33 C
Phnom Penh

ចិនប្រតិកម្មខ្លាំងដាក់អូស្ត្រាលី ដោយទាមទារអោយគោរពគោលនយោបាយចិនតែចំពោះតៃវ៉ាន់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រទេសចិនបានស្នើដល់ប្រទេសទាំងអស់នៅលើពិភពលោក អោយប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែ ដែលប្រទេសមហាយក្សមួយនេះ បានកំណត់ ដូចនេះដើម្បីដាក់ចុះទៅលើ ដែនកោះតៃវ៉ាន់ ដោយចិនចាត់ទុកថា ជាខេត្តរបស់ខ្លួន។

ចិនបានព្យាយាមកាន់កាប់កោះដែនកោះមួយនេះរយៈពេលជាង៧០ឆ្នាំមកហើយ តាំងពីដែនកោះមួយនេះបានបំបែកខ្លួនអំឡុងបក្សកុម្មុយនិស្តចិនឈ្នះក្នុងសង្រ្គាមស៊ីវិល ឆ្នាំ១៩៤៩ ចូលកាន់កាប់រដ្ឋធានីប៉េកាំង។

គោលបំណងរបស់ចិនមិនចង់អោយប្រទេសទាំងអស់ មានទំនាក់ទំនងនឹងកោះតៃវ៉ាន់ទោះជាត្រឹមស្ថានកុងស៊ុលពាណិជ្ជកម្មក៏ដោយ។

ប៉ុន្តែគោលនយោបាយចិនតែមួយនេះ មិនត្រូវបានគោរម៉ត់ចត់ ចំពោះប្រទេសណាដែល នៅតែទទួលស្គាល់ថា ដែនកោះតៃវ៉ាន់ គឺជារដ្ឋអធិបតេយ្យមួយនៅអាស៊ីខាងកើត។

នៅថ្ងៃទី២៧មេសានេះ ប្រទេសចិន តាមរយៈអ្នកនាំពាក្យ ក្រសួងការបរទេស បានទាមទារអោយ ប្រទេសអូស្ត្រាលីអនុវត្ត អោយបាននូវគោលនយោបាយចិនតែមួយ ដែលគេហៅថា “One China” policy ។

ចិនព្រមានអូស្ត្រាលីថា បើចង់រក្សាបាននូវទំនាក់ទំនងល្អជាមួយចិនបន្តទៀតគឺទីក្រុងកង់បេរ៉ា គោរពឡើងវិញ ប្រព័ន្ធគ្រប់គ្រងរបស់ចិន ដាក់ទៅលើដែនកោះតៃវ៉ាន់ គឺគោលនយោបាយចិនតែមួយ។

តាមបណ្ដាញផ្សាយព័ត៌មានABC ការដែលចិន ប្រតិកម្មដូចនេះ បន្ទាប់ពី រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី Peter Dutton បាននិយាយកាលពីថ្ងៃអាទិត្យទី២៥ ខែមេសាថា ជម្លោះ ចិន ជាមួយកោះតៃវ៉ាន់មិនគួរអោយកើតមាននោះទេ។

Peter Dutton បានហៅ ចលនារបស់កងទ័ពចិន ដែលហោះយន្តហោះ ចូលដែនអាកាសតៃវ៉ាន់ គឺច្បាស់ណាស់ដែលថាក្រុងប៉េកាំងពិតជាមានផែនការសម្រេចនូវគោលដៅ ប្រមូលដែនកោះ នៃកោះតៃវ៉ាន់នេះ អោយមកនៅក្រោមការគ្រប់គ្រងរបស់ក្រុងប៉េកាំង បើទោះបីជាតៃវ៉ាន់ មិនប្រឆាំងក៏ដោយ។ តាមលោករដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី ចិន ចង់បង្កសង្រ្គាម ដើម្បីវាយកាន់កាប់កោះតៃវ៉ាន់ដែលលោកព្រមានថា មិនគួរកើតមាននូវការធ្វើចលនាដើម្បីបង្កតានតឹងនោះទេ។

អ្នកនាំពាក្យក្រសួងការបរទេសចិន Wang Wenbin បាននិយាយថា ចិនស្វែងរកការបង្រួបបង្រួមដោយសន្តិវិធី។ លោកទទូចអោយប្រទេសអូស្ត្រាលី អនុវត្តនូវការមិនជ្រៀតជ្រែក ចូលបញ្ហារបស់ចិន ជាមួយកោះតៃវ៉ាន់ហើយ ព្រមានថា ក្រុងកង់បេរ៉ា នឹងប្រឈមនឹងការឆ្លើយតបពីប្រទេស ចិន។

តាមអ្នកនាំពាក្យ ក្រសួងការបរទេសចិន រូបនេះ គឺទីក្រុងកង់បេរ៉ា ត្រូវ វិលមករកសហប្រតិបត្តិការជាមួយចិនវិញដោយ ទុកចោល ការយកបញ្ហាតៃវ៉ាន់មកលានត្រដាងជាមួយចិន។ ទំនាក់ទំនងអូស្រ្ដាលី និងចិនចាប់ផ្ដើមតានតឹងតាំងពីប្រទេសអូស្រ្ដាលី រករឿងចិនដោយសារតែការផ្ទុះមេរោគកូរ៉ូណា នៅក្នុងទីក្រុងអ៊ូហាន ប្រទេសចិន កាលពីចុងឆ្នាំឆ្នាំ២០១៩ ដែលទីក្រុងកុងបេរ៉ាចោទចិនធ្វេសប្រហែសបណ្ដោយ              ឱ្យមេរោគនេះរីករាលដែលពាសពេញពិភពលោក។

ដោយសារតែរឿងនេះ ចិនក៏បានបញ្ឆេះសង្គ្រាមពាណិជ្ជកម្មជាមួយនឹងទីក្រុងកង់បេរ៉ា ដោយទីក្រុងប៉េកាំង កាត់បន្ថយការនាំផលិតផលដែកស្មិត និងផលិតផលសាច់គោពីទីក្រុងកង់បេរ៉ាផងដែរ។

ចំពោះគោលនយោបាយចិនតែមួយដែលទីក្រុងប៉េកាំងបានស្នើឱ្យបណ្ដាប្រទេសនៅលើពិភពលោកគោរព និងអនុវត្តនោះ គឺមិនត្រឹមតែប្រទេសអូស្រ្ដាលីនោះទេ ដែលមិនប្រកាន់ខ្ជាប់តាមការស្នើសុំរបស់ចិនគឺមានប្រទេសជាច្រើនទៀតមិនបានអនុវត្តត្រឹមត្រូវនោះទេ។

ប្រទេសឥណ្ឌា ជប៉ុន សហភាពអឺរ៉ុប ប្រទេសមួយចំនួននៅអាមេរិកឡាទីន នៅទ្វីបអាហ្រ្វិក នៅតែបន្ដមានទំនាក់ទំនងជាមួយនឹងកោះតៃវ៉ាន់ ដែលប្រទេសខ្លះ មានរហូតដល់ទៅបើកស្ថានទូតពេញសមត្ថភាពជាមួយនឹងដែនកោះតៃវ៉ាន់ទៀតផង។

សម្រាប់សហរដ្ឋអាមេរិក បើទោះជាពុំមានស្ថានទូតរបស់តៃវ៉ាន់លើទឹកដីរបស់អាមេរិកមែនក៏ដោយ គឺអាមេរិកចាត់ទុកស្ថានកុងស៊ុលរបស់តៃវ៉ាន់ គឺមានលក្ខណៈគ្រប់គ្រាន់ តំណាងអធិបតេយ្យភាពរបស់តៃវ៉ាន់គឺប្រហាក់ប្រហែលនឹងស្ថានទូតមួយដែរ។ គេនៅចាំបានថា នៅពេលដែលលោកចូបាយដិស្បថចូលកាន់តំណែងប្រធានាធិបតីអាមេរិកលើកទី៤៦ កាលពីថ្ងៃទី២០មករា ឆ្នាំ២០២១ គឺមន្រ្ដីទូតរបស់                     កោះតៃវ៉ាន់ម្នាក់ ត្រូវបានអញ្ជើញឱ្យមកចូលរួម ក្នុងកម្មវិធីនោះដែលធ្វើឱ្យចិនប្រតិកម្មជាខ្លាំង។

ឥឡូវនេះ មិនមែនមានតែអូស្រ្ដាលិទេដែលកំពុងព្រមានចិនកុំឱ្យបង្កសង្គ្រាមវាយលុកចូលដែនកោះតៃវ៉ាន់ គឺសហរដដ្ឋអាមេរិកក៏បានចេញមុខជាងគេប្រឆាំងនឹងចិន ហើយឥណ្ឌាជប៉ុនសហភាពអឺរ៉ុបក៏ប្រឆាំងនឹងផែនការរបស់ចិនចង់បង្កសង្គ្រាមលើដែនកោះតៃវ៉ាន់នោះផងដែរ។

សម្រាប់អូស្រ្ដាលីថ្មីៗនេះបានប្រកាសថា នឹងបញ្ជូនកងទ័ពនាវាទៅកាន់កោះតៃវ៉ាន់ដើម្បីឃ្លាំមើលចលនាកងទ័ពរបស់ប្រទេសចិនដែលត្រៀមចូលកាន់កាប់កោះតៃវ៉ាន់នោះ។ សហរដ្ឋអាមេរិក អូស្រ្ដាលី ឥណ្ឌា និង ជប៉ុនបានសន្យារួមគ្នាថា នឹងចូលពាក់ព័ន្ធជម្លោះតៃវ៉ាន់និងចិនក្រោមការការពារតំបន់ឥណ្ឌូប៉ាស៊ីហ្វិកប្រកបដោយសន្ដិភាពនិងស្ថេរភាព។ ចិនប្រកាសថាយុទ្ធសាស្រ្ដចតុភាគីនេះគឺជាការបំផ្លាញនិងជ្រៀតជ្រែកចូលកិច្ចការតំបន់ដែលចិនមិនអាចទទួលយកបានឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស