38 C
Phnom Penh

មេដឹកនាំវៀតណាម ទាមទារឲ្យកម្ពុជា ជួយសម្រួលដល់ជនជាតិ វៀតណាម ខុសច្បាប់ដែលកំពុងនៅក្នុងប្រទេសកម្ពុជា បន្តទៀត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយករដ្ឋមន្ត្រីថ្មីនៃប្រទេសវៀតណាម បានស្នើឱ្យប្រមុខរដ្ឋាភិបាលកម្ពុជា បន្តផ្តល់ការគាំទ្រដល់សហគមន៍វៀតណាម ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងការជួយដោះស្រាយឯកសារផ្លូវច្បាប់នានាដើម្បីជួយពួកគេឱ្យមានស្ថិរភាពក្នុងជីវិត ស្របពេលដែលពួកគេកំពុងរស់នៅដោយខុសច្បាប់។

ទីភ្នាក់ងារសារព័ត៌មានវៀតណាម VNA (Vietnamese News Agency) បានចុះផ្សាយថា លោក ហ៊ុន សែន និងនាយករដ្ឋមន្ត្រីវៀតណាម លោក ផាម ម៉ិញជិញ កាលពីថ្ងៃទី២៤ ខែមេសា បានជួបពិភាក្សាគ្នាក្នុងកិច្ចប្រជុំដាច់ដោយឡែកមួយ ក្នុងឱកាសនៃកិច្ចប្រជុំក្រុមមេដឹកនាំអាស៊ាន ក្នុងទីក្រុងចាកាតា ប្រទេសឥណ្ឌូណេស៊ី។

ប្រភពដដែលឲ្យដឹងទៀតថា មេដឹកនាំវៀតណាម លោក ផាម ម៉ិញជិញ បានរំឭកដល់ប្រមុខរដ្ឋាភិបាលកម្ពុជា ថា វៀតណាម តែងតែត្រៀមខ្លួនជួយដល់កម្ពុជា ក្នុងការទប់ស្កាត់ការរាតត្បាតជម្ងឺកូវីដ១៩ ជានិច្ច ក្នុងនោះវៀតណាម បានផ្តល់ថវិកា ៥០ម៉ឺនដុល្លារអាមេរិក រួមជាមួយឧបករណ៍ដកដង្ហើមចំនួន ៨រយ របាំងវេជ្ជសាស្ត្រចំនួន ២លាន និងរបាំង N-៩៥ ចំនួន ៣០ម៉ឺនផងដែរ។

ប្រភពដដែលបញ្ជាក់ថា ក្នុងកិច្ចពិភាក្សានេះ មេដឹកនាំទាំងពីរ បានសាទរចំពោះការផ្លាស់ប្ដូរឯកសារច្បាប់ ដែលបានអនុម័តទទួលស្គាល់សមិទ្ធផល ៨៤ ភាគរយនៃការបោះបង្គោលព្រំដែន ខណៈកិច្ចការដែលនៅសេសសល់ពួកគេសន្យាថា នឹងសហការគ្នាបោះបញ្ចប់បង្គោលទាំងនោះនាពេលខាងមុខ។

លោក ហ៊ុន សែន បានចេញសារាចរណែនាំមួយ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ១៩៨៦ ស្ដីពីការអនុវត្តគោលនយោបាយចំពោះជនជាតិវៀតណាម ដែលបានចូលមករស់នៅកម្ពុជា ដោយផ្តល់ដីធ្លី ទីជម្រក ឧបត្ថម្ភ ផ្តល់អត្តសញ្ញាណប័ណ្ណ ថែរក្សា និងផ្គត់ផ្គង់ ទៅលើជនជាតិវៀតណាម ទាំងនោះដោយយកចិត្តទុកដាក់បំផុត។

កាលពីខែកក្កដា ឆ្នាំ២០០៣ ព្រះបាទនរោត្តម សីហនុ បានចេញព្រះរាជសារមួយទៅកាន់ជនរួមជាតិខ្មែរ ដោយប្រកាសថា ជនអន្តោប្រវេសន្តវៀតណាម ខុសច្បាប់បានចូលទៅរស់នៅកម្ពុជា មានចំនួនដល់ទៅ រាប់លាននាក់ឯណោះ។ លើសពីនេះ អតីតមន្ត្រីស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជា លោក K.L. Bindra បានបង្ហាញរបាយការណ៍ កាលពីខែកញ្ញា ឆ្នាំ២០០៥ ថា កំណើនជនជាតិវៀតណាម ខុសច្បាប់នៅកម្ពុជា មានចំនួនជាង ៤លាននាក់ ក្នុងចំណោមពលរដ្ឋខ្មែរចំនួនជាង ១៣លាននាក់។

ប៉ុន្តែនាយកដ្ឋានអន្តោប្រវេសន្ត នៃក្រសួងមហាផ្ទៃកម្ពុជា បានបញ្ចេញរបាយការណ៍របស់ខ្លួន កាលពីខែមករា ឆ្នាំ ២០១៩ បង្ហាញថា ជនអន្ដោប្រវេសន៍ខុសច្បាប់ មានចំនួនជិត ២០ម៉ឺននាក់ប៉ុណ្ណោះ ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា ដោយក្នុងនោះ ៩០% គឺជាជនជាតិវៀតណាម។

ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៧ ខែមេសា នេះថា លោក ហ៊ុន សែន មិនហ៊ានបដិសេធនឹងការស្នើរសុំរបស់មេដឹកនាំវៀតណាមនោះទេ។

លោកជំរុញឲ្យប្រមុខរដ្ឋាភិបាលកម្ពុជា បដិសេធសំណើនេះជាដាច់ខាត ព្រោះការទទួលយកសំណើនេះកម្ពុជា មានតែខាត ត្បិតនេះជានយោបាយឈ្លានពានមកលើកម្ពុជា តាមរយៈនៃការបង្ហូរពូជសាសន៍របស់ពួកគេតែប៉ុណ្ណោះ។

លោក ម៉ែន ណាត បញ្ជាក់ថា ក្នុងនាមជាប្រមុខរដ្ឋាភិបាលនៃប្រទេសកម្ពុជា ដែលត្រូវការពារបូរណភាពទឹកដីរបស់ខ្លួន មិនត្រូវយល់ព្រមតាមការស្នើសុំណាមួយពីមេដឹកនាំវៀតណាម ជាដាច់ខាត។

ជាងនេះទៀត លោក ហ៊ុន សែន ត្រូវអនុវត្តតាមច្បាប់សញ្ជាតិរបស់កម្ពុជា ដោយចាប់បញ្ជូនជនជាតិវៀតណាម ខុសច្បាប់ទាំងនោះត្រឡប់ទៅវៀតណាមវិញឲ្យខានតែបាន។

លោកបញ្ជាក់ថា ប្រសិនបើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមតាមសំណើនេះ លុះត្រាតែគាត់មានការព្រមព្រៀងសំងាត់ណាមួយដោយសុំការសម្បទានពីមេដឹកនាំវៀតណាម ដើម្បីផលប្រយោជន៍បក្ខពួករបស់គាត់ និងក្រុមគ្រួសារគាត់ ឬដើម្បីអំណាចផ្ទាល់ខ្លួនជាដើម ព្រោះការទទួលយកសំណើនេះ សម្រាប់កម្ពុជា មានតែខាតប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស