31 C
Phnom Penh

សង្គមស៊ីវិលថា ការដាក់លក់ទំនិញរបស់ក្រសួងពាណិជ្ជកម្ម គឺបង្ហាញថា រដ្ឋកំពុងខ្វះខាតលុយធ្ងន់ធ្ងរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីសង្គមស៊ីវិល អះអាងថា នៅពេលរដ្ឋាភិបាលកម្ពុជា សម្រេចដាក់ចេញនូវវិធានការលក់ទំនិញជូនពលរដ្ឋ ក្នុងស្ថានភាពលំបាកដោយសារតែការផ្ទុះឡើងនៃវីរុស Covid-19 គឺបង្ហាញថា រដ្ឋកំពុងខ្វះខាតថវិកាធ្ងន់ធ្ងរក្នុងអំឡុងពេលនេះ។

នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ នេះថា ក្នុងពេលដែលប្រជាជនកំពុងជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ដោយសារការផ្ទុះឡើងនៃវីរុសCovid-19 រដ្ឋាភិបាល មិនគួរបង្កើតកម្មវិធីជួញដូរជាមួយ ពលរដ្ឋនោះទេ។

លោកអះអាងថា ការលក់ទំនិញឲ្យពលរដ្ឋក្នុងស្ថានភាពនៃការទប់ស្កាត់ជំងឺរាតត្បាតសកលនេះ ទោះក្រោមហេតុផលណាក៏ដោយក៏នៅតែបង្ហាញថា រដ្ឋកំពុងខ្វះថវិកាដែរ ព្រោះថាកិច្ចការដែលរដ្ឋាភិបាលដែលត្រូវធ្វើនៅពេលនេះ គឺរៀបចំគោលនយោបាយអនុគ្រោះនានាទៅដល់ពលរដ្ឋ ដូចជាការផ្តល់ស្បៀង ថវិកា ជួយចេញថ្លៃទឹក និង ថ្លៃភ្លើង ជាដើម។

លើសពីនេះ រដ្ឋាភិបាលក៏មានកាតព្វកិច្ចជួយជំរុញឲ្យវិស័យឯកជននានា តាមលទ្ធភាពជាក់សស្តែង ឲ្យដំណើរការផងដែរ ដោយរដ្ឋាភិបាលគ្រាន់តែគ្រប់គ្រងតម្លៃទំនិញលើទីផ្សារប៉ុណ្ណោះ។

ការអះអាងនេះធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការលក់ទំនិញជូន ពលរដ្ឋតាមតំបន់បិទខ្ទប់ក្រោមហេតុផលថា ដើម្បីជួយសម្រួលការទិញដូរ របស់ពលរដ្ឋដែលអាចរក្សាបានតម្លៃសមរម្យលើទីផ្សារ។

ក្រសួងពាណិជ្ជកម្ម បានដាក់ចេញនូវវិធានការកាលពីថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២១ នេះ ដោយលក់ស្បៀងជូនពលរដ្ឋនៅតំបន់ក្រហមក្នុងតម្លៃសមរម្យ ដូចជា អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខកំប៉ុងនិងមី ជាដើម ដែលបានរៀបចំទីតាំងចំនួន៦ ក្នុងតំបន់ក្រហមក្នុង ទីក្រុងភ្នំពេញ រួមមាន ផ្សារត្រពាំងថ្លឹង ច្រមុះជ្រូកស្ទឹងមានជ័យ និងទីតាំង៤ផ្សេងទៀត ដើម្បីបង្កលក្ខណៈងាយស្រួលដល់ពលរដ្ក្នុងតំបន់ទាំងនោះ។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បានអះអាងនៅថ្ងៃទី២៣ ខែមេសា ក្នុងកម្មវិធីផ្សាយផ្ទាល់ពិសេសដែលរៀបចំឡើងដោយទូរទស្សន៍ជាតិកម្ពុជា ស្ដីពី សកម្មភាព និងលទ្ធផលនៃការអនុវត្តរបស់ក្រសួង និងស្ថាប័នពាក់ព័ន្ធ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺCovid-19 ថា ក្រសួងកំពុងរៀបចំបង្កើនមុខទំនិញឲ្យបានច្រើនប្រភេទថែមទៀត ដើម្បីលក់ជូនប្រជាពលរដ្ឋ ដែលជាតម្រូវការជាក់ស្តែង និងចាំបាច់ ដូចទឹកដោះគោ និងថ្នាំពេទ្យជាដើម។

បែបនេះក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានអះអាង ក្នុងកម្មវិធីផ្សាយផ្ទាល់ពិសេសនេះថា រដ្ឋាភិបាលកម្ពុជា មិនខ្វះស្បៀងចែកជូន ពលរដ្ឋនោះទេ ប៉ុន្តែយន្តការនៃការចែកស្បៀងជូនពលរដ្ឋពិតជាមានការលំបាកណាស់ ព្រោះពលរដ្ឋក្នុងមួយភូមិៗ មិនមែនមានតិចតួចគ្រួសារនោះទេ គឺមានចំនួនដល់ទៅរាប់ពាន់គ្រួសារឯណោះ។

ទោះជាយ៉ាងណាក៏ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសកាលពីដើមខែមេសា ឆ្នាំ២០២១ ថា រដ្ឋាភិបាល នឹងជួយដល់ក្រុមគ្រួសារដែលធ្វើចត្តាឡីស័កក្នុងតំបន់បិទខ្ទប់ក្នុងមួយគ្រួសារ ៣០ម៉ឺនរៀល ប៉ុន្តែការផ្តល់ជូននេះ ត្រូវលោកប្រកាសលុបចោលវិញ ក្រោមហេតុផលថា រដ្ឋាភិបាលគ្មានលុយគ្រប់គ្រាន់សម្រាប់ផ្តល់ជូនប្រជាពលរដ្ឋដែលមានចំនួនរាប់សិបម៉ឺននាក់នោះទេ។

ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន ធ្លាប់បានអះអាងក្ដែងៗកាលពីចុងឆ្នាំ២០២០ ថា រដ្ឋាភិបាល មិនភ័យព្រួយពីការខ្វះខាតថវិកាដើម្បីប្រើប្រាស់ ក្នុងពេលនៃការរីករាលដាលនៃជំងឺCovid-19 នេះទេ ព្រោះថា កម្ពុជា មានមាសដែលបានតម្កល់ទុកដល់ទៅជាង ៣០តោនឯណោះ។

នាយករងទទួលបន្ទុកកិច្ចការតំបន់អាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែន រ៉ៃស៍វច្ឆ (Human Rights Watch) លោក ហ្វីល រ៉ូប៊ើត សុន អះអាងកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ នេះ ថា ការលើកឡើងរបស់ លោក ហ៊ុន សែន គឺជាការនិយាយដោយច្រឡំមាត់ថា មាសទាំងនោះជាមាសរបស់គាត់ តែប៉ុណ្ណោះ តែការពិតមាសទាំងនោះជាមាសរបស់ប្រទេសជាតិ ដែលគាត់មិនអាចយកមកប្រើប្រាស់តាមការនឹកឃើញនោះទេ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស