលយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងពេលបច្ចុប្បន្ននេះ។

ស្ថានទូតវៀតណាម បញ្ជាក់ថា ជ័យជម្នះនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ បានជួយសង្គ្រោះប្រជាជនកម្ពុជា ពីអំពើប្រល័យពូជសាសន៍ ដោយបានទទួលមកវិញនូវសិទ្ធិរស់រានមានជីវិត និងសិទ្ធិជាមនុស្ស គឺដោយសារ បក្សកុម្មុយនីស្តវៀតណាម ជាមួយកងទ័ព និងប្រជាជនវៀតណាម បានអនុវត្តសិទ្ធិស្របច្បាប់ជួយសង្គ្រោះ ប្រជាជនកម្ពុជា ពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមមួយនេះ។

ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២២ មេសា នេះថា លោកគាំទ្រពីការលើកឡើងរបស់លោក សយ សុភាពដែលថា វៀតណាម ត្រូវតែដឹងគុណខ្មែរ ប៉ុន្តែដើម្បីឲ្យយួន ដឹងគុណខ្មែរ ទាល់តែខ្មែរ ចេះសាមគ្គីជាតិខ្មែរ មានសមត្ថភាពរក្សាបូរណភាពទឹកដី និងឯកភាពជាតិឯងពេញលេញជាមុនសិន។

លោកអះអាងថា បើពិតជាចង់ឲ្យយួនដឹងគុណខ្មែរមែន រដ្ឋាភិបាល កម្ពុជា ត្រូវហ៊ានប្រកាសមោឃភាពសន្ធិសញ្ញា និងកិច្ចព្រមព្រៀងខុសច្បាប់ទាំងឡាយណាដែលរដ្ឋាភិបាលខ្មែរ លួចចុះហត្ថលេខាជាមួយ វៀតណាម ដែលផ្ទុយពីស្មារតីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ឲ្យអស់ ហើយប្រើយន្តការអន្តរជាតិទាមទារទឹកដីដែលវៀតណាមបានឈ្លានពានកន្លងមក។

លោក ម៉ែន ណាត បញ្ជាក់ថា បើអ្នកដឹកនាំប្រទេសតាមបែបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សព្វថ្ងៃនេះ មិនត្រឹមតែយួនមិនដឹងគុណខ្មែរទេ យួននឹងនៅតែបន្តឈ្លានពានលើបូរណៈទឹកដីខ្មែររហូតដូចដែលពួកគេធ្លាប់ធ្វើកន្លងមកជាមិនខាន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស