ក្រុមអ្នកតស៊ូរមតិ ជំរុញឲ្យរដ្ឋាភិបាល និងតុលាការ ត្រូវតែវែកមុខឃាតករពិត លើករណីឃាតកម្ម ឈុត វុទ្ធី និងលោក ជា វិជ្ជា ព្រមទាំងឃាតកម្មលើបណ្ឌិត កែម ឡី និងអ្នកផ្សេងទៀត ដើម្បីផ្តល់យុត្តិធម៌ជូនជនរងគ្រោះ និងជាការស្ដារមុខមាត់រដ្ឋាភិបាល និងប្រព័ន្ធតុលាការនៅកម្ពុជា ឡើងវិញ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ បានសរសេរលើគណនីFacebook របស់លោកនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ នេះថា ករណីឃាតកម្មលើលោក ឈុត វុទ្ធី មានចំណុចសង្ស័យជាច្រើន ដែលពាក់ព័ន្ធនឹងក្រុមហ៊ុនអាជីវកម្មឈើមួយដែលពាក់ព័ន្ធនឹង អ្នកស្រី ហ៊ុន ម៉ាណា កូនស្រីរបស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីកងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធមួយចំនួនទៀត ដែលមិនត្រូវបានវែកមុខ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជារូបនេះ បញ្ជាក់ថា ឃាតកម្មលើ សកម្មជនបរិស្ថាន និងអ្នកការពារសិទ្ធិមនុស្សល្បីៗកន្លងមក បង្ហាញថា ករណីឃាតកម្មទាំងនោះ គឺមានលក្ខណៈជាប្រព័ន្ធ និងមានការគ្រោងទុកជាមុន ដោយមានអ្នករង់ចាំទទួលទោសជំនួស និងបង្កើតព្រឹត្តិការណ៍ក្លែងក្លាយ ដើម្បីលុបព្រឹត្តិការណ៍ពិត ដូចៗគ្នា។
ការអះអាងនេះធ្វើឡើងស្របពេល នៃការប្រារព្ធខួប៩ឆ្នាំ នៃការស្លាប់របស់លោក ឈុត វុទ្ធី ដែលត្រូវឃាតកបាញ់សម្លាប់ដោយអយុត្តិធម៌។
អតីតប្រធានអង្គការ ការពារធនធានធម្មជាតិ លោក ឈុត វុទ្ធី ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២ ក្នុងតំបន់សាងសង់ទំនប់វារីអគ្គិសនីក្រុមហ៊ុនចិន ចំណុចវាលបី ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ពេលដែលលោកចុះទៅស៊ើបអង្កេតបទល្មើសព្រៃឈើខុសច្បាប់នៅតំបន់ជួរ ភ្នំក្រវាញ។
ក្រុមអ្នកសង្កេតការណ៍ រិះគន់ថា លោក ហ៊ុន សែន គឺជាប្រមុខនៃរដ្ឋាភិបាលអបាយមុខ ដែលដឹកនាំជាតិ បណ្តោយឲ្យពលរដ្ឋខ្មែរស្លូតត្រង់ និងក្រុមអ្នកឈឺឆ្អាលបញ្ហាសង្គមជាតិ ដូចជា លោក ឈុត វុទ្ធី និងអ្នកផ្សេងជាច្រើនទៀត ត្រូវបានសម្លាប់យ៉ាងអយុត្តិធម៌ជាបន្តបន្ទាប់ ប៉ុន្តែផ្ទុយទៅវិញ ពួកអ្នកប្លន់ទ្រព្យសម្បត្តិជាតិ ឈ្មួញរកស៊ីឈើខុសច្បាប់ និងឈ្មួញខិលខូចបើកបនល្បែងកាស៊ីណូ ជាច្រើន កំពុងរីកលូតលាស់យ៉ាងខ្លាំង តាំងពីកណ្ដាលទីក្រុងរហូតដល់ជនបទ។
ឃាតកម្មធំៗក្រៅប្រព័ន្ធច្បាប់ ជាច្រើនដែលរដ្ឋាភិបាលកម្ពុជាមិនអាចវែកមុខឃាតកយកទៅផ្តន្ទាទោសរហូតដល់សព្វថ្ងៃ រួមមាន ការសម្លាប់តារាសំដែង អ្នកស្រី ពិសិដ្ឋ ពលីកា នៅឆ្នាំ១៩៩៩ ការសម្លាប់អតីតប្រធានសហជីពសេរីកម្មករលោក ជា វិជ្ជា នៅឆ្នាំ២០០៤ ក្បែរវត្តលង្កាក្នុងទីក្រុងភ្នំពេញ។ ការបាញ់ប្រប្រហារទៅលើព្រះតេជព្រះគុណ សំ ប៊ុនធឿង ក្នុងឆ្នាំ២០០៣ ក្នុងបរិវេណវត្តលង្កាក្នុងរាជធានីភ្នំពេញ។ ឃាតកម្មលើប្រធានអង្គការការពារធនធម្មជាតិលោក ឈុត វុទ្ធី នៅខេត្តកោះកុងក្នុងឆ្នាំ២០១២ និងការសម្លាប់អ្នកស្រាវជ្រាវអំពីការអភិវឌ្ឍន៍សង្គម បណ្ឌិត កែម ឡី កាលពីខែកក្កដា ឆ្នាំ២០១៦។
អ្នកនាំពាក្យរបស់សមាគមការពារសិទ្ធិមនុស្ស អាដហុក លោក សឹង សែនករុណា បានលើកឡើងក្នុងកម្មវិធី Idea Talk កាលពីរាត្រីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ នេះថា ការអនុវត្តការ ការពារសុវត្ថិភាព និងការខកខានមិនបានស្វែងរកយុត្តិធម៌ជូនពលរដ្ឋរងគ្រោះទាំងអយុត្តិធម៌ ក្នុងការបាញ់ប្រហារនានានៅកម្ពុជា កន្លងមកនោះ គឺពិតជាកំហុសរបស់រដ្ឋាភិបាលប្រាកដមែន។
ជាងនេះទៀត លោកថា ពលរដ្ឋខ្មែរ អង្គការសង្គមស៊ីវិល និងស្ថាប័នពាក់ព័ន្ធនានា ក៏មានតួនាទីតាមដាន និងតវ៉ាទាមទារលើបញ្ហានេះផងដែរ ដើម្បីដាស់តឿន និងជំរុញឲ្យរដ្ឋាភិបាលអនុវត្តកាតព្វកិច្ច និងតួនាទីរបស់ខ្លួនដើម្បីស្វែងរកយុត្តិធម៌ ជូនពលរដ្ឋរងគ្រោះទាំងនោះ និងដើម្បីបញ្ចប់អំពើនិទ្ទណ្ឌភាពនៅកម្ពុជា ផងដែរ។
អស់រយៈពេល៩ឆ្នាំមកហើយដែល ក្រុមគ្រួសារ និងសាច់ញាតិរបស់លោក ឈុត វុទ្ធី និងជនរងគ្រោះដទៃទៀត មិនទាន់ទទួលបានយុត្តិធម៌នៅឡើយទេ ខណៈរដ្ឋាភិបាលបានប្រកាសបិទការស៊ើបអង្កេតជុំវិញបញ្ហាទាំងនោះ ដោយបន្សល់ទុកនូវការសង្ស័យជាច្រើន៕