30 C
Phnom Penh

ក្រុមយុវជនរកឃើញបទល្មើសទ្រង់ទ្រាយធំប្រមាណ ១០០ករណី ថ្មីទៀតក្នុងដែនជម្រកសត្វព្រៃ ព្រះរកា នៃខេត្តព្រះវិហារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមយុវជនបានរកឃើញបទល្មើសចំនួនជាង ១០០ករណី ថ្មីទៀតដែលបានកើតឡើងនៅក្នុងដែនជម្រកសត្វព្រៃព្រះរកា ក្នុងទឹកដីខេត្តព្រះវិហារ កាលពីពេលថ្មីៗនេះ។

សមាគមបណ្ដាញយុវជនកម្ពុជា (CYN) បានបង្ហោះសារតាមទំព័រ Facebook នៅថ្ងៃទី២៧ ខែមេសា ថា ក្នុងដំណើរបេសកកម្មរបស់ក្រុមយុវជន ចម្ងាយផ្លូវ ៦០គីឡូម៉ែត្រ ពីស្រុកឆែប ដល់ព្រៃព្រះរកា ដើម្បីប្រមូលភស្តុតាង និងទិន្នន័យ គឺពួកគេបានរកឃើញបទល្មើសកាប់បំផ្លាញព្រៃឈើកម្រ និងមានទំហំធំៗដែលមានមុខកាត់ចាប់ពីជាង ៤តឹក រហូតដល់ជិត ២ម៉ែត្រ ក្នុងព្រៃព្រះរកា។

ក្រុមយុវជន បានបញ្ជាក់ទៀតថា ប្រភេទឈើកម្រដែលរងការកាប់បំផ្លាញភាគច្រើនរួមមាន ស្ទៀង សុក្រំ ឈើទាល ដួងចែម ពពេល ផ្តៀក ត្រាច ត្រសេក និងកកោះ ជាដើម។ កាលពីខែមីនា ឆ្នាំ ២០២១ កន្លងទៅ ក្រុមយុវជនរកឃើញបទល្មើសចំនួនជាង ១រយ ( ១០០) ករណី សរុបជាង ២រយករណី ឬស្មើបាត់បង់ឈើចំនួនជាង ២រយ ដើម។

ករណីបទល្មើសព្រៃឈើនេះដែរ មន្ត្រីសង្គមស៊ីវិល និងសហគមន៍ សង្កេតឃើញថា បទល្មើសកាន់តែកើនឡើងច្រើន ក្នុងពេលអាជ្ញាធររារាំង និងបិទសិទ្ធិប្រជាសហគមន៍មិនឱ្យល្បាតព្រៃ។ រីឯក្រសួងបរិស្ថាននៅតែបណ្តែតបណ្តោយ ឱ្យបទល្មើសព្រៃឈើកើតឡើងដដែលៗ គ្មានភាពច្បាស់លាស់ក្នុងការអនុវត្តច្បាប់ព្រៃឈើ។

អង្គការ (Global Initiative) ដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែ (Geneva) បានផ្សាយរបាយការណ៍ស្រាវជ្រាវថ្មីមួយរកឃើញថា កម្ពុជា បានបាត់បង់ព្រៃឈើអស់ជាងកន្លះលានហិកតារ ក្នុងមួយទសវត្សចុងក្រោយនេះ។ ការថយចុះពីទំហំព្រៃឈើដ៏ធំសម្បើមនេះ  ដោយសារ រដ្ឋាភិបាលវិនិយោគដីសម្បទានសេដ្ឋកិច្ច ឱ្យក្រុមហ៊ុនឯកជន។

សមាគមបណ្ដាញយុវជនកម្ពុជា (CYN ) ផ្តល់អនុសាសន៍ថា ក្រសួបរិស្ថាន និងអាជ្ញាធរពាក់ព័ន្ធគួរពិនិត្យ និងពិចារណាបញ្ឈប់ការរឹតត្បិតសិទ្ធិសេរីភាព ព្រមទាំងបើកចំហ សហគមន៍មូលដ្ឋានសកម្មជនអ្នកស្រឡាញ់ព្រៃឈើ និងសាធារណជន អាចចូលរួមល្បាតព្រៃការពារអភិរក្ស និងថែរក្សាព្រៃឈើ ស្របតាមរដ្ឋធម្មនុញ្ញ ដើម្បីចូលរួមការពារព្រៃឈើឱ្យបានគង់វង្ស៕ 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស