32 C
Phnom Penh

មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិថា វិធានការដែលរដ្ឋាភិបាលកម្ពុជា អនុវត្ត គឺជាវិធីរបស់រដ្ឋាភិបាលផ្ដាច់ការ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ព្រមានថា ការអនុវត្តផែនការដោយប្រើកម្លាំងយោធា និងប្រើវិធានការច្បាប់ ដែលប្រាស់ចាកពីគោលការណ៍ គោរពសិទ្ធិមនុស្សរបស់កម្ពុជា គឺជារបៀបអនុវត្តរបស់             រដ្ឋាភិបាលផ្ដាច់ការប៉ុណ្ណោះ។

នាយករងទទួលបន្ទុកកិច្ចការតំបន់អាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែន រ៉ៃស៍វច្ឆ (Human Rights Watch) លោក ហ្វីល រ៉ូប៊ើត សុន បានប្រាប់សាព័ត៌មាន The Cambodia Daily ក្នុងកម្មវិធី Idea Talk កាលពីថ្ងៃទី២២ ខែមេសា ថា ការអនុវត្តវិធានការជាក់ស្តែងរបស់រដ្ឋាភិបាលកម្ពុជា កន្លងមក បានបង្ហាញយ៉ាងច្បាស់ថា រដ្ឋាភិបាលកម្ពុជា មិនបានត្រៀមខ្លួនឲ្យបានត្រឹមត្រូវក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសCovid-19 នោះឡើយ ហើយថាការអនុវត្ត ផែនការដោយតក់ក្រហល់នេះ បានក្លាយទៅជាសកម្មភាពរំលោភសិទ្ធិមនុស្សទៅវិញ។

លោក ហ្វីល រ៉ូប៊ើតសុន អះអាងថា វិធានការរបស់ដែលរដ្ឋាភិបាលកម្ពុជា ដែលកំពុងអនុវត្តក្នុងពេលបច្ចុប្បន្ននេះ មិនស្របនឹងគោលការណ៍សិទ្ធិមនុស្សនោះទេ ដូចជាការឃុំមនុស្សឲ្យនៅមួយកន្លែង ដោយមិនបានផ្តល់ស្បៀងអាហារ និងការវាយពលរដ្ឋ ដោយប្រើឧបករណ៍ផ្សេងៗ ជាដើម ជាងនេះទៅទៀតការអនុវត្តសេចក្តីជូនដំណឹងនានា ទៅកាន់ពលរដ្ឋ ក៏មិនបានផ្សព្វផ្សាយឲ្យបានគ្រប់គ្រាន់ និងទូលំទូលាយជាដើម។ លោកបន្តថា ការអនុវត្តផែនការដោយគ្មានភាពច្បាស់លាស់បែបនេះ បានធ្វើពលរដ្ឋបាត់បង់ជំនឿចិត្តលើរដ្ឋាភិបាលយ៉ាងខ្លាំង។

ការអះអាងនេះធ្វើឡើង ដើម្បីរិះគន់លើរដ្ឋាភិបាលកម្ពុជា ដែលបានប្រើវិធានការលើពលរដ្ឋក្នុងតំបន់ដែលបិទខ្ទប់នានា ដោយការដាក់ពិន័យធ្ងន់ធ្ងរ ប្រសិនបើពលរដ្ឋល្មើសការណែនាំរបស់ប្រមុខរដ្ឋាភិបាល។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ បានចេញបទបញ្ជា ឲ្យអាជ្ញាធរតាមគោលដៅក្នុងតំបន់បិទខ្ទប់នីមួយៗត្រូវអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ជាទីបំផុត និងត្រូវចាត់វិធានការលើបុគ្គលដែលល្មើសនឹងការណែនាំរបស់ប្រមុខរដ្ឋាភិបាល ដោយគ្មានករណីលើកលែង។

បទបញ្ជានេះ បានជំរុញឲ្យអាជ្ញាធរមូលដ្ឋានប្រើវិធានការគំរាមកំហែងនានា ដូចជាការវាយប្រជាពលរដ្ឋនឹងដំបងឫស្សី ឬការចាប់វាយខ្នោះបញ្ជូនទៅតុលាការជាដើម ក្រោមហេតុផលល្មើសនឹងការវិធានការ        ច្បាប់។

អ្នកនាំពាក្យសមាគមសិទ្ធិមនុស្សអាដហុក លោក សឹង សែន ករុណា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៣ ខែមេសា នេះថា រដ្ឋាភិបាលគួរតែត្រួតពិនិត្យ ការអនុវត្តរបស់អាជ្ញាធរមូលដ្ឋានដែលកំពុងអនុវត្តបទបញ្ជា ឬវិធានការនានារបស់ប្រមុខរដ្ឋាភិបាល ឡើងវិញ ដើម្បីកែសម្រួលកុំឲ្យមានការអនុវត្តដោយបំពានទៅលើសិទ្ធិរបស់ពលរដ្ឋធ្ងន់ធ្ងរបន្ថែមទៀត។

លើសពីនេះលោក បញ្ជាក់ថា ការដាក់បទបញ្ជា និងវិធានការច្បាប់របស់ប្រមុខរដ្ឋាភិបាលកន្លងមក ហាក់មានភាពបន្ទាន់ពេក ដែលមិនអាចនឹងបន្ទោសពលរដ្ឋថា ពួកគេបានប្រព្រឹត្តល្មើសទៅនឹងវិធានការទាំងនោះ ព្រោះបទបញ្ជា សេចក្តីសម្រេច និងការណែនាំ នានា មិនទាន់ត្រូវបានផ្សព្វផ្សាយ និងពន្យល់ពលរដ្ឋឲ្យបានទូលំទូលាយផង ក៏ចាប់ផ្តើមអនុវត្តភ្លាមតែម្តង។

សេចក្តីសម្រេច អនុក្រឹត្យ និងសេចក្តីណែនាំ នានារបស់រដ្ឋាភិបាលកម្ពុជា ស្ដីពីការទប់ស្កាត់ការរីករាលដាលនៃជំងឺCovid-19 នេះ តែងតែចាប់ផ្តើមអនុវត្តក្រោយការផ្សព្វផ្សាយ ក្នុងរយៈពេល ត្រឹមតែ ៥ ទៅ ៦ ម៉ោងប៉ុណ្ណោះ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស