អ្នកឃ្លាំមើលសង្គម លើកឡើងថា រឿងមួយដែលរដ្ឋាភិបាលកម្ពុជា គួរគិតដល់នោះ គឺអ្នកឆ្លងជំងឺCovid-19 មិនមែនជាមនុស្សដែលមានកំហុសនោះទេ ហើយក៏មិនគួរត្រូវបានគេដាក់ទណ្ឌកម្មនោះដែរ។
អ្នកស្រាវជ្រាវអំពីអភិវឌ្ឍសង្គម បណ្ឌិត មាស នី បានសរសេរលើគណនី Facebook របស់លោក នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ នេះថា ក្រៅពីការជួយព្យាបាល រដ្ឋាភិបាលមានតួនាទី ត្រូវជួយឧបត្ថម្ភដល់អ្នកជំងឺទាំងនោះនៅពេលពួកគេនៅមានជីវិត ជាងនេះទៀត ក្នុងករណីយដែលពួកគាតត្រូវបាត់បង់ជីវិត ក៏ត្រូវមានការរៀបចំទុកដាក់បូជាសព ឲ្យបានសមរម្យទៅតាមប្រពៃណីយខ្មែរផងដែរ។
បណ្ឌិត មាស នី អះអាងថា អ្នកជំងឺទាំងនោះពេលស្លាប់ទៅ មិនមានបងប្អូននៅក្បែរទេ ដូច្នេះស្ថាប័នពាក់ព័ន្ធ ទទួលបន្ទុកក្នុងការរៀបចំបូជាសព សូមមេត្តាផ្តល់នូវតម្លៃជាប្រពៃណីជូនពួកគាត់ផង ចៀសវាងការគ្រាន់តែយកសពចេញពីមន្ទីរពេទ្យរួចដឹកយកទៅដុតចោលដូចគល់ឈើ ដែលធ្លាប់កើតមានដូចជាករណីខ្លះកន្លងមក។
ការអះអាងនេះធ្វើឡើងបន្ទាប់ពីប្រមុខរដ្ឋាភិបាលកម្ពុជា បានចេញវិធានការម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ការចម្លងនៃវីរុសCovid-19ដែលកំពុងផ្ទុះឡើងក្នុងសហគមន៍យ៉ាងធ្ងន់ធ្ងរ ក្រោយព្រឹត្តិការណ៍សហគមន៍ ២០កន្លងទៅនោះ។
លោក ហ៊ុន សែន បានចេញបទបញ្ជាកាលពីដើមខែមីនា ឆ្នាំ២០២១ នេះ ឲ្យមន្ត្រីរដ្ឋាភិបាលតាមបណ្តាខេត្តនីមួយៗ រៀបចំទីបច្ឆាមរណៈ បូជាសាកសព និងទីតាំងកប់សព អ្នកដែលស្លាប់ដោយសារជំងឺCovid-19 ដើម្បីបញ្ចៀសការចម្លងទៅអ្នកដទៃបន្ថែមទៀត។
លោក ហ៊ុន សែន បានចេញសេចក្តីសម្រេចបន្ទាន់មួយកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ ដោយសម្រេចបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ រយៈពេល ៧ថ្ងៃ បន្ថែមទៀតដោយគិតចាប់ពីថ្ងៃទី២៨ ខែមេសា រហូតដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ដើម្បីបន្តការទប់ស្កាត់នៃការវិវត្តន៍ ការរីករាលដាលនៃជំងឺCovid-19។
ក្នុងការពន្យារការបិទខ្ទប់នេះ ប្រមុខរដ្ឋាភិបាលកម្ពុជា បានបែងចែក តំបន់ដែលកំពុងបិទខ្ទប់ទាំងនោះទៅជា ៣ប្រភេទ គឺតំបន់ក្រហម សំដៅដល់ទីតាំងដែលកំពុងឆ្លងវីរុស Covid-19ធ្ងន់ធ្ងរ តំបន់លឿងទុំ គឺជាកន្លែងដែលមានការឆ្លងក្នុងកម្រិតមធ្យម និងតំបន់លឿង សំដៅដល់ទីកន្លែងដែលមានការចម្លងវីរុសCovid-19 កម្រឹតស្រាល។
យ៉ាងណាក៏ដោយ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ បានអះអាងថា រដ្ឋបាលរាជធានីភ្នំពេញ មិនទាន់បានកំណត់ផែនទីផ្លូវការណាមួយស្ដីពីការបែងចែក តំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង នៅឡើយទេ។
ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានរបស់ខ្លួននៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ នេះថា ក្រសួង បានរកឃើញអ្នកវិជ្ជមានវីរុសCovid-19ថ្មីចំនួន ៥០៨នាក់ និងអ្នកជាសះស្បើយថ្មីមានចំនួន ១២៧នាក់ ដោយឡែកអ្នកស្លាប់ថ្មីមានចំនួន ៣នាក់ផងដែរ។ ក្រសួងបញ្ជាក់ថា អ្នកឆ្លងសរុបបានកើនឡើងដល់ជាង ១ម៉ឺន ១ពាន់នាក់ហើយ ចំណែកអ្នកជាសះស្បើយសរុបមានចំនួនត្រឹមតែជាង ៣ពាន់ប៉ុណ្ណោះ ខណៈអ្នកកំពុងព្យាបាលសរុបមានចំនួនជាង ៧ពាន់នាក់ និងអ្នកស្លាប់បានកើនឡើងដល់ ៨២នាក់ហើយ៕