អតីតប្រធានបក្សប្រឆាំង លោក កឹម សុខា លើកឡើងថា អ្នកដឹកនាំប្រទេសដែលបានគោរពទទួលយក ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ត្រូវមានកាតព្វកិច្ច គោរព និងប្រតិបត្តិឲ្យបានត្រឹមត្រូវនូវតម្លៃព្រះធម៌ នៃព្រះពុទ្ធសាសនា មិនត្រូវធ្វើពិធីសម្ដែងរូបភាពខាងក្រៅនោះទេ គឺត្រូវប្រតិបត្តិ ទាំងកាយ វាចា និងចិត្តឲ្យបានល្អត្រឹមត្រូវពិតប្រាកដ។
អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងរឹតត្បិតសេរីភាព លោក កឹម សុខា បានសរសេរលើទំព័រ Facebook របស់លោកនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ នេះថា ការប្រារព្ធពិធីបុណ្យពិសាខបូជានេះ គឺមិនមែន គ្រាន់តែឲ្យមនុស្សលោកចងចាំថា ថ្ងៃដែលព្រះសម្មាសម្ពុទ្ធ ប្រសូត ត្រាស់ដឹង និងចូលព្រះនិព្វាននោះទេ គឺត្រូវបដិបត្តិតាមមាគ៌ាព្រះពុទ្ធដោយប្រកាន់នូវធម៌អហិង្សាទាំងសកម្មភាព ផ្លូវកាយ ទាំងសម្តី ទាំងចិត្ត ឲ្យបានល្ងផូរផង់តាមពុទ្ធឱវាទ។ លោកអះអាងថា ក្នុងនាមជាពុទ្ធសាសនិក ត្រូវត្រួតពិនិត្យការប្រព្រឹត្តរៀងៗខ្លួនឡើងវិញ ដើម្បីឲ្យដុះចេញនូវធម៌មេត្តា ករុណា ក្តីស្រឡាញ់ អាណិត សម្រាប់សង្គមជាតិទាំងមូល មិនមែនធ្វើអ្វីៗសម្រាប់តែក្រុមគ្រួសារ បក្ខពួក ឬជាការសម្ដែងដើម្បីប្តូរនឹងផលប្រយោជន៍ផ្ទាល់ខ្លួនណាមួយនោះទេ។
ការអះអាងនេះធ្វើឡើងស្របពេលនៃការប្រារព្ធបុណ្យជាតិនៅកម្ពុជា គឺបុណ្យពិសាខបូជាដែលប្រជាពលរដ្ឋខ្មែរអ្នកកាន់ព្រះពុទ្ធសាសនាតែងនាំគ្នាប្រារព្ធជារៀងរាល់ឆ្នាំ។
នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ នេះ ត្រូវនឹងថ្ងៃ ១៥កើត ខែពិសាខ ជារៀងរាល់ឆ្នាំ គ្រប់វត្តអារាមដែលពុទ្ធសាសនិកទាំងព្រះសង្ឃ និងគ្រហស្ថបាននាំគ្នាប្រារព្ធពិធីបុណ្យនេះ នៅទូទាំងប្រទេសតាមទីវត្តអារាមក្នុងតំបន់រៀងៗខ្លួនដើម្បីរំឭកដល់ព្រឹត្តិការណ៍សំខាន់ៗ ៣ក្នុង ថ្ងៃតែមួយ គឺថ្ងៃដែលព្រះពុទ្ធ ទ្រង់ប្រសូត ទ្រង់ត្រាស់ដឹង និងថ្ងៃដែលព្រះអង្គយាងចូលបរិនិព្វាន។
អ្នកវិភាគនយោបាយសង្គម បណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរលើគណនី Facebook របស់លោក នៅថ្ងៃទី២៦ ខែមេសា នេះថា ការបដិបត្តិ តាមទ្រឹស្ដីព្រះពុទ្ធសាសនា គឺត្រូវបដិបត្តិទាំង ការមិននិយាយភូតកុហក ធ្វើទង្វើល្អត្រឹមត្រូវ ការរកស៊ីមិនកេងប្រវ័ញ្ច និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌ ជាដើមគឺជាការជាការកសាងផ្លូវរំដោះខ្លួនចេញពីទុក្ខ។
លោកអះអាងថា មនុស្សអាក្រក់ គឺមនុស្សដែលមានគំនិតអាក្រក់ មានសំដីអាក្រក់ នឹងមានការប្រព្រឹត្តអាក្រក់ ដូច្នេះពួកគេ នឹងមិនអាចមានទំនាក់ទំនងល្អរវាងគ្នា និងគ្នា មិនអាចរស់នៅសុខសន្តិភាពជាមួយគ្នា មិនអាចសហការរួបរួមគ្នា និងមិនអាចសាមគ្គីគ្នាបានទេ។ ជាងនេះទៀត ពួកគេនឹងខំកសាងសុភមង្គលសម្រាប់តែខ្លួនឯងប៉ុណ្ណោះ ដោយមិនខ្វល់ខ្វាយពីសង្គមជាតិរបស់ពួកគេឡើយ ដូច្នេះសង្គមនោះនឹងក្លាយទៅជាសង្គមបែកបាក់ វិនាសអន្តរាយជាមិនខាន។
អ្នកវិភាគនយោបាយសង្គមរូបនេះ បញ្ជាក់ថា មនុស្សល្អ គឺជាក្រុមមនុស្សដែលតែងបដិបត្តិតាមធម៌ព្រះពុទ្ធ ដូច្នេះ ពួកគេនឹងមានទំនាក់ទំនងល្អរវាងគ្នា និងគ្នា រស់នៅសុខសន្តិភាពជាមួយគ្នា សហការរួបរួមគ្នា សាមគ្គីគ្នា នឹងក្លាយទៅជាសង្គមជាតិមួយដែលពោរពេញទៅដោយសុភមង្គល៕