នៅសល់តែ២ថ្ងៃទៀតប៉ុណ្ណោះ កិច្ចប្រជុំពិសេសនៃមេដឹកនាំសមាគមអាស៊ាន នឹងចាប់ផ្ដើម ដោយផ្ដោតតែលើ វិបត្តិនយោបាយដ៏ហិង្សានៅប្រទេសភូមា។ កិច្ចប្រជុំនោះនឹងប្រព្រឹត្តនៅថ្ងៃទី២៤ ខែមេសានៅប្រទេសឥណ្ឌូនេស៊ី។
កិច្ចប្រជុំនេះ ធ្វើឡើងតាមការអញ្ជើញរបស់ ប្រធានសមាគមអាស៊ាន សម្រាប់ឆ្នាំ២០២១ គឺប្រទេសព្រុយណេដោយមានការសម្របសម្រួល ពីប្រទេសឥណ្ឌូនេស៊ី។ ខណៈកិច្ចប្រជុំកាន់តែខិតជិតចូលមកដល់ ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte និងនាយករដ្ឋមន្ត្រីថៃ Prayuth Chan-ocha បានសម្រេចមិនចូលរួមកិច្ចប្រជុំនោះទេ ។
ចំពោះមេដឹកនាំ ប្រទេសដទៃទៀត នៅមិនទាន់ដឹងថា ត្រូវធ្វើទៅប្រជុំដែរឬទេ ដូចជាមេដឹកនាំ វៀតណាម ឡាវ ។ ប៉ុន្តែ មេដឹកនាំកម្ពុជា សិង្ហបុរី ម៉ាឡេស៊ី បានប្រកាសថា នឹងទៅចូលរួមប្រជុំខណៈមេដឹកនាំឥណ្ឌូនេស៊ី ជាម្ចាស់ផ្ទះ។ យ៉ាងណា ឧត្តមសេនីយ៍មីនអ៊ុងឡាំង ដែលជាមេរដ្ឋប្រហារនៅភូមាត្រូវបានស្នើអោយទៅចូលរួមប្រជុំផងដែរ។
ប្រភពជាច្រើន នៃប្រទេសភូមា បានអោយដឹងថា លោកមីនអ៊ុងឡាំងនឹងទៅចូលរួមប្រជុំ។ តែបែបនេះក្ដីឧត្តមសេនីយ៍រូបនេះ ពុំតំណាង អោយប្រជាជនឬ ប្រទេសភូមានោះទេ គឺក្នុងនាមជាភាគីនៃក្រុមយោធាតែប៉ុណ្ណោះ។ លោកមីនអ៊ុងឡាំងដែលមានវត្តមានក្នុងកិច្ចប្រជុំនោះ គឺប្រៀបបាននឹងចុងចោទមួយរូបនៃព្រឹត្តិការណ៍រដ្ឋប្រហារកាលពីថ្ងៃទី១ ខែកុម្ភៈឆ្នាំ២០២១ ដែលលោក ជាឧត្តមសេនីយ៍ឡើងកាន់អំណាចតាមរយៈរដ្ឋប្រហារ។
ពីទីក្រុងម៉ានីល សារព័ត៌មាន Nikkei Asia នៃប្រទេសជប៉ុនបានធ្វើសេចក្ដីរាយការណ៍មកថា ប្រធានាធិបតី ហ្វីលីពីន លោក Rodrigo Duterte និងPrayuth Chan-ocha មិនបានចូលរួមប្រជុំពិសេសនៃមេដឹកនាំអាស៊ាននោះទេ។
រដ្ឋមន្រ្ដីការបរទេសហ្វីលីពីន Teodoro Locsin Jr.នឹងជាតំណាងឱ្យលោក Duterte នៅឯកិច្ចប្រជុំនោះ។ ប៉ុន្ដែមូលហេតុដែលលោក ឌូទ័រតេ មិនបានចូលរួមប្រជុំ គឺដោយសារតែស្ថានភាពនៃជំងឺកូវីដ១៩ វាយលុកធ្ងន់ធ្ងរ។
សេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេស ហ្វីលីពីន បានបញ្ជាក់ទៀតថា អវត្តមានរបស់លោកឌូទ័រតេ មិនមែនជាបញ្ហាអ្វីនោះទេ ដោយសារតែប្រទេសហ្វីលីពីន បានគាំទ្រជាខ្លាំងទៅហើយ នូវការបើកកិច្ចប្រជុំនេះ ទោះបីកិច្ចប្រជុំនេះ ពុំមានមេដឹកនាំកំពូលៗចូលរួមគ្រប់ចំនួនក៏ដោយនោះ។
មេដឹកនាំយោធាមីនអ៊ុងឡាំង ត្រូវគេរំពឹងថានឹងទៅចូលរួមកិច្ចប្រជុំនេះ។ អ្នកនាំពាក្យម្នាក់ របស់ក្រុមប្រឹក្សាយោធាបានប្រាប់សាព័ត៌មាន Nikkei Asia នៅថ្ងៃពុធនេះថា លោកមីនអ៊ុងឡាំងបានសម្រេចចិត្តរួចហើយក្នុងការទៅចូលរួមកិច្ចប្រជុំនេះ។ បែបណាក៏ដោយនាយករដ្មន្រ្ដីម៉ាឡេស៊ី Muhyiddin Yassin នឹងមានវត្តមានក្នុងកិច្ចប្រជុំព្រមទាំងមេដឹកនាំកម្ពុជា គឺនាយករដ្ឋមន្រ្ដី ហ៊ុន សែន ផងដែរ។ ប៉ុន្ដែមេដឹកនាំជាច្រើនទៀត នៅពុំបានជូនដំណឹងថានឹងមានវត្តមានដែរឬទេ។
អង្គការតំបន់នេះប្រកាន់ខ្ជាប់ណាស់ នូវគោលនយោបាយមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង សមាជិកដែលមានបញ្ហាក្នុងប្រទេសរបស់ពួកគេ។ ទោះបីអវត្តមានមេដឹកនាំខ្លះក៏ដោយ ក៏មិនប្រាកដថាកិច្ចប្រជុំនោះបានលទ្ធផលយ៉ាងណានោះទេ។
លោកឌូទ័រតេ មិនទាន់បានថ្លែងសារនយោបាយណាមួយជាក់លាក់អំពីវិបត្តិនៅក្នុងប្រទេសភូមានោះទេ ចាប់តាំងពីរដ្ឋប្រហារផ្ទុះឡើង នៅថ្ងៃទី១កុម្ភៈ។ តែចាប់តាំងពីពេលនោះមក មេដឹកនាំភូមា អ្នកស្រី អ៊ុងសានស៊ូជី ដែលជាជនរងគ្រោះ ដោយរដ្ឋប្រហារ ហើយឥលូវនេះអ្នកស្រី និងមន្រ្ដីរបស់អ្នកស្រីរាប់រយនាក់កំពុង ត្រូវបានឃុំខ្លួន ក៏បានអំពាវនាវឱ្យមេដឹកនាំអាស៊ាន ផ្ដល់ឱកាសឱ្យតំណាងនៃរដ្ឋាភិបាលស្រមោលបានចូលរួមក្នុងកិច្ចប្រជុំនេះផងដែរ។ កាលពីខែមីនា រដ្ឋមន្រ្ដីការបរទេសហ្វីលីពីន បានអំពាវនាវឱ្យដោះលែងអ្នកស្រី ស៊ូជី និង អ្នកនយោបាយទាំងអស់ដែលត្រូវបានពួកយោធាចាប់ខ្លួន។
លោករដ្ឋមន្រ្ដីបញ្ជាក់ទៀតថា ជំហរប្រធានាធិបតីគឺប្ដេជ្ញាចិត្តជាមួយអាស៊ានក្នុងការដោះស្រាយបញ្ហាប្រឈម និងការគំរាមកំហែងសន្ដិភាព និងសន្ដិសុខតំបន់ដោយសារប្រទេសភូមា ធ្លាក់ក្នុងវិបត្តិនយោបាយ។
រដ្ឋមន្រ្ដីការបរទេសហ្វីលីពីន រូបនេះបានបញ្ជាក់ទៀតថា លោកគាំទ្រយ៉ាងខ្លាំងរួចទៅហើយ អំពីគំនិតផ្ដួចផ្ដើមទាំងអស់ដែលកើតចេញពី មេដឹកនាំម៉ាឡេស៊ី និងឥណ្ឌូនេស៊ី រួមទាំងអគ្គលេខាធិការនៃសមាគមអាស៊ាន ដែលត្រូវជួយដោះស្រាយវិបត្តិនៃប្រទេសភូមា។
យ៉ាងណាក៏ដោយ អវត្តមានរបស់លោកឌូទ័រតេ បន្ទាប់ពីនាយករដ្ឋមន្រ្ដីថៃ ដែលត្រូវបានមើលឃើញថា ជាមេដឹកនាំស្និទ្ធស្នាលជាមួយឧត្តមសេនីយ៍ មីនអ៊ុងឡាំង ជាមេរដ្ឋប្រហារនៃប្រទេសភូមា ក៏អវត្តមាន ព្រោះប្រទេសថៃ ធ្លាក់ក្នុងជំងឺកូវីដដ៏ធ្ងន់ធ្ងរ គឺដូចគ្នាទៅនឹងប្រទេសហ្វីលីពីនដែរ។ សម្រាប់មេដឹកនាំកម្ពុជា គឺលោក ហ៊ុនសែន ទីក្រុងភ្នំពេញ ទោះជាធ្លាក់ក្នុងវិបត្តិជំងឺកូវីដ១៩ ក៏ដោយ ក៏លោកតាំងចិត្តថាត្រូវធ្វើដំណើរទៅចូលរួមប្រជុំផងដែរ។
ក្រុមអ្នកឃ្លាំមើលនិយាយថា ការសម្រេចរបស់លោក ហ៊ុន សែន ក្នុងការទៅចូលរួមប្រជុំនេះ ដោយសារលោកចង់យកចិត្តចិនផង និងចង់គេចពីការទទួលខុសត្រូវអំពីការធ្វេសប្រហែសធ្វើឲ្យមានវិបត្តិកូវីដ១៩ ឆ្លងរាលដាលពេញប្រទេស ដែលមិនទាន់អាចទប់ស្កាត់បាន។
អាស៊ានមានសមាជិក១០ប្រទេស ក្នុងនោះមានប្រទេសភូមាផងដែរ។ កាលពីប៉ុន្មានសប្ដាហ៍មុននេះ សមាជិកសភាអាស៊ាន ដើម្បីសិទ្ធិមនុស្សបានចេញសេចក្ដីថ្លែងការណ៍អំពាវនាវឱ្យមេដឹកនាំអាស៊ានព្យួរបណ្ដោះអាសន្នសមាជិកភាពរបស់ប្រទេសភូមា គឺរហូតទាល់តែប្រទេសនេះស្រោចស្រង់ប្រជាធិបតេយ្យរស់ឡើងវិញ។
យ៉ាងណាក៏ដោយ អ្នកសង្កេតការណ៍មើលឃើញថាកិច្ចប្រជុំអាស៊ានអំពីប្រទេសភូមាពេលនេះ ក៏កើតឡើងទន្ទឹមនឹងប្រទេសចិនបារម្ភអំពីការធ្លាក់ ឥទ្ធិពលភូមិសាស្រ្ដនយោបាយរបស់ចិន ប្រសិនបើសហគមន៍អន្ដរជាតិ ជាពិសេស លោកខាងលិចចូលពាក់ព័ន្ធស៊ីជម្រៅចំពោះវិបត្តិនៅប្រទេសភូមា៕