មេដឹកនាំប្រទេសក្នុងតំបន់ ចាប់ផ្ដើមចាកចេញទៅកាន់ប្រទេសឥណ្ឌូនេស៊ីហើយ នៅថ្ងៃសុក្រនេះ ដើម្បីចូលរួមកិច្ចប្រជុំពិសេស នៃមេដឹកនាំសមាគមអាស៊ាន ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី២៤ មេសា ស្អែកនេះ ក្រោមប្រធានបទ វិបត្តិនៅប្រទេសភូមា។
ក្នុងពេលជាមួយគ្នានេះ ប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកភូមា កំពុងមានវត្តមាននៅក្រុង ចាកាតា គឺដើម្បីស្វែងរកការជួបជាមួយនឹងមេដឹកនាំអាស៊ាន នៅក្រៅពីកិច្ចប្រជុំពិសេសរបស់អង្គការតំបន់មួយនេះ ស្ដីពីស្ថានភាពក្នុងប្រទេសភូមាដែលកំពុងដើរលើផ្លូវដ៏ហិង្សា។
អ្នកនាំពាក្យរបស់អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ គឺលោក Stephane Dujarric និងអ្នកស្រី Christine Schraner Burgenerប្រេសិតពិសេស បាននាំគ្នាធ្វើដំណើរទៅកាន់ទីក្រុងចាកាតាដើម្បី ជួបមេដឹកនាំងអាស៊ាននៅក្រៅកិច្ចប្រជុំ ដែលប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ផ្ដោតលើវិបត្តិនយោបាយនៅភូមា។
តាមលោកឌូចារីក និយាយថាលោកអគ្គលេខាធិការ António Guterres កំពុងជម្រុញឱ្យមេដឹកនាំអាស៊ានជួយកាត់បន្ថយវិបត្តិ និងផ្ដល់ជំនួយមនុស្សធម៌ ជាទ្រង់ទ្រាយធំ ដល់ពលរដ្ឋភូមា ដែលកំពុងរត់ភៀសខ្លួន ទៅកាន់ព្រំដែនភូមាជាប់នឹងប្រទេសថៃនិងឥណ្ឌា។
អ្នកស្រីSchraner Burgener អះអាងថា អ្នកស្រីតែងស្វែងរកការជួបជាមួយមេដឹកនាំយោធាភូមា ប៉ុន្ដែពួកយោធាថាខ្លួនគេមិនទាន់ត្រៀមខ្លួនក្នុងការទទួលអ្នកស្រីនៅឡើយ។
កិច្ចប្រជុំកំពូលអាស៊ាននឹងចាប់ផ្ដើមនៅថ្ងៃសៅរិ៍ក្នុងសប្ដាហ៍នេះ មេដឹកនាំអាស៊ាន២រូបដែលរងការរិះគន់ថាដឹកនាំប្រទេសមានការរំលោភសិទិ្ធមនុស្សធ្ងន់ធឌ្ងរ គឺលោកប្រាយុទ្ធចាន់អូចា នាយករដ្ឋមន្ត្រីថៃនិងលោក Rodrigo Duterte ប្រធានាធិបតីហ្វីលីន មិនបានទៅចូលរួមប្រជុំនោះទេ។ មេដឹកនាំទាំង២រូបនេះ បានប្រាប់ទៅមន្ត្រីជំនិតរបស់ខ្លួនថា ពួកគាត់នៅគ្រប់គ្រងប្រទេស ព្រោះតែប្រទេសធ្លាក់ក្នុងជំងឺកូវីដ១៩ ធ្ងន់ធ្ងរ។
អ្នកវិភាគមួយចំនួនយល់ឃើញថា ការដែលអវត្តមានលោកប្រាយុទ្ធ ជាអតីតមេរដ្ឋប្រហារមួយរូបនៅប្រទេសថៃ គឺជាការបំផ្លាញសមត្ថភាពការប្រជុំ សំដៅទៅរក ការដាក់សម្ពាធលើពួកយោធាភូមាឱ្យឈប់សម្លាប់ជនស៊ីវិល ហើយស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ។
Azmi Hassan អ្នកវិភាគនយោបាយ ម៉ាឡេស៊ីបានបង្ហាញទស្សនៈថា កិច្ចប្រជុំនោះគួរមានការឯកភាពគ្នាថា វត្តមាននៃមេដឹកនាំជាន់ខ្ពស់ក្នុងតំបន់ វាមានសារសំខាន់ណាស់ ក្នុងការបង្ហាញកម្លាំងរួម ជុំវិញវិបត្តិនៅភូមា។
អ្នកវិភាគរូបនេះបន្ដថា ប្រសិនបើកិច្ចប្រជុំនោះមានតែអ្នកតំណាងសិទ្ធដូចជាប្រមុខការទូតមកចូលរួម នោះវាជាសញ្ញាបង្ហាញឲ្យឃើញថា អាស៊ានគ្មានសម្លេងរួមគ្នានោះទេ ក្នុងការធ្វើសេចក្ដីសម្រេចលើករណីប្រទេសភូមា។
របាយការណ៍របស់អង្គការសហប្រជាជាតិបង្ហាញថា ពេលនេះរបបយោធាភូមាបានសម្លាប់បាតុករជាង ៧៣០នាក់ និង ចាប់ខ្លួនពលរដ្ឋជាង៣ពាន់ ៣០០នាក់។ ប៉ុន្តែសមាគមជំនួយអ្នកទោស នៅភូមា បានអះអាងថា បាតុករស្លាប់ដល់ទៅជាង ៨០០នាក់។
រហូតមកទល់ពេលនេះ មានតែមេដឹកនាំព្រុយណេ កម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងវៀតណាម ប៉ុណ្ណោះដែលប្រកាសជាចំហថា ពួកគេនឹងចូលរួមកិច្ចប្រជុំពិសេសនេះ។ ចំណែកប្រហ្វីលីពីន នឹងបញ្ជូនរដ្ឋមន្រ្ដីការបរទេសរបស់ខ្លួន គឺលោក Teodoro Locsin ដែលជាតំណាងឱ្យលោក Duterte ទៅចូលរួមកិច្ចប្រជុំនោះ។
សេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសហ្វីលីពីន បញ្ជាក់ថា អវត្តមានរបស់លោក ឌូទ័រតេ មិនជាបញ្ហាអ្វីនោះទេ ដោយសារតែប្រទេសហ្វីលីពីនបានគាំទ្រជាខ្លាំងរួចហើយ នូវការបើកកិច្ចប្រជុំនេះទោះបីកិច្ចប្រជុំនេះ ពុំមានមេដឹកនាំកំពូលៗចូលរួមគ្រប់ចំនួនក៏ដោយនោះ។
មេដឹកនាំយោធា លោក មីនអ៊ុងឡាំង ត្រូវគេរំពឹងថានឹងទៅចូលរួមកិច្ចប្រជុំនេះដែរ។ អ្នកនាំពាក្យម្នាក់របស់ក្រុមប្រឹក្សាយោធាបានប្រាប់សារព័ត៌មានបរទេសថា លោកមីនអ៊ុងឡាំងបានសម្រេចចិត្តរួចហើយថាត្រូវទៅចូលរួមកិច្ចប្រជុំនេះ។
អាស៊ានប្រកាន់ខ្ជាប់ណាស់នូវគោលនយោបាយ មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង សមាជិកដែលមានបញ្ហាក្នុងប្រទេសរបស់ពួកគេ។ ទោះបី អវត្តមានមេដឹកនាំខ្លះក៏ដោយ ក៏មិនប្រាកដថាកិច្ចប្រជុំនោះបានលទ្ធផលយ៉ាងណានោះទេ។ លោកឌូទ័រតេ មិនទាន់បានថ្លែងសារនយោបាយណាមួយជាក់លាក់ អំពីវិបត្តិនៅក្នុងប្រទេសភូមានោះទេ ចាប់តាំងពីរដ្ឋប្រហារផ្ទុះឡើង នៅថ្ងៃទី១កុម្ភៈ។
រដ្ឋមន្រ្ដីការបរទេសហ្វីលីពីន រូបនេះបានបញ្ជាក់ទៀតថា លោកគាំទ្រយ៉ាងខ្លាំងរួចទៅហើយគំនិតផ្ដួចផ្ដើមទាំងអស់ដែលកើតចេញពីមេដឹកនាំម៉ាឡេស៊ី និងឥណ្ឌូនេស៊ី រួមទាំងអគ្គលេខាធិការនៃសមាគម អាស៊ានដែលត្រូវជួយដោះស្រាយវិបត្តិនៃប្រទេសភូមា។
សម្រាប់មេដឹកនាំកម្ពុជា គឺលោកនាយករដ្ឋមន្រ្ដីហ៊ុនសែន ទោះជាទីក្រុងភ្នំពេញធ្លាក់ក្នុងជំងឺកូវីដធ្ងន់ធ្ងរ ក៏ដោយ ក៏លោកតាំងចិត្តថាត្រូវធ្វើដំណើរទៅចូលរួមប្រជុំនេះដែរ។ លោកបានចាកចេញទៅកាន់ប្រទេសឥណ្ឌូនេស៊ីហើយ នៅរសៀលថ្ងៃសុក្រទី២៣ ខែមេសានេះ។
ប៉ុន្តែលោក Syed Hamid Albar ដែលជាអតីតរដ្ឋមន្រ្តីក្រសួងការបរទេសម៉ាឡេស៊ីរំពឹងថាបើទោះជា ពុំមានការចូលរួមរបស់លោក ប្រាយុទ្ធ ចាន់អូចា និងលោកឌូទើតេ ក៏ដោយ ក៏នឹងមិនធ្វើឱ្យប៉ះពាល់ដល់កិច្ចប្រជុំអាស៊ាននេះដែរ ព្រោះអាស៊ាននៅតែរកសំឡេងរួមមួយបានអោយតែអ្នកចូលរួមមានឆន្ទៈដូចគ្នា ទោះជាប្រតិភូខ្លះមានសិទ្ធមិនគ្រប់គ្រាន់ក៏ដោយ។ លោក Hamid Albar ទទួលស្គាល់ថាអវត្តមានរបស់លោកប្រាយុទ្ធ គឺជាគុណវិបត្តិមួយដោយសារតែប្រទេសថៃនៅជិតនឹងយោធាភូមាជាងគេ។ សារព័ត៌មាន Global Asia បានពិពណ៌នាថា មេដឹកនាំយោធាភូមា និងថៃមានចរិត ដូចគ្នា ។
នៅពេលលោកប្រាយុទ្ធឡើងកាន់អំណាចដោយរដ្ឋប្រហារ គឺលោកប្រាយុទ្ធបានជ្រើសរើសភូមា ជាប្រទេសបរទេសដំបូងគេដែលត្រូវធ្វើទស្សនកិច្ច ដូចគ្នានឹងលោក មីនអ៊ុងឡាំងដែរ គឺនៅពេលលោកឡើងកាន់អំណាចដោយរដ្ឋប្រហារ លោកបានបញ្ចូនអ្នកតំណាងទៅកាន់ប្រទេសថៃមុនគេដែរ ហើយបានទាក់ទងសុំយោបល់ពីលោក ប្រាយុទ្ធអំពីរបៀបគ្រប់គ្រងប្រទេសក្នុងសម័យអន្តរកាលក្រោយរដ្ឋប្រហារ។
អ្នកវិភាគ Oh Ei Sun នៃប្រទេសសិង្ហបុរីយល់ថា វត្តមានមីនអ៊ុងឡាំងពុំបានតំណាងឲ្យប្រជាជន ឬប្រទេសភូមានោះទេ។ វត្តមានលោក មីនអ៊ុងឡាំង គឺដូចជាភាគីចុងចោទមួយប៉ុណ្ណោះ។ កិច្ចប្រជុំនៃមេដឹកនាំអាស៊ាន ដែលនឹងប្រព្រឹត្តទៅនេះ ក៏ជាការផ្ដួចផ្ដើមមួយផងដែរ របស់ប្រទេសចិន ព្រោះចិនប្រឆាំងនឹងការលូកដៃរបស់ សហគមន៍អន្តរជាតិមកពីខាងក្រៅតំបន់អាស៊ាន៕