41.3 C
Phnom Penh

ប្រធានគណបក្សមិនទាន់ចូលបោះឆ្នោត មិនគាំទ្រចំពោះវិធានការរបស់សមត្ថកិច្ចប្រើហិង្សាផ្ទុយពីច្បាប់បានចែង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្សក្រៅរដ្ឋាភិបាលអះអាងថា ក្នុងនាមជាអាជ្ញាធរ ត្រូវមានតួនាទី និងកាតព្វកិច្ចធានាសុវត្ថិភាពជូនពលរដ្ឋ ដូច្នេះ គ្រប់សកម្មភាពអនុវត្តនៅតាមតំបន់គោលដៅបិទខ្ទប់ មិនត្រូវប្រើអំពើហិង្សាខុស ច្បាប់ ដែលជាដាច់ខាត។

ប្រធានគណបក្សបំណងពលរដ្ឋ លោក អ៊ិត សារុំ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា ក្នុងច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺCovid-19 និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត មិនបានចែងអំពីការប្រើរំពាត់សម្រាប់វាយពលរដ្ឋ ដើម្បីទប់ស្កាត់ជំងឺឆ្លងនេះទេ។

លោក បន្តថា ការអនុវត្តច្បាប់ត្រូវធ្វើឡើងតាមនីតិវិធីដែលបានចែង មិនអាចធ្វើតាមនឹកឃើញ ឬធ្វើតាមអារម្មណ៍នោះទេ។

កាលពីកន្លងមកនេះ អ្នកប្រើប្រាស់បណ្ដាញសង្គម បានចែករំលែកវី  ដេអូ និងរូបភាព ដែលបានរិះគន់ចំពោះសកម្មភាពរបស់សមត្ថកិច្ចបានប្រើរំពាត់ ឬដំបងឫស្សី វាយពលរដ្ឋមួយចំនួនដែលបានចេញធ្វើដំណើរនៅក្រៅផ្ទះ ផ្ទុយពីបម្រាមរបស់រដ្ឋាភិបាល ក្នុងការការពាររាលដាលជំងឺ Covid-19។

ករណីនេះ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានអំពាវនាវឲ្យអាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងអនុវត្តច្បាប់ទាំងអស់ ត្រូវតែប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ និងការអត់ធ្មត់ខ្ពស់ ដើម្បីទទួលបានការគាំទ្រ និងការចូលរួមពីគ្រប់មជ្ឈដ្ឋាន ក្នុងការបំពេញបេសកកម្ម ដ៏មានសារៈសំខាន់លើសមរភូមិប្រយុទ្ធប្រឆាំងជំងឺ Covid-19 ឲ្យទទួលបានជោគជ័យ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានចេញលិខិតមួយច្បាប់ដើម្បីក្រើនរំលឹកដល់អាជ្ញាធរ មានសមត្ថកិច្ចកំពុងអនុវត្តច្បាប់ នៃវិធានការបិទខ្ទប់ ដើម្បីទប់ស្កាត់ការរីករាលនៃជំងឺCovid-19 នៅថ្ងៃទី២២ ខែមេសា នេះថា កងកម្លាំងទាំងអស់ត្រូវប្រកាន់ខ្ជាប់នូវវិន័យ អាកប្បកិរិយាថ្លៃថ្នូរ ម៉ឺងម៉ាត់ និងត្រូវគោរពគោលការណ៍នៃក្រមសីលធម៌វិជ្ជាជីវៈ របស់កងកម្លាំងឲ្យបានជាដាច់ខាត។

លោកបញ្ជាក់ថា មន្ត្រីអនុវត្តច្បាប់នៅតាមតំបន់បិទខ្ទប់នានាត្រូវ ចៀសវាង ការប្រើប្រាស់អំពើហិង្សា ក្នុងការដោះស្រាយបញ្ហា នៅពេលអនុវត្តរាល់បទបញ្ជា ឬវិធានការនានារបស់រដ្ឋាភិបាល។

បើទោះបីជា ក្នុងការអនុវត្តបទបញ្ជា ឬវិធានការទាំងនោះជួបការលំបាកយ៉ាងណាក៏ដោយ ព្រោះគោលដៅរបស់រដ្ឋាភិបាលទាមទារឲ្យមានការចូលរួមសហការពីពលរដ្ឋ ដើម្បីទប់ស្កាត់ការឆ្លងវីរុស Covid-19 ឲ្យកាន់តែមានប្រសិទ្ធភាព។

ចំណែកឯអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង អះអាងកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ នេះថា ការកាន់រំពាត់ដេញវាយពលរដ្ឋឲ្យចូលផ្ទះ គឺដូចឪពុកម្ដាយប្រដៅកូនប៉ុណ្ណោះ បើពួកគេមិនស្ដាប់ទៀតនោះនឹងត្រូវឃាត់ខ្លួនយកមកផាកពិន័យតាមច្បាប់កំណត់។

លោកបញ្ជាក់ថា ការកាន់រំពាត់របស់កងកម្លាំងមានសមត្ថកិច្ច ដេញពលរដ្ឋឲ្យចូលផ្ទះ គឺគ្រាន់តែគំរាមពលរដ្ឋដែលនៅតែគឃ្លើននឹងបម្រាម របស់រដ្ឋាភិបាលប៉ុណ្ណោះ មិនមែនជាការប្រើប្រាស់អំពើហិង្សានោះទេ។ ជាងនេះទៀត ក្នុងករណីពលរដ្ឋ នៅតែមិនស្ដាប់អាជ្ញាធរណែនាំ នឹងត្រូវឃាត់ខ្លួនភ្លាមៗ ហើយកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីតាមច្បាប់កំណត់តែម្ដង។

ច្បាប់ស្ដីពី វិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺCovid-19 និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀតមាន ៦ ជំពូក ១៨ មាត្រា ដែលបានចែងពីការដាក់ទណ្ឌកម្មរដ្ឋបាល និងព្រហ្មទណ្ឌ លើបុគ្គល ដែលមិនអនុវត្តតាមវិធានការសុខាភិបាល ឬសេចក្តីណែនាំរបស់រដ្ឋាភិបាលផ្សេងៗ ដែលនឹងត្រូវផាកពិន័យជាទឹកប្រាក់ និងដាក់ពន្ធនាគារផងដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស