25 C
Phnom Penh

ក្រុមអ្នកតស៊ូរមតិថា ការរីករាលដាលជំងឺCovid-19នៅកម្ពុជា គ្រាន់តែជាCovid-19 ផែនការឥណ្ឌូចិន ប៉ុណ្ណោះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បញ្ញវន្តខ្មែរនៅក្រៅស្រុក សង្ស័យថា Covid-19 នៅកម្ពុជា គឺជាCovid-19 ឥណ្ឌូចិន ប៉ុណ្ណោះ ព្រោះថា សេចក្តីសម្រេចនានារបស់ប្រមុខរដ្ឋាភិបាលកម្ពុជា ស្ដីពីការ បិទ-បើក តំបន់បិទខ្ទប់ ក្នុងអំឡុងនៃការទប់ស្កាត់ជំងឺCovid-19 នោះ មិនបានអនុវត្តតាមគោលការណ៍រក្សាផលប្រយោជន៍ និងសុវត្ថិភាព របស់ពលរដ្ឋនោះឡើយ។

អ្នកវិភាគនយោបាយសង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បានប្រាប់សារព័តមាន The Cambodia Daily នៅថ្ងៃនេះថា វិធានការបិទលឿន និងបើកលឿន អំពីការទប់ស្កាត់ការរីករាលដាលនៃជំងឺCovid-19  របស់លោក ហ៊ុន សែន គឺធ្វើតាមនយោបាយរវើរវាយប៉ុណ្ណោះ ពីព្រោះវិធានការតក់ក្រហល់របស់គាត់ទាំងនោះ មិនបានគោរពតាមលក្ខណៈវិនិច្ឆ័យដ៏ហ្មត់ចត់របស់អ្នកជំនាញវេជ្ជសាស្ត្រនោះទេ។

លោកចាត់ទុកថា ការបិទខ្ទប់ ដោយការផ្តាច់ស្បៀង មិនចែកលុយ ប៉ុន្តែរដ្ឋាភិបាលបែរជាចេញមុខលក់ទំនិញ ឲ្យពលរដ្ឋក្នុងពេលបិទខ្ទប់ និង វាយខ្នោះដាក់ទោស ឬពិន័យជាទឹកប្រាក់ នៅពេលមានអ្នកប្រឆាំងនឹងវិធានការទាំងនោះ គឺជាការដាក់ទណ្ឌកម្មពលរដ្ឋខ្មែរ យ៉ាងធ្ងន់ធ្ងរ។

លោក គឹម សុខ សំដែងការភ័យព្រួយថា នាយករដ្ឋមន្ត្រីកម្ពុជា ទំនងជាប្រើវិធីបិទខ្ទប់នេះដើម្បី ស្ទាបស្ទង់ការរើបម្រះរបស់ពលរដ្ឋខ្មែរ ព្រោះថា ដើម្បីអំណាចខ្លួនឯង លោក ហ៊ុន សែន មិនខ្លាចនឹងលះបង់ជីវិតពលរដ្ឋ ដូចដែលគាត់ធ្លាប់បានធ្វើកន្លងមកនោះទេ។

ទោះជាយ៉ាងណាក៏ដោយ The Cambodia Daily នៅមិនទាន់អាចសុំការបំភ្លឺពីមន្រ្តីរដ្ឋាភិបាលកម្ពុជា បាននៅឡើយទេ ជុំវិញការចោទប្រកាន់នេះ។

ប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន សែន កាលពីថ្ងៃទី២៥ ខែមេសា បានសម្រេចបញ្ចប់បម្រាមគោចរតាមបណ្តាខេត្តនានា លើកលែងតែក្រុងតាខ្មៅ និងរាជធានីភ្នំពេញ ប៉ុណ្ណោះ។

ការអនុញ្ញាតបើកឲ្យដំណើរការចេញ ចូលតាមបណ្តាខេត្តឡើងវិញនេះ ធ្វើឡើងក្រោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន វិលត្រឡប់ពីកិច្ចប្រជុំអាស៊ានវិញភ្លាមៗ កាលពីថ្ងៃទី២៥ ខែមេសា ក្នុងទីក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ី៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស